អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកហាសាន រ៉ូហានី៖បស្ចិមលោក​ត្រូវតែ​ទទួល​ស្គាល់​សិទ្ធិ​របស់​អ៊ីរ៉ង់​ក្នុង​ការចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម

សំឡេង ០៤:៣៧
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី Reuters/President.ir/Handout via Reuters
៣០ នាទី

សង្រ្គាម​ប៉ាកកា​កំពុង​បន្ត​កើត​មាន​រវាង​ក្រុមប្រទេស​លោកខាងលិច និង​ប្រទេស​អ៊ីរ៉ង់​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ។ កាល​ពី​ថ្ងៃ​អាទិត្យ ទី២២ កញ្ញា លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​ដោយ​បាន​ស្នើ​ឲ្យ​បស្ចិមលោក​ទទួល​ស្គាល់​សិទ្ធិ​របស់​អ៊ីរ៉ង់​ក្នុង​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួន​ឯង។ សេចក្តី​ស្នើ​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​ពេល​ដែល​លោក​ប្រមុខ​រដ្ឋ​អ៊ីរ៉ង់​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ទីក្រុង​ញូយ៉ក​ដែល​ចាប់​ផ្តើម​សម័យប្រជុំ​នៅ​ថ្ងៃ​អង្គារ ទី២៤ កញ្ញា​នេះ។ សម័យប្រជុំ​ដែល​បញ្ហា​នុយក្លេអ៊ែរ​នឹង​ក្លាយ​ជា​បញ្ហា​ក្តៅ​គគុក​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​អ៊ីរ៉ង់​ទើប​បញ្ចប់​ទំព័រសករាជចាស់ បើក​ទំព័រសករាជ​ថ្មី​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ថ្មី គ្រប់​គ្នា​សង្ឃឹម​ថា បញ្ហា​ចាស់​ប្រាកដ​នឹង​ដោះស្រាយ​បាន​ឆាប់​រហ័ស​ដោយ​រលូន។ ពន្លក​នៃ​ក្តី​សង្ឃឹម​បាន​លេច​ឡើង​តាម​រយៈ​សុឆន្ទៈ​របស់​​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​ដែល​គេ​ស្គាល់​ថា ជា​ឥស្សរជន​បើកចំហរ និង​ចូលចិត្ត​សម្របសម្រួល។ មួយ​វិញ​ទៀត និង​មុន​ក្លាយ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់ រូប​លោក​ហាសាន រ៉ូហានី​ក៏​ធ្លាប់​ធ្វើ​ជា​ដឹកនំា​ការ​ចរចា​បញ្ហា​នុយក្លេអ៊ែរ​ដ៏​អូសបន្លាយ និង​ចម្រូងចម្រាស​នេះ​ដែរ។ ថ្មីៗ​នេះ​ទៀត លោក​អាលី អាក្បារ សាឡេហ៊ី នាយក​ថ្មី​នៃ​អង្គការ​ថាមពល​បរមាណូ​អ៊ីរ៉ង់​ក៏​បាន​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​ថា លោក​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លំាង​សម្រាប់​កិច្ចប្រជុំ ៥ភាគី បូក១ ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ពេល​ខាង​មុខ។

ពិត​ណាស់​ថា ជាមួយ​នឹង​របប​ថ្មី​នៅ​អ៊ីរ៉ង់​របស់​លោក​ហាសាន រ៉ូហានី​ពេល​នេះ សង្រ្គាម​ពាក្យសម្តី​រវាង​ទីក្រុង​តេហេរ៉ង់ និង​សហគមន៍​អន្តរជាតិ​ហាក់​ដូច​ជា​ស្ងប់ស្ងាត់​ច្រើន មិន​សូវ​ជា​ផុសផុល​ដូច​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី Mahmoud Ahmadinejad ឡើយ។ តែ​បញ្ហា​នៅ​ត្រង់​ថា វិលចុះ វិល​ឡើង រឿង​ច្រំដែល​បាន​ត្រឡប់​មក​កាន់​កន្លែង​ដើម​វា​វិញ​ដោយ​ចៀស​មិន​រួច ព្រោះ​ថា ជម្រៅ​នៃ​បញ្ហា​នៅ​តែ​ដដែល ដោយ​នៅ​មិន​មាន​ច្រក​ចេញ​នៅ​ឡើយ​ទេ។ ជម្រៅ​នៃ​បញ្ហា​ច្រំដែល​នោះ គឺ​ការ​ដែល​អ៊ីរ៉ង់​បាន​ទាមទារ​ដោយ​ទទូច​នូវ​សិទ្ធិ​ក្នុង​ការ​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួន​ឯង។ សិទ្ធិ​ដែល​រូបលោក​ប្រធានាធិបតី​ថ្មី​ហាសាន រ៉ូហានី​បាន​បញ្ជាក់ និង​ទាមទារ​ជា​ថ្មី មុន​នឹង​លោក​ចេញ​ដំណើរ​ទៅ​ចូល​រួម​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ ទី២៤ កញ្ញា​នេះ​ក្នុង​ទីក្រុង​ញូយ៉ក។

សូម​រម្លឹក​ជូន​ថា តំាង​តែ​ពី​ដបូង​មក​ម្ល៉េះ ប្រទេស​មហា​អំណាច តាម​រយៈ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ បាន​ស្នើ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​រាល់​សកម្មភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួន​ឯង ដោយ​បញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ទាំង ១ ២០០​គីឡូក្រាម​ដែល​ខ្លួន​មាន យក​ទៅ​ចម្រើនធាតុ​នៅ​ឯ​បរទេស។ កាលណោះ​មាន​ការ​លើក​ឡើង​ថា អាច​នឹង​បញ្ជូន​ទៅ​ចម្រើនធាតុ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ឬ​មួយ​ក៏​ប្រទេស​បារាំង។ តែ​អ៊ីរ៉ង់​មិន​សុខចិត្ត ដោយ​បាន​ស្នើ​ឲ្យ​បញ្ជូន​តែ​ចំនួន ៤០០គីឡូក្រាម​ប៉ុណ្ណោះ។ ក្រោម​មក សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​ចំរើនធាតុ​​រួច​ហើយ​នឹង​ត្រូវ​​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​អ៊ីរ៉ង់​វិញ ដើម្បី​ឲ្យ​អ៊ីរ៉ង់​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​ស៊ីវិល។

អ្វី​ដែល​សហគមន៍​អន្តរជាតិ​មិន​ទុក​ចិត្ត​អ៊ីរ៉ង់ និង​បារម្ភ​នោះ​គឺ​ថា បើ​គេ​ទុក​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​បង្កើន​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ស្រេច​នឹង​ចិត្ត ដោយ​គ្មាន​កំណត់​នោះ នឹង​អាច​ឲ្យ​អ៊ីរ៉ង់​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​យោធា ពិសេស​ផលិត​គ្រាប់បែប​បរិមាណូ ព្រោះ​ចូរ​កុំ​ភ្លេច​ថា អ៊ុយរ៉ាញ៉ូម​ចម្រើនធាតុ​ដែល​មាន​អត្រា​តិច​ជាង ២០% គឺ​អាច​យក​ទៅ​ប្រើប្រាស់​តែ​នៅ​ក្នុង​វិស័យ​ស៊ីវិល​ប៉ុណ្ណោះ តែ​បើ​អត្រា​នេះ​កើន​រហូត​ដល់​ទៅ​ជាង ៩០% គឺ​គេ​អាច​យក​ទៅ​ផលិត​គ្រាប់បែក​បរិមាណូ​បាន។

តើ​អ៊ីរ៉ង់​ពិត​ជា​មាន​បំណង​ចង់​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ដូច​ដែល​ក្រុមប្រទេស​លោកខាងលិច​កំពុង​សង្ស័យ​មែន ឬ​យ៉ាង​ណា ?

គេ​ពិត​ជា​ពិបាក​នឹង​ផ្តល់​ចម្លើយ​ច្បាស់លាស់​មួយ​ចំពោះ​សំណួរ​ខាង​លើ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​មក​ដល់​ពេល​នេះ​គឺ​ថា អ៊ីរ៉ង់​ក្នុង​សម័យ​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​សព្វថ្ងៃ ក៏​ដូច​ជា​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី Mahmoud Ahmadinejad ដែរ គឺ​បាន​ទាមទារ​សិទ្ធិបំពាក់​នុយក្លេអ៊ែរ​ស៊ីវិល​ដូច​ដែល​ប្រទេស​ផ្សេង​ទៀត​ក្នុង​លោក​កំពុង​មាន​បច្ចុប្បន្ន។ ថ្លែង​នៅ​ក្នុង​ក្បួន​ព្យុះហយាត្រា​យោធា​ប្រចំា​ឆ្នំា​កាល​ពី​ថ្ងៃ​អាទិត្យ ទី២២ កញ្ញា លោក​ហាសាន រ៉ូហានី​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ទទួល​ស្គាល់​សិទ្ធិ​របស់​ប្រជាជន​អ៊ីរ៉ង់​ក្នុង​ការ​បំពាក់​នុយក្លេអ៊ែរ​ស៊ីវិល និង​អះអាង​ច្បាស់ៗ​ថា អ៊ីរ៉ង់​គ្មាន​បំណង​ណា​មួយ​ដើម្បី​បំពាក់​អាវុធបរមាណូ​ទេ។ យោង​តាម​លោក​ហាសាន រ៉ូហានី ប្រសិន​បើ​បស្ចិមលោក​យល់ព្រម​តាម​សំណើ​របស់​អ៊ីរ៉ង់ ប្រជាជន​អ៊ីរ៉ង់​ត្រៀម​ខ្លួន​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​តំបន់ និង​បញ្ហា​ផ្សេងទៀត​នៅ​ក្នុង​ពិភពលោក។ តែ​បញ្ហា​នៅ​ត្រង់​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​គ្មាន​ជំនឿ​ទាល់តែ​សោះ។

ដូច្នេះ បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា ភាព​ប្រទាញប្រទង់​គ្នា​រវាង​អ៊ីរ៉ង់ និង​ក្រុមប្រទេស​លោកខាងលិច​ជុំវិញ​រឿង​នុយក្លេអ៊ែរ​ដែល​បាន​អូសបន្លាយ​មក​ដល់​ពេល​នេះ មិន​មែន​កើត​ឡើង​ដោយសារ​តែ​បុគ្គលិក​លក្ខណៈ​របស់​អ្នកដឹកនំា​អ៊ីរ៉ង់​រូប​នេះ ឬ​រូប​នោះ​ទេ តែ​វា​បាន​កើត​ឡើង​ដោយ​ការ​មិន​ទុកចិត្ត​គ្នា​តែ​ម្តង។ ការ​មិន​ទុក​ចិត្ត​គ្នា​ដែល​លោក​ហាសាន រ៉ូហានី​ត្រៀម​ខ្លួន​នឹង​លើក​ទៅ​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​បារំាង François Hollande ឬមួយ​ក៏​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ