អ៊ីរ៉ង់សង្ឃឹមថានឹងរកឃើញកិច្ចព្រមព្រៀងមួយជាមួយ AIEA ស្តីពីកម្មវិធីនុយក្លេអ៊ែរ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអង្គារ ទី១៥ មករានេះ ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ដោយក្តីសង្ឃឹមថា នឹងរកឃើញកិច្ចព្រមព្រៀងរួមមួយជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA នៅក្នុងកិច្ចប្រជុំនាថ្ងៃពុធ ទី១៦ មករាស្អែក។ គោលដៅនៃកិច្ចប្រជុំ គឺដើម្បីបិទបញ្ចប់គ្រប់ភាពមន្ទិលសង្ស័យជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
គឺអាដ៍កំបំាងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះហើយ ដែលបានធ្វើឲ្យសំណុំរឿងដ៏ចម្រូងចម្រាសមួយនេះបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន។ តែនៅក្នុងកិច្ចប្រជុំរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA ក្នុងទីក្រុងតេអេរ៉ង់នាថ្ងៃពុធស្អែក ទីក្រុងតេអេរ៉ង់សង្ឃឹមថានឹងរកឃើញកិច្ចព្រមព្រៀងរួមមួយ នេះជាការថ្លែងរបស់លោក Ramin Mehmanparast អ្នកនំាពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់។ នៅក្នុងកិច្ចប្រជុំនោះ ក្រុមអធិការរបស់ AIEA នឹងបន្តព្យាយាមនិយាយបញ្ចុះបញ្ចូលភាគីអ៊ីរ៉ង់ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយ ដែលអនុញ្ញាតឲ្យ AIEA អាចបន្តការងារស៊ើបអង្កេតរបស់ខ្លួនជុំវិញភាពមន្ទិលសង្ស័យមួយចំនួនទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ពិសេសចង់ដឹងអំពីគោលដៅពិតប្រាកដរបស់របបទីក្រុងតេអេរ៉ង់។ សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ទីក្រុងតេអេរ៉ង់បានបដិសេធនូវសំណើមួយចំនួនរបស់ AIEA ដោយយល់ឃើញថា មានសំណើខ្លះបានឃ្លាតឆ្ងាយពីកាតព្វកិច្ចរបស់ AIEA នៅក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាមិនសាយភាយនុយក្លេអ៊ែរ។
នៅលើកនេះទៀត អ្នកនំាពាក្យក្រសួងការបទេសអ៊ីរ៉ង់ លោក Ramin Mehmanparast បានបញ្ជាក់ជាថ្មីដោយដាក់លក្ខខណ្ឌថា ទីក្រុងតេអេរ៉ង់អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយអនុញ្ញាតឲ្យ AIEA អាចបន្តស៊ើបអង្កេតជុំវិញភាពមន្ទិលសង្ស័យរបស់ខ្លួនពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បាន លុះត្រាណាតែ AIEA ទទួលស្គាល់ពីសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការបំពាក់នុយក្លេអ៊ែរ។ ទន្ទឹមគ្នានេះ លោក Ramin Mehmanparast ក៏បានបញ្ជាក់ផងដែរថា ទីក្រុងតេអេរ៉ង់នឹងមិនអនុញ្ញាតឲ្យក្រុមអធិការ AIEA ចូលទៅពិនិត្យមូលដ្ឋានយោធា Parchin ទេ ព្រោះបើតាមលោក Ramin មូលដ្ឋានយោធា Parchin គ្មានជាប់ពាកព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរទេ។ តែបញ្ហានៅត្រង់ថា AIEA បានសង្ស័យលើអ៊ីរ៉ង់ពីបទបានលួចធ្វើការសាកល្បងជាតិផ្ទុះនៅមូលដ្ឋាន Parchin ទុកសម្រាប់ប្រើប្រាស់ក្នុងការបំផ្ទុះអាវុធនុយក្លេអ៊ែរ។
គួររម្លឹកជូនឡើងវិញថា សហគមន៍អន្តរជាតិ និង AIEA នៅបន្តមិនទុកចិត្តអ៊ីរ៉ង់ និងសង្ស័យថា អ៊ីរ៉ង់បានយកកម្មវិធីនុយក្លេអ៊ែរស៊ីវិលមកបិទបំាងដើម្បីបំពាក់អាវុធបរមាណូ។ យ៉ាងណាក៏ដោយ លោកនាយក AIEA Yukiya Amano បានអះអាងកាលពីថ្ងៃសុក្រកន្លងទៅថា លោកហាក់ដូចជាមិនសូវមានសុទិដ្ឋិនិយមប៉ុន្មានទេថា កិច្ចចរចានៅថ្ងៃពុធស្អែកនឹងទទួលបានកិច្ចព្រមព្រៀងណាមួយនោះ។ ភាពមិនសូវមានសុទិដ្ឋិនិយមនេះក៏ជាការយល់ឃើញរបស់អ្នកការទូតបស្ចិមលោកម្នាក់ដែរ កាលពីថ្ងៃអាទិត្យកន្លងទៅ ព្រោះបើយោងតាមរូបអ្នកការទូតបស្ចិមលោកដែលមិនព្រមបញ្ចេញឈ្មោះ នៅមានបញ្ហាខ្វែងគ្នាជាច្រើនទៀតដែលនៅមិនទាន់ដោះស្រាយបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ