អាមេរិកនិងអៀរ៉ង់ប៉ះពាក្យសម្តីគ្នានៅអ.ស.ប.
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សន្និសីទនុយក្លេអ៊ែរ បានចាប់បើក កាលពីថ្ងៃចន្ទ ទី៣ ឧសភា ២០១០ ជាមួយនឹងការប៉ះទង្គិចពាក្យសម្តីគ្នារវាងសហរដ្ឋអាមេរិក និងអៀរ៉ង់។ ប្រធានាធិបតីអៀរ៉ង់ទាមទារឲ្យដាក់ទណ្ឌកម្មលើអាមេរិក ដែលយកអាវុធនុយក្លេអ៊ែរ ទៅគំរាមប្រទេសដទៃ។ ចំណែកអាមេរិកបានរិះគន់អៀរ៉ង់ថា មានមហិច្ឆតាចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខអន្តរជាតិ។
សេចក្តីរាយការណ៍របស់ សេង ឌីណា
នៅក្នុងសុន្ទរកថា ពេលបើកសន្និសីទអ.ស.ប. ស្តីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ លោកម៉ះមូដ អះម៉ាឌីនចាត (Mahmoud Ahmadinejad) ប្រធានាធិបតីអៀរ៉ង់ បានទាមទារឲ្យអ.ស.ប.ដាក់ទណ្ឌកម្មដល់ប្រទេស ដូចជា សហរដ្ឋអាមេរិក ដែលគំរាមប្រើអាវុធនុយក្លេអ៊ែរវាយប្រហារលើប្រទេសដទៃ។ លោកអះម៉ាឌីនចាត ក៏បានរំឭកផងដែរថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ ក្នុងប្រវត្តិសាស្រ្ត ដែលបានប្រើអាវុធនុយក្លេអ៊ែរ។
ដូចដែលធ្លាប់ធ្វើជាទម្លាប់ គណៈប្រតិភូមកពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាឡឺម៉ង់ និងប្រទេសមួយចំនួនទៀត បានដើរចេញពីសាលប្រជុំ ដើម្បីជាការតវ៉ាប្រឆាំងនឹងសុន្ទរកថារបស់ប្រធានាធិបតីអៀរ៉ង់។
ដល់វេនសហរដ្ឋអាមេរិកត្រូវថ្លែងសុន្ទរកថា លោកស្រីគ្លីនតុន រដ្ឋមន្រ្តីការបរទេសអាមេរិក បានលើកឡើងថា សុន្ទរកថារបស់ប្រធានាធិបតីអៀរ៉ង់ គឺជាការចោទប្រកាន់ដដែលៗ គួរឲ្យធុញទ្រាន់នឹងស្តាប់ ហើយជាការចោទប្រកាន់ផ្តេសផ្តាស ដោយគ្មានមូលដ្ឋាន។ លោកស្រីគ្លីនតុនបានបន្ថែមទៀតថា ការណ៍ដែលលោកអះម៉ាឌីនចាតខំប្រឹងដើរចោទគេឯងបែបនេះ គឺក្នុងគោលដៅពង្វាងចំណាប់អារម្មណ៍សហគមន៍អន្តរជាតិ ពីកម្មវិធីនុយក្លេអ៊ែរ ដ៏គួរឲ្យសង្ស័យរបស់អៀរ៉ង់។
ក៏ប៉ុន្តែ បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធទំនងជាពេញចិត្តនឹងផ្នែកខ្លះ នៃសុន្ទរកថារបស់ប្រធានាធិបតីអៀរ៉ង់។ ប្រទេសទាំងនេះយល់ថា មហាអំណាចនុយក្លេអ៊ែរមិនបានខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយសព្វាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ បើទោះជាមានការកាត់បន្ថយខ្លះ ក៏ជាការកាត់បន្ថយតិចតួចដែរ។
ដើម្បីបង្ហាញពីតម្លាភាព ក្រសួងការពារជាតិអាមេរិកបានផ្សព្វផ្សាយជាសាធារណៈ នូវចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន។ គិតមកត្រឹមឆ្នាំ២០០៩ អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបចំនួន ៥ ១១៣គ្រាប់ ពោលគឺ កាត់បន្ថយ ៨៧% បើធៀបនឹងឆ្នាំ១៩៦៧ នៅពេល ដែលពិភពលោកកំពុងស្ថិតក្នុងសង្រ្គាមត្រជាក់។ យោងតាមសន្ធិសញ្ញាថ្មី ដែលចុះជាមួយរុស្ស៊ី អាមេរិកត្រូវកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន មកនៅយ៉ាងច្រើនបំផុត ត្រឹមតែ ១ ៥៥០គ្រាប់តែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ