អៀរ៉ង់

អ.ស.ប.នឹង​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​នឹង​អនុម័ត​ទណ្ឌកម្មលើក​ទី៤​លើ​អៀរ៉ង់
ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​នឹង​អនុម័ត​ទណ្ឌកម្មលើក​ទី៤​លើ​អៀរ៉ង់ ® Reuters

នៅថ្ងៃ​ពុធនេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​បោះឆ្នោត​អនុម័ត​ទណ្ឌកម្ម​ ថ្មី​លើ​អៀរ៉ង់ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ។ ប្រទេស​លីបង់ អាច​នឹង​បោះឆ្នោត​អនុប្បវាទ។ ចំណែក ប្រេស៊ីល និង​ទួរគីវិញ ទំនង​ជា​នឹង​បោះ​ប្រឆាំង។ ក៏ប៉ុន្តែ ការប្រឆាំងនេះ​នឹង​មិន​បង្ក​ជា​ឧបសគ្គ​ក្នុង​ការ​អនុម័ត​សេចក្តី​សម្រេច​នេះ ​ទេ ពីព្រោះ​​ប្រទេស​ ១២​ផ្សេងទៀត រួមទាំង​សមាជិក​អចិន្រ្តៃយ៍​ទាំង​៥​ផង ​បាន​បង្ហាញ​នូវជំហរ​គាំទ្រ។

ផ្សាយពាណិជ្ជកម្ម

 

បទវិភាគ​របស់ សេង ឌីណា

ក្រោយ​ពី​បាន​ចរចា​គ្នា​យ៉ាងស្វិតស្វាញ អស់រយៈពេល​រាប់ខែ ទីបំផុត​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​ឈាន​មក​ដល់​កិច្ចព្រមព្រៀង ដើម្បី​អនុម័ត​ទណ្ឌកម្ម​​ទៅលើ​អៀរ៉ង់ ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ។ ទណ្ឌកម្ម​លើក​នេះ គឺ​ជា​លើកទី៤​ហើយ ក្រោយ​ពី​ទណ្ឌកម្ម​៣លើក​មុនៗ មិន​មាន​ប្រសិទ្ធិភាព​​ធ្វើ​ឲ្យ​អៀរ៉ង់​ផ្លាស់ប្តូរ​ជំហរ។

នៅ​ក្នុង​ទណ្ឌកម្ម​​លើក​ទី៤នេះ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​មានបំណង​ចង់​ហាមឃាត់​ការនាំប្រេង​ចូល​ទៅ​ក្នុង​ប្រទេស​អៀរ៉ង់។ ក៏ប៉ុន្តែ ដោយ​មាន​ការជំទាស់ ជាពិសេស ពី​ចិន បម្រាម​នាំប្រេង​ចូល​ទៅ​អៀរ៉ង់នេះ ត្រូវ​បាន​គេ​ដក​ចេញ​វិញ។ ទីបំផុត ទណ្ឌកម្ម​ដែល​គេ​នឹង​អនុម័ត​នៅថ្ងៃ​ពុធនេះ មានលក្ខណៈ​ស្រដៀង​ទៅនឹង​ទណ្ឌកម្ម​លើក​មុន​ដែរ គ្រាន់តែ​រឹតបន្តឹង​ជាងមុន​តែ​ប៉ុណ្ណោះ។

អាវុធ​ធុនធ្ងន់​ផ្សេងៗ​មួយ​ចំនួន​​ទៀត ត្រូវ​បានគេ​ដាក់​បញ្ជូល​ទៅ​ក្នុង​បញ្ជី​ហាមឃាត់​នាំចេញ និង​នាំចូល​ទៅ​អៀរ៉ង់។ ឈ្មោះ​ឥស្សរជន​​អៀរ៉ង់​ខ្លះ​ទៀត ត្រូវ​បាន​គេ​បន្ថែម​ក្នុង​បញ្ជី​ខ្មៅ ដែល​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅបរទេស។ ឥស្សរជន និង​ស្ថាប័ន​អៀរ៉ង់​ថ្មីៗ​ទៀត ក៏​ត្រូវ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​រឹបអូស​ទ្រព្យ​សម្បត្តិ​មក​ផ្អឹបទុក។

បើទោះជា​ទណ្ឌកម្ម​ថ្មីនេះ​ត្រូវ​បាន​បន្ធូរបន្ថយ​ច្រើន​ក៏ដោយ ក៏​រដ្ឋាភិបាល​អាមេរិក​ហាក់​បង្ហាញ​នូវ​ភាព​​ស្កប់​ចិត្ត​នឹង​ការអនុម័ត​ទណ្ឌកម្មនេះ។ អ្វី​ដែល​ធ្វើ​ឲ្យ​អាមេរិក​សប្បាយ​ចិត្ត គឺ​ការ​ដាក់​ឲ្យ​អៀរ៉ង់​ស្ថិត​ក្នុង​ភាព​ឯកោ។ ប្រទេស​ជាសម្ព័ន្ធមិត្ត​របស់​អៀរ៉ង់​ទាំង​ពីរ គឺ​ចិន និង​រុស្ស៊ី ដែល​តែងតែ​ជួយការពារ​អៀរ៉ង់ ក៏​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់​នេះដែរ។

ដោយ​ហេតុ​តែ​រុស្ស៊ី​គាំទ្រ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់នេះ​ហើយ​​បាន​ជា​ធ្វើ​ឲ្យ​អៀរ៉ង់​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង រហូត​ដល់​លោក​អះម៉ាឌីន​ចាត (Ahmadinejad) បាន​ព្រមាន​រុស្ស៊ី​ទៀត​ផង​ថា បើ​សិន​ជា​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​ថ្មីនេះ រុស្ស៊ី​នឹង​ក្លាយ​ជា​សត្រូវ​ប្រវត្តិសាស្រ្ត​របស់​អៀរ៉ង់។ នៅ​ថ្ងៃ​ពុធនេះ លោក​អះម៉ាឌីនចាត​ បាន​លុបចោល​គម្រោង​ទៅ​ចូល​រួម​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ ព្រោះ​គេច​មិន​ចង់​ជួប​មេដឹកនាំ​រុស្ស៊ី ដែល​ជា​សមាជិក​អង្គការ​នេះ។

អាមេរិក​អាច​ញញឹម​ពេញ​ចិត្ត​​ ដែល​មើលឃើញ​ថា ការ​អនុម័ត​ទណ្ឌកម្ម​លើ​អៀរ៉ង់​នេះ​​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​​រុស្ស៊ី-អៀរ៉ង់​ត្រូវ​បែកបាក់។ ក៏ប៉ុន្តែ ក្នុងពេលជាមួយ​គ្នានេះ សម្ព័ន្ធភាព​រវាង​អាមេរិក​ខ្លួន​ឯង ជាមួយ​នឹង​ទួរគី ក៏​ត្រូវ​​ប្រេះស្រាំ​យ៉ាងខ្លាំង​ដែរ។ ទួរគី ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក អស់​ជាង​កន្លះ​សតវត្សរ៍​មក​ហើយ​នោះ គ្រោង​នឹង​បោះឆ្នោត​ប្រឆាំង​​នឹង​ការ​ដាក់​ទណ្ឌកម្ម​​លើ​អៀរ៉ង់នេះ។ ទំនាក់ទំនង​រវាង​អាមេរិក និង​ទួរគី បាន​ចាប់​ប្រេះស្រាំ​អស់មួយ​រយៈ​កាល​យូរក្រែល​មកហើយ ក៏ប៉ុន្តែ នៅពេលនេះ សំណុំរឿង​អៀរ៉ង់ និង​សំណុំរឿង​អ៊ីស្រាអែល បាន​ធ្វើ​ឲ្យ​អាមេរិក និង​ទួរគី រឹត​តែមើល​មុខគ្នា​លែង​ចំ​ទៅទៀត។ នៅ​ពេល​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់ នៅ​ថ្ងៃ​ពុធនេះ ប្រសិន​បើ​ឯកអគ្គរដ្ឋទូត​ទួរគី​ពិត​ជា​លើក​ដៃ​ប្រឆាំង​មែន ទំនាក់ទំនង​អាមេរិក-ទួរគី អាច​នឹង​ធ្លាក់​ក្នុង​​សភាព​ធ្ងន់ធ្ងរ ដែល​ពិបាក​នឹង​ផ្សះផ្សារ​គ្នា​វិញ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI