ការបោះឆ្នោតប្រធានាធិបតីនៅអ៊ីរ៉ង់ខែឧសភាអាចផ្តល់លទ្ធផលភ្ញាក់ផ្អើល ដែលគេពិបាកស្មាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣៨
ថ្ងៃ១៩ឧសភាខាងមុខនេះ ប្រជាជនអ៊ីរ៉ង់នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ លោកហាសាន រ៉ូហានី ជាប្រធានាធិបតីផុតអាណត្តិអាចមានសង្ឃឹមច្រើន។ ទោះយ៉ាងនេះក្តី គេពិបាកនឹងស្មានដឺងពីលទ្ធផលមុនណាស់ ព្រោះការបោះឆ្នោតអាណត្តិមុនៗកន្លងមក តែងផ្តល់លទ្ធផលភ្ញាក់ផ្អើល ខុសពីការរំពឹងទុក។
សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅអ៊ីរ៉ង់ខែឧសភា ខាងមុខ មានបេក្ខជនផ្លូវការសរុប៦រូប ក្នុងនោះមានលោកហាសាន រ៉ូហានី ដែលជាប្រធានាធិបតីផុតអាណត្តិផងដែរ។ លោករ៉ូហានី កាន់សាសនាអ៊ីស្លាមមិនសូវតឹងតែង លោកអាចមានសង្ឃឹមច្រើន ក្នុងការបោះឆ្នោតអាណត្តិថ្មីនេះ ព្រោះកន្លងមក រដ្ឋាភិបាលលោកបានបង្ហាញស្នាដៃល្អគួរកត់សម្គាល់។ ជាក់ស្តែង លោករ៉ូហានីសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសមហាអំណាច ធ្វើអោយសហគមន៍អន្តរជាតិដកទណ្ឌកម្មមួយភាគពីអ៊ីរ៉ង់។
ទោះយ៉ាងនេះក្តី គេនៅតែពិបាកស្មានដឹងពីលទ្ធផលបោះឆ្នោតក្នុងស្រុកអ៊ីរ៉ង់- ដោយសារតែកន្លងមក លទ្ធផលបោះឆ្នោតអាណត្តិមុនៗ ចេញមកខុសពីការរំពឹងទុករបស់អ្នកសង្កេតការណ៍។ ជាក់ស្តែង ឆ្នាំ១៩៩៧ បេក្ខជនកំណែទំរង់ ម៉ូហាម៉ាដ ខាតាមី បានទទួលជោគជ័យធំធេង ឈ្នះបេក្ខជនអភិរក្សនិយម អាលី អាក់ក្បា ណាតិក នួរី។ នៅឆ្នាំ២០០៥ដែរ លោកម៉ាមូត អាម៉ាឌីណេចាត ដែលជាបេក្ខជនអភិរក្សនិយម បានឈ្នះឆ្នោតជាប្រធានាធិបតី។ លោកបានឈ្នះបេក្ខជនអាក់ក្បា រ៉ាហ្វសាន់ចានី ជាលទ្ធផលដែលគេមិនបានស្មានដល់ ព្រោះថា បេក្ខជនរ៉ាហ្វសាន់ចានី ធ្លាប់តែជាអ្នកលេចធ្លោក្នុងឆាកនយោបាយ តាំងពីមានចលនាបដិវត្តន៍ឆ្នាំ១៩៧៩មក។ លោករ៉ាហ្វសាន់ចានីបានទទួលមរណភាពហើយ។
ទាក់ទងនឹងការពិបាកដឺងលទ្ធផលឆ្នោតមុននេះ ក៏មានលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ដែលលោករ៉ូហានី បានទទួលសម្លេងគាំទ្រជាង៥០ភាគរយ តាំងពីជុំទី១ទៅដែរ។ ដូច្នេះ គេពិបាកប៉ាន់ស្មានដឹងចិត្តប្រជាជនអ៊ីរ៉ង់ណាស់។ គេពិបាកទាយទុកថា ពេលនេះ ម៉ោងនេះ តើប្រជាជនអ៊ីរ៉ង់ត្រូវការអ្នកដែលធ្វើកំណែទំរង់ អ្នកដែលកាន់សាសនាមិនតឹងតែងហួសហេតុ ដូចជាប្រធានាធិបតីរ៉ូហានីសព្វថ្ងៃ រឺក៏ត្រូវការអ្នកអភិរក្សនិយម។ សៀវភៅសរសេរទាក់ទងអ៊ីរ៉ង់ មិនជាមានច្រើនទេ។
ជាទូទៅ ក្រុមអ្នកសង្កេតការណ៍បរទេស តែងផ្តោតការវិភាគនៅតាមសង្កាត់ដែលមានប្រជាជនអ្នកមានរស់នៅ ជាសង្កាត់ដែលមានលក្ខណៈស៊ីវិល័យបែបលោកខាងលិច។ ដូច្នេះ គេមិនអាចដឹងថា តើប្រជាជនរស់នៅតាមកន្លែងផ្សេង តាមក្រុងតូចៗផ្សេងទៀតមានទស្សនៈបែបណាអោយពិតប្រាកដទេ។
លោកMichael Axworthy ជាអ្នកជំនាញប្រវត្តិសាស្ត្រមួយរូបដែលបានសរសេរសៀវភៅច្រើនក្បាលទាក់ទងនឹងអ៊ីរ៉ង់។ លោកប្រាប់ថា អោយតែពេលបោះឆ្នោតម្តងៗ ជាទូទៅ អ្វីៗគឺពិបាកនឹងដឹងទុកមុនណាស់។ ដូច្នេះ លទ្ធផលដែលចេញមក ក្នុងពេលបោះឆ្នោតប្រធានាធិបតីម្តងៗ បានបង្ហាញពីការផ្ទុះឡើងនៃគំនិតប្រជាធិបតេយ្យក្នុងស្រុក។
ទោះជាពេលនេះ ប្រធានាធិបតីផុតអាណត្តិ រ៉ូហានីមានសង្ឃឹមច្រើនក្តី តែលោកត្រូវប្រឈមនឹងបេក្ខជនអភិរក្សនិយម២រូប ដ៏លេចធ្លោ។ នោះគឺ អភិបាលក្រុងតេហេរ៉ង់ លោកម៉ូហាម៉ាត បាក់ហ៊ែរ ហ្កាលីបាហ្វ និងលោក អេប្រាហ៊ីម រេសស៊ី ជាបេក្ខជនកាន់សាសនាតឹងរ៉ឺង។ គេមើលឃើញថា លោករេសស៊ីនេះ អាចមានអាទិភាពបន្តតំណែងពីប្រមុខសាសនា អាលីខាមេណី ទៀតផង។
ទោះបីប្រធានាធិបតីផុតអាណត្តិ រ៉ូហានី អាចមានសំណាងបន្តអាណត្តិដឺកនាំ សម្រាប់ការបោះឆ្នោតខែឧសភាខាងមុខ គេនៅតែមិនអាចដឺងមុនថា តើលទ្ធផលអាចនឹងប្រែប្រួល ដូចធ្លាប់មានកន្លងមកដែរទេ។ កន្លងមក ប្រមុខសាសនាខាមេណី ធ្លាប់រិះគន់ប្រធានាធីបតីរ៉ូហានី ចំពោះការងារសេដ្ឋកិច្ចបែបបើកចំហររបស់រដ្ឋាភិបាលដែរ ព្រោះថា ក្រោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ចូលជាធរមានដើមឆ្នាំ២០១៦ ជួយអោយសហគមន៍អន្តរជាតិដកទណ្ឌកម្មមួយភាគចេញពីអ៊ីរ៉ង់ ក៏ការវិនិយោគបរទេសនៅយឺតយ៉ាវ។ ចំនួនអ្នកគ្មានការងារធ្វើបានកើនពីជាង១០ភាគរយ ទៅ១២ភាគរយ។
ប្រឈមនឹងបញ្ហាទាំងនេះ អ្វីៗអាចប្រែប្រួល លទ្ធផលបោះឆ្នោតប្រធានាធិបតីថ្ងៃ១៩ឧសភា អាចប្រែប្រួល។ ដូចប្រមុខសាសនាអាលី ខាមេណីដែរ ប្រសិនបើប្រជាជនអ៊ីរ៉ង់ភាគច្រើនមិនសប្បាយចិត្តនឹងលទ្ធផលការងារសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោករ៉ូហានី ប្រជាជន អាចនឹងបោះឆ្នោតអោយបេក្ខជនផ្សេងទៀត បែបយ៉ាងបោះឆ្នោតអោយបេក្ខជនអភិរក្សនិយម អេប្រាហ៊ីម រេសស៊ី ផងក៏មិនដឺង!
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ