ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ប្រកាសគាំទ្រនយោបាយបើកចំហរបស់ប្រធានាធិបតីរ៉ូហានី
សកម្មភាពរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រ៉ូហានី (Hassan Rohani) នៅក្នុងទីក្រុងញូវយ៉ក កាលពីពេលថ្មីៗនេះ បាននាំឲ្យមានប្រតិកម្មជាបន្តបន្ទាប់ នៅក្នុងប្រទេសទីអ៊ីរ៉ង់។ នៅថ្ងៃសៅរ៍នេះ គឺប្រមុខដឹកនាំសាសនា អាលី ខាមេណី (Ayatollah Ali Khamenei) ដែលបានចេញមុខធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ។ លោក អាលី ខាមេណី បានបង្ហាញនូវការគាំទ្រនូវនយោបាយបើកចំហរបស់លោករ៉ូហានី ក៏ប៉ុន្តែ បានរិះគន់ផ្នែកខ្លះនៃដំណើរទស្សនកិច្ចរបស់លោកនៅញូវយ៉ក។
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខដឹកនាំសាសនា អាយ៉ាតូឡា អាលី ខាមេណី ដែលជាអ្នកមានអំណាចកំពូលខាងនយោបាយការបរទេសអ៊ីរ៉ង់ បានថ្លែងគាំទ្រនយោបាយការបរទេស និងសកម្មភាពការទូតរបស់លោកប្រធានាធិបតីហាសាន់ រ៉ូហានី នៅក្នុងអំឡុងដំណើរទស្សនកិច្ច ក្នុងទីក្រុងញូវយ៉ក កាលពីខែកញ្ញា ដើម្បីចូលរួមក្នុងមហាសន្និបាតរបស់អ.ស.ប។
ក៏ប៉ុន្តែ អាយ៉ាតូឡា ខាមេណី ក៏បានរិះគន់ផងដែរ ចំពោះ “ផ្នែកខ្លះនៃដំណើរទស្សនកិច្ចនៅញូវយ៉ក” របស់លោករ៉ូហានី ដោយលោកចាត់ទុកថា ជាសកម្មភាពដែលមិនសមរម្យ។ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ទំនងជាចង់សំដៅលើកិច្ចសន្ទនាតាមទូរស័ព្ទ រវាងលោករ៉ូហានី និងលោកអូបាម៉ា។
គួររំឭកឡើងវិញថា លោកអូបាម៉ា និងលោករ៉ូហានី បានជួបសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃទី២៧កញ្ញា នៅក្នុងពេលដែលលោករ៉ូហានីកំពុងស្ថិតក្នុងទីក្រុងញូវយ៉ក។ នេះគឺជាកិច្ចសន្ទនាជាប្រវត្តិសាស្រ្តមិនធ្លាប់មាន រវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ីរ៉ង់ ចាប់តាំងពីប្រទេសទាំងពីរផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នា ក្រោយបដិវត្តន៍អ៊ីរ៉ង់ ឆ្នាំ១៩៧៩។
ក៏ប៉ុន្តែ ការណ៍ដែលលោករ៉ូហានីយល់ព្រមជួបជជែកតាមទូរស័ព្ទជាមួយនឹងលោកអូបាម៉ានេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកប្រកាន់តឹង នៅក្នុងប្រទេសអ៊ីរ៉ង់។ មន្រ្តីជាន់ខ្ពស់មួយចំនួន នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននាំគ្នារិះគន់កិច្ចសន្ទនាតាមទូរស័ព្ទនេះថាជា “កំហុសខាងតាក់ទិក” មួយ របស់លោកប្រធានាធិបតីរ៉ូហានី។
នៅថ្ងៃសៅរ៍ម្សិលមិញនេះ អាយ៉ាតូឡា ខាមេណី បានលើកឡើងថា “រដ្ឋាភិបាលអាមេរិក គឺជារដ្ឋាភិបាល ដែលមិនគួរឲ្យជឿទុកចិត្ត មានភាពក្រអឺតក្រទម គ្មានហេតុផល ហើយតែងតែក្បត់ពាក្យសន្យា”។ លោកក៏បានបន្ថែមផងដែរថា អាមេរិកស្ថិតក្រោមការដឹកច្រមុះ ដោយអ៊ីស្រាអែល។
គួររំឭកផងដែរថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្មានថ្ងៃក្រោយពីបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោកអូបាម៉ាបានទទួលជួបនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ហើយក្រោយជំនួបនេះ លោកអូបាម៉ាបានលើកឡើងថា ការប្រើកម្លាំងទ័ពនៅតែជាជម្រើសមួយ ដើម្បីទប់ស្កាត់អ៊ីរ៉ង់កុំឲ្យផលិតអាវុធនុយក្លេអ៊ែរ។ ការថ្លែងបែបនេះបាននាំឲ្យមានការរិះគន់ភ្លាមៗ ពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ង់ ដោយបានចោទលោកប្រធានាធិបតីអាមេរិកថា “និយាយបាតដៃជាខ្នងដៃ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ