លោកហាសាន រ៉ូហានី៖« អ៊ីរ៉ង់នឹងមិនបោះបង់ចោលបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួនទេ »
ចុះផ្សាយនៅថ្ងៃ៖
លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានីបានគូសបញ្ជាក់នៅថ្ងៃពុធ ទី១៩ មីនាថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួនចាដាច់ខាត ពិសេសបច្ចេកវិទ្យាចម្រើនធាតុអ៊ុយរ៉ាញ៉ូម។ នេះជាប្រតិកម្មដែលលោកប្រធានាធីបតីអ៊ីរ៉ង់បានឆ្លើយទៅកាន់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកំាងដែលបានបញ្ជាក់ថា អ៊ីរ៉ង់គ្មានសិទ្ធិក្នុងការចម្រើនធាតុអ៊ុយរ៉ាញ៉ូមដោយខ្លួនឯងទេ។ សង្រ្គាមពាក្យសម្តីពេលនេះបានផ្ទុះឡើង ចំពេលដែលកិច្ចប្រជុំ ៥ភាគី បូក១ ស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់បានជួបប្រជុំគ្នារយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ មីនាក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។
« អ៊ីរ៉ង់ជាប្រទេសមួយក្នុងចំណោមប្រទេសដទៃផ្សេងទៀតដែលមានបច្ចេកវិទ្យានុយក្លេអ៊ែរ ពិសេសបច្ចេកវិទ្យាចម្រើនធាតុអ៊ុយរ៉ាញ៉ូម។ គេមិនគួរនំាគ្នាមានមន្ទិលសង្ស័យ និងភ្ញាក់ផ្អើលឡើយ។ ប្រទេសមួយចំនួន និងពលរដ្ឋអាមេរិកំាងអាចនិយាយអ្វី និងចង់និយាយអ្វី ក៏និយាយទៅ » នេះជាការថ្លែងរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានីនាឱកាសកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធ ទី១៩ មីនា។ ការថ្លែងរបស់លោករ៉ូហានីយ៉ាងដូចនេះ គឺជាប្រតិកម្មឆ្លើយតបនឹងក្រុមសមាជិកព្រឹទ្ធសភាអាមេរិកំាងចំនួន ៨៣រូបដែលបានសរសេរលិខិតទៅឲ្យលោកប្រធានាធិបតីអាមេរិកអូបាម៉ា ដោយបានស្នើលោកអូបាម៉ាឲ្យទទួលយកនូវលក្ខខណ្ឌមួយចំនួនរបស់ពួកគេសម្រាប់ដាក់បញ្ចូលនៅក្នុងគ្រប់កិច្ចព្រមព្រៀងចុងក្រោយទំាងអស់ស្តីពីសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។
នៅក្នុងលិខិតនោះ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកំាងបានបញ្ជាក់ថា ដោយអនុលោមតាមសន្ធិសញ្ញាមិនសាយភាយនុយក្លេអ៊ែរ អ៊ីរ៉ង់គ្មានសិទ្ធិណាមួយក្នុងការចម្រើនធាតុអ៊ុយរ៉ាញ៉ូមដោយខ្លួនឯងទេ។ ទន្ទឹមគ្នានេះ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកំាងទំាង ៨៣នាក់ក៏បានទាមទារឲ្យមានការដាក់ពង្រាយក្រុមអធិការអន្តរជាតិរយៈពេលយូរដើម្បីតាមដានសកម្មភាពរបស់អ៊ីរ៉ង់ ពិសេសបានឲ្យអ៊ីរ៉ង់បិទម៉ាស៊ីនប្រតិកម្មដើរដោយទឹកធ្ងន់នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរអារ៉ាកដែលអាចផលិតចេញនូវសារធាតុភ្លុយតូនីញ៉ូមក្នុងគោលដៅផលិតអាវុធបរមាណូ។
អ្វីជាការកត់សម្គាល់ សង្រ្គាមប៉ាកការវាងក្រុមសមាជិកព្រឹទ្ធសភាអាមេរិកំាង និងអ៊ីរ៉ង់ពេលនេះបានកើតមានឡើង ចំពេលដែលកិច្ចប្រជុំ ៥ភាគី បូក១ ស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់បានរៀបចំធ្វើរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ មីនាក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ កិច្ចប្រជុំដែលបាននិយាយពីខ្លឹមសារលំអិតជុំវិញកិច្ចព្រមព្រៀងចុងក្រោយនាពេលខាងមុខ។ គួររម្លឹកជូនថា កិច្ចព្រមព្រៀងលើទីមួយមានសុពលភាពរយៈពេល ៦ខែ និងដែលទើបបានចូលជាធរមាននៅខែមករាឆ្នំា ២០១៤ នេះ បានតម្រូវឲ្យអ៊ីរ៉ង់បញ្ឈប់នូវសកម្មភាពនុយក្លេអ៊ែររសើបមួយចំនួន ជាថ្នូរនឹងការសម្រាលទណ្ឌកម្មមួយមួយចំនួនពីបស្ចិមលោក។ កិច្ចព្រមព្រៀងចុងក្រោយគ្រោងនឹងអនុម័តនៅមុនខែកក្កដាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ