អ៊ីរ៉ង់ការពារបច្ចេកវិទ្យាកាំជ្រួចរបស់ខ្លួនប្រឈមនឹងការរិះគន់របស់អឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ឆ្លៀតពេលមានវត្តមានប្រមុខការទូតអឺរ៉ុប ក្នុងប្រទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកម៉ូហាម៉ាត ចាវ៉ាដ ហ្សារីហ្វ បានរិះគន់ជំហររបស់បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលថ្មីៗនេះបានថ្កោលទោសអ៊ីរ៉ង់ ក្នុងការដែលអ៊ីរ៉ង់បានបាញ់កាំជ្រួចបញ្ជូនផ្កាយរណប កាលពីថ្ងៃ២៧កក្កដាកន្លងទៅ។
នៅទីក្រុងតេហេរ៉ង់ ថ្ងៃសៅរ៍នេះ លោកស្រីហ្វេដេរីកា ម៉ុកហេរីនី Federica Mogherini ជាប្រមុខការទូតអឺរ៉ុប មានវត្តមានក្នុងពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី។ ឆ្លៀតពេលនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គឺលោកចាវ៉ាដ ហ្សារីហ្វ បានបង្ហាញជំហរការពារបច្ចេកវិទ្យាកាំជ្រួចរបស់អ៊ីរ៉ង់ និងបានរិះគន់ជំហរបារាំង អង់គ្លេស និងអាល្លឺម៉ង់ដែលបានថ្កោលទោសអ៊ីរ៉ង់ ថ្មីៗនេះ ចំពោះការដែលអ៊ីរ៉ង់បានបាញ់កាំជ្រួច កាលពីថ្ងៃ២៧កក្កដា។
ថ្ងៃ២៧កក្កដា អ៊ីរ៉ង់បានសាកល្បងជើងបង្ហោះផ្កាយរណប ដែលអាចផ្ទុកផ្កាយរណបទំងន់២៥០គីឡូក្រាម បាញ់បានរយៈកម្ពស់៥០០គីឡូម៉ែត្រ។ អ៊ីរ៉ង់ក៏បានបើកសម្ពោធមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជាលើកដំបូងដែរ នៅខែត្រសិមណាន់ Semnan ភាគខាងកើតប្រទេស។ អាមេរិកបានបង្ហាញការសង្ស័យភ្លាមៗថា អ៊ីរ៉ង់អាចលួចប្រើប្រព័ន្ធបាលីស្ទិក តាមរយៈការសាកល្បងនេះ។ អាមេរិកចោទអ៊ីរ៉ង់ថា បានធ្វើសកម្មភាពផ្គើន។ បារាំង អង់គ្លេស និងអាល្លឺម៉ង់បានគាំទ្រអាមេរិក ក្នុងការដាក់លិខិតផ្ញើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សុំអោយអង្គការសហប្រជាជាតិបញ្ចេញប្រតិកម្មប្រឆាំងអ៊ីរ៉ង់។
ថ្ងៃសៅរ៍នេះ ពេលប្រមុខការទូតអឺរ៉ុបមានវត្តមាននៅទីក្រុងតេហេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកហ្សារីហ្វ បានរិះគន់ជំហររបស់ប្រទេសអឺរ៉ុបទាំង៣នេះ។ លោកបានគូសបញ្ជាក់ឡើងវិញថា ការបាញ់មីស៊ីលបាលីស្ទីក និងការសាកល្បងជើងបង្ហោះផ្កាយរណប មិនបានដើរផ្ទុយពីសេចក្តីសម្រេចលេខ២២៣១ របស់អង្គការសហប្រជាជាតិទេ។ សេចក្តីសម្រេច២២៣១ តំរូវអោយអ៊ីរ៉ង់បញ្ឈប់សកម្មភាពទាកទងការអភិវឌ្ឍន៍មីស៊ីល ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ សម្រាប់លោកហ្សារីហ្វ ការដែលបារាំង អង់គ្លេស និងអាល្លឺម៉ង់គាំទ្រជំហរអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ គឺជាការដើរខុសទិស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ