អ៊ីរ៉ង់

អ៊ីរ៉ង់​ស្វែងរក​ការ​គំាទ្រ​ពី​ប្រទេស​ជាមិត្ត​នៅ​ទ្វីប​អាមេរិកឡាទីន

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Mahmoud Ahmadinejad
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Mahmoud Ahmadinejad FARS

ចាប់​ពី​ថ្ងៃ​អាទិត្យ ទី៨ មករា​នេះ និង​មាន​រយៈពេល ៥ថ្ងៃ លោក​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់ Mahmoud Ahmadinejad បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយជុំ​ទ្វីប​អាមេរិកឡាទីន ក្នុង​នោះ​មាន​ប្រទេស​វ៉េណេស៊ុយអេឡា នីការ៉ាហ្គា គុយបា និង​ប្រទេស​អេក្វាទ័រ​ដែល​សុទ្ធសឹង​ជា​ប្រទេស​ប្រឆំាង​នឹង​សហដ្ឋអាមេរិក។ គោលដៅ​នៃ​ទស្សនកិច្ច​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទំាង ៤នេះ។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​វ៉េណេស៊ុយអេឡា គឺ​ជា​ប្រទេស​ទីមួយ​ដែល​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Mahmoud Ahmadinejad ត្រូវ​បំពេញ​ទស្សនកិច្ច​មុន​គេ​ក្នុង​ថ្ងៃ​នេះ។ នៅ​មុន​ពេល​ឡើង​យន្តហោះ​ចាកចេញ​ពី​ទីក្រុង​តេហេរ៉ង់ លោក Ahmadinejad បាន​ថ្លែង​ប្រាប់​ពី​ទំនាក់ទំនង​ល្អ និង​កំពុង​វិវឌ្ឍ​ទៅមុខ​រវាង​អ៊ីរ៉ង់ និង​ប្រទេស​ក្នុង​ទ្វីប​អាមេរិកឡាទីន។ លោក​ប្រមុខរដ្ឋ​អ៊ីរ៉ង់​បាន​ប្រាប់​ឲ្យ​ដឹង អំពី​វប្បធម៌ និង​ការ​ចង់​បាន​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​ដែល​ប្រឆំាង​នឹង​នយោបាយ​របស់​សហដ្ឋអាមេរិក។ អាមេរិក​ដែល​បើ​តាម​លោក Ahmadinejad តែងតែ​តំាងខ្លួន​ជា​អាណាព្យាបាល​នៅ​ក្នុង​តំបន់ និង​តែងតែ​បាន​លូក​ដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ។

ដូច្នេះ​ គោលដៅ​សំខាន់​របស់​លោក​ប្រមុខរដ្ឋ​អ៊ីរ៉ង់ គឺ​បន្ត​បញ្ចុះបញ្ចូល កៀរគរ​បណ្តា​ប្រទេស​ទំាងនេះ​ឲ្យ​បន្ត​ប្រឆំាង​នឹង​សហរដ្ឋអាមេរិក ដែល​ពួក​គេ​ហៅថា​ជា​ពួក​ចក្រពត្តិ។ គួរ​ជម្រាប​ជូន​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ ប្រទេស​ទំាង ៤ និង​អ៊ីរ៉ង់​បាន​ផ្តើម​ពង្រឹង​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លំាង ទំាង​នៅ​លើ​វិស័យ​ការទូត និង​វិស័យ​សេដ្ឋកិច្ច។ សម្រាប់​ប្រទេស​វ៉េណេស៊ុយអេឡា លោក​ប្រធានាធិបតី Hugo Chavez បាន​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​រហូត​ដល់​ទៅ ៩ដង ក្នុង​រយៈពេល ១៣ឆ្នំា​ចុង​ក្រោយ​នេះ។

ម្យ៉ាងទៀត ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ទៅ​កាន់​បណ្តា​ប្រទេស​ទំាង​នេះ គឺ​ដើម្បី​ចង់​បង្ហាញ​ពី​សកម្មភាព​ការទូត​ដ៏​មមាញឹក​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ផង និង​ក៏​ជា​សារ​មួយ​ប្រាប់​ពិភពលោក​ថា អ៊ីរ៉ង់​មិនមែន​ស្ថិត​នៅ​ឯកោ​ទេ។ ទន្ទឹម​គ្នា​នេះ វា​ក៏​ជា​សក្ខីកម្ម​មួយ​ដែល​អ៊ីរ៉ង់​ចង់​បញ្ចេញ​ប្រតិកម្ម​តប​នឹង​សហរដ្ឋអាមេរិក ដែល​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​អាមេរិកឡាទីន​បញ្ឈប់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​តេហេរ៉ង់។

ក្រៅ​ពី​ស្វែង​រក​ការ​គំាទ្រ​ពី​ប្រទេស​ជាមិត្ត លោក Ahmadinejad ក៏​បាន​ប្រកាស​ឲ្យ​ដឹង ពី​ការ​បើក​សម្ពោធ​គម្រោង​ជាច្រើន និង​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​រកស៊ីថ្មីៗ​ទៀត​ជាមួយ​ប្រទេស​ទំាង​នោះ។

យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ប្រទេស​អាមេរិកឡាទីន​ខ្លះ ដូច​យ៉ាង​ប្រេស៊ីល ឬ​មួយ​ក៏​អាហ្សង់ទីន មិន​បាន​ឈរ​នៅ​ខាង​អ៊ីរ៉ង់​ដូច​មុន​ទៀត​ឡើយ ហើយ​សូម្បី​តែ​ប្រទេស​គុយបា និង​នីការ៉ាហ្គា​ដែល​ពី​មុន​ធ្លាប់​បាន​ការពារ​អ៊ីរ៉ង់​ពេញ​មុខ ពេញ​មាត់​នោះ ក៏​មិន​ច្បាស់​ជា​បន្ត​គំាទ្រ ១០០% ដែរ ពីព្រោះ​ពួក​គេ​លែង​ចង់​ធ្វើ​សង្រ្គាម​ជា​ចំហ​ទល់​នឹង​សហរដ្ឋអាមេរិក​ដូច​មុន​ទៀត​ឡើយ។

ដូច្នេះ​ឃើញ​ថា នៅ​លើ​ឆាកអន្តរជាតិ អ៊ីរ៉ង់​កំពុង​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយសារ​តែ​សំណុំរឿង​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស​របស់​ខ្លួន។ ចំណែក​នៅ​ផ្ទៃក្នុង​ប្រទេស​ឯណោះ​វិញ លោក​ប្រមុខរដ្ឋ​អ៊ីរ៉ង់​ក៏​កំពុង​ទទួល​រង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុមអ្នកប្រឆំាង​ជា​រៀងរាល់​ថ្ងៃ។ អ្វី​ដែល​លោក Ahmadinejad កំពុង​បារម្ភ​ខ្លំាង​គេ គឺ​បដិវត្តន៍​របស់​ប្រជាជន​អ៊ីរ៉ង់ ដោយ​យក​តាម​គំរូ​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នា​ពេល​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI