អ៊ីរ៉ង់ឆេះដុំក្រោយទទួលការស្តីបន្ទោសពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖
កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (AIEA) បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីស្តីបន្ទោសអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលគេសង្ស័យថា ធ្វើឡើងក្នុងគោលដៅយោធា។ ឆ្លើយតបមកវិញ អ៊ីរ៉ង់បានគំរាមប្តឹង AIEA ជុំវិញការផ្សព្វផ្សាយឈ្មោះអ្នកវិទ្យាសាស្រ្តអ៊ីរ៉ង់ ក្នុងរបាយការណ៍នុយក្លេអ៊ែរ កាលពីថ្ងៃទី៨ វិច្ឆិកា កន្លងទៅ។
ក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាល AIEA ទាំង ៣៥ប្រទេស មានប្រទេសចំនួន ៣២ ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចស្តីបន្ទោសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ម្សិលមិញ។ ចិន និងរុស្ស៊ី ក៏ស្ថិតក្នុងចំណោមប្រទេសដែលបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះដែរ។
ក្រៅពីបានស្តីបន្ទោសអ៊ីរ៉ង់ AIEA ក៏បានទាមទារផងដែរឲ្យអ៊ីរ៉ង់ឆ្លើយបំភ្លឺ ចំពោះចំណុចសង្ស័យ ជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលគេសង្ស័យថាធ្វើឡើងក្នុងគោលដៅយោធា។ ក៏ប៉ុន្តែ ដោយសារតែមានការជំទាស់ពីរុស្ស៊ី និងចិន ទីភ្នាក់ងារ AIEA មិនបានកំណត់ពេលវេលាច្បាស់លាស់ថា អ៊ីរ៉ង់ត្រូវឆ្លើយបំភ្លឺចំណុចនេះឲ្យបានក្នុងរយៈពេលប៉ុន្មាននោះទេ។ ម្យ៉ាងទៀត AIEA ក៏មិនបានសម្រេចបញ្ជូនសំណុំរឿងអ៊ីរ៉ង់នេះ ទៅឲ្យក្រុមប្រឹក្សាសន្តិសុខនោះដែរ។
គួររំឭកឡើងវិញថា កាលពីថ្ងៃទី៨ វិច្ឆិកា ២០១១ កន្លងទៅនេះ ទីភ្នាក់ងារ AIEA បានចេញផ្សាយរបាយការណ៍មួយ បង្ហាញថា អ៊ីរ៉ង់បានអភិវឌ្ឍ ព្រមទាំងធ្វើការសាកល្បងលើបច្ចេកវិទ្យាមួយចំនួន ដែលជាបច្ចេកវិទ្យានុយក្លេអ៊ែរយោធាសុទ្ធសាធ ដូចជា ការសាកល្បងផលិតឆ្នួនបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាដើម។
ឆ្លើយតបនឹងការស្តីបន្ទោសនេះ អ៊ីរ៉ង់បានវាយប្រហារតបវិញ ដោយចោទប្រកាន់អគ្គនាយក AIEA គឺលោកយូគីយ៉ា អាម៉ាណូ (Yukia Amano) ថា បានផ្សព្វផ្សាយឈ្មោះអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងរបាយការណ៍ កាលពីថ្ងៃទី៨ វិច្ឆិកា។ អ៊ីរ៉ង់បានរំឭកថា កន្លងមក មានអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣នាក់ហើយ ដែលត្រូវគេលបធ្វើឃាត។ ដូច្នេះ ទីភ្នាក់ងារ AIEA នឹងជាអ្នកទទួលខុសត្រូវ ប្រសិនបើមានបញ្ហាអ្វីកើតឡើងចំពោះបុគ្គល ឬទៅលើក្រុមគ្រួសារអ្នកវិទ្យាសាស្រ្តអ៊ីរ៉ង់ ដែលមានឈ្មោះក្នុងរបាយការណ៍នេះ។
គួរបញ្ជាក់ថា នៅឯទីក្រុងញូវយ៉កឯណោះវិញ មហាសន្និបាតអ.ស.ប.ក៏បានអនុម័តសេចក្តីសម្រេចមួយដែរ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ទាក់ទងនឹងសំណុំរឿងអ៊ីរ៉ង់ ក៏ប៉ុន្តែ លើកនេះ គឺទាក់ទងនឹងបទសង្ស័យថា អ៊ីរ៉ង់គ្រោងលបធ្វើឃាតមន្រ្តីទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំសហរដ្ឋអាមេរិក។ មហាសន្និបាតអ.ស.ប.ទាមទារឲ្យអាជ្ញាធរអ៊ីរ៉ង់សហការបើកការស៊ើបអង្កេតលើករណីសង្ស័យនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ