អ៊ីរ៉ង់

អ៊ីរ៉ង់​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​នៅ​ឈូងសមុទ្រ​ពែរ្ស

Un cohete disparado desde un barco militar durante Velayat-90, ejercicio de guerra en el Mar de Omán, cerca del Estrecho de Ormuz, al sur de Irán, el  30 de diciembre 2011.
Un cohete disparado desde un barco militar durante Velayat-90, ejercicio de guerra en el Mar de Omán, cerca del Estrecho de Ormuz, al sur de Irán, el 30 de diciembre 2011. REUTERS/Fars News/Hamed Jafarnejad

នៅថ្ងៃ​សៅរ៍​នេះ អ៊ីរ៉ង់​បាន​បន្ត​បង្ហាញ​សាច់ដុំ​របស់ខ្លួន​ជា​បន្ត​ទៀត ដោយ​បាន​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយឆ្ងាយ​ជាច្រើនគ្រាប់​ នៅ​ក្នុង​ឈូងសមុទ្រ​ពែរ្ស។ ការបាញ់​សាកល្បង​មីស៊ីល​នេះ​បាន​ធ្វើ​ឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អ៊ីរ៉ង់​បាន​គំរាម​បិទច្រក​សមុទ្រ​ Ormuz ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់។ មន្រ្តីយោធា​អាមេរិក​ធ្លាប់​បាន​ព្រមាន​ថា​នឹង​មិន​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​បិទច្រកសមុទ្រ​នេះ​បាន​តាមចិត្ត​ទេ។

ផ្សាយពាណិជ្ជកម្ម

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់ ការបាញ់​សាកល្បង​មីស៊ីល​ នៅថ្ងៃ​សៅរ៍​នេះ គឺ​​ជា​ដំណាក់កាល​ចុងក្រោយ​ ​នៃ​សមយុទ្ធ​ទ័ពជើងទឹក​អ៊ីរ៉ង់ ដែល​​បាន​បើកធ្វើ​​តាំងពីថ្ងៃ​សៅរ៍​មុន នៅ​ក្បែរ​ច្រកសមុទ្រ​ Ormuz ដែល​ជាច្រក​ដ៏សំខាន់​មួយ សម្រាប់​ការ​ដឹកជញ្ជូនប្រេង​ ពី​តំបន់​ឈូងសមុទ្រ​ពែរ្ស ដែល​ជា​តំបន់​​ជង្រុក​ប្រេង (អារ៉ាប៊ី​សាអ៊ូឌីត បារ៉ែន កូវ៉ែត កាតា និង​អារ៉ាប់រួម) ចេញ​ទៅ​មហាសមុទ្រ​ឥណ្ឌា។ Ormuz គឺ​ជាច្រក​សមុទ្រ​ជាប់​នឹង​ឆ្នេរ​​សមុទ្រ​អ៊ីរ៉ង់ ហើយ​​ជាច្រក​តូចចង្អៀត ដោយ​មាន​ទទឹង​តែ​ប្រមាណ ៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ។

កាលពីថ្ងៃ​អង្គារ​ អនុប្រធានាធិបតី​អ៊ីរ៉ង់​បាន​ព្រមាន​ថា បើ​សិន​ជា​អ៊ីរ៉ង់​មិន​អាច​នាំប្រេង​ចេញ​ទៅលក់​នៅ​បរទេស​បានទេ អ្នក​ផ្សេងទៀត​ក៏​មិន​អាច​ដឹកប្រេង​កាត់តាម​ច្រក​សមុទ្រ Ormuz បានដែរ។ អគ្គបញ្ជាការ​កងទ័ព​ជើងទឹក​អ៊ីរ៉ង់​បាន​បន្ទរ​បន្ថែម​ថា បិទ​ច្រកសមុទ្រ Ormuz គឺ​ជា​រឿង​ងាយស្រួល​​ជាង​បកចេកទៅទៀត។

ក៏ប៉ុន្តែ នៅថ្ងៃ​ពុធ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​​បាន​ព្រមាន​ថា កងទ័ព​អាមេរិក​នឹង​មិនបណ្តោយ​ឲ្យ​អ៊ីរ៉ង់​បិទច្រក​សមុទ្រ Ormuz នេះ​បាន​តាមចិត្ត​នោះទេ។ គួរ​បញ្ជាក់ថា អាមេរិក​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​ដ៏ធំ​មួយ ​នៅ​ក្នុង​ប្រទេស​បារ៉ែន ដែល​ស្ថិត​នៅ​ក្នុង​ឈូងសមុទ្រ​ពែរ្ស ក្បែរ​ច្រក​សមុទ្រ Ormuz។

ស្របពេល​នឹង​ការ​សម្ញែង​កម្លាំង​ទ័ព នៅថ្ងៃ​សៅរ៍​នេះ ​ទីភ្នាក់ងារ​សារព័ត៌មាន​​​អ៊ីរ៉ង់​​បាន​ផ្សាយ​ឲ្យ​ដឹង​​ថា មន្រ្តី​ការទូត​អ៊ីរ៉ង់​ ដែល​ទទួលបន្ទុក​ចរចា​បញ្ហា​នុយក្លេអ៊ែរ គ្រោង​នឹង​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​សហភាព​អឺរ៉ុប ដើម្បី​បង្ហាញ​ពី​ជំហរ​​ចង់​ឲ្យ​បើក​ការចរចា​ឡើងវិញ ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

គួររំឭកឡើងវិញ​ថា កិច្ចចរចា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​រួមមាន​ប្រទេស​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. (អាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី) បូក​នឹង​ប្រទេស​អាល្លឺម៉ង់​ បាន​ជាប់គាំង​អស់រយៈពេល​ជិត​មួយ​ឆ្នាំ​មកហើយ។

ភាពតានតឹង​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​កើនឡើង​កាន់តែ​ខ្លាំង ចាប់តាំង​ពី​​​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA) បាន​ចេញផ្សាយ​របាយការណ៍​មួយ កាល​ពី​ខែ​វិច្ឆិកា ដោយ​បាន​បង្ហាញ​ថា អ៊ីរ៉ង់​ពិតជា​​ធ្លាប់បាន​ព្យាយាម​​អភិវឌ្ឍ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ផ្នែក​យោធា​មែន។

បន្ទាប់​ពី​មាន​របាយការណ៍​នេះ អាមេរិក និង​សហភាព​អឺរ៉ុប​ ក៏​បាន​ចាប់ផ្តើម​គិតគូរ​ពី​ការ​ដាក់ទណ្ឌកម្ម​លើ​​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់។ ក៏ប៉ុន្តែ មន្រ្តី​សហភាព​អឺរ៉ុប​កំពុង​​បារម្ភ​ថា ​ទណ្ឌកម្ម​​នេះ​អាច​នឹង​​បង្ក​បញ្ហា​ដល់​សហភាព​អឺរ៉ុប​ខ្លួនឯង​ជាង​​ដល់​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI