អ៊ីរ៉ង់

ម្ចាស់ពានរង្វាន់​សន្តិភាពអ៊ីរ៉ង់ អំពាវវនាវឲ្យ​ពលរដ្ឋ​ កុំ​ស្តាប់​បង្គាប់​រដ្ឋាភិបាល

ម្ចាស់ពានរង្វាន់​សន្តិភាព លោកស្រី Shirin Ebadi បាន​អំពាវវនាវ នៅថ្ងៃព្រហស្បតិ៍ ទី​៤មករា កុំ​ឲ្យ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ស្តាប់​បង្គាប់​រដ្ឋាភិបាល ហើយ​សុំ​ឲ្យ​បាតុករ​បន្ត​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​តទៅទៀត​។ សេចក្តីអំពាវវនាវនេះ ធ្វើឡើង​នៅពេល​ដែល​បាតុករ​នៅ​អ៊ីរ៉ង់ រងការ​បង្ក្រាប ដែល​បាន​សម្លាប់​​មនុស្ស​២១នាក់​។

លោកស្រី Shirin Ebadi អំពាវវនាវ កុំឲ្យប្រជា​ពលរដ្ឋអ៊ីរ៉ង់ស្តាប់​បង្គាប់រដ្ឋាភិបាល។
លោកស្រី Shirin Ebadi អំពាវវនាវ កុំឲ្យប្រជា​ពលរដ្ឋអ៊ីរ៉ង់ស្តាប់​បង្គាប់រដ្ឋាភិបាល។ @CHRI
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​ប្រកាស​កុំ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​ស្តាប់​បង្គាប់​រដ្ឋាភិបាល និង​បន្ត​ធ្វើ​បាតុកម្ម លោកស្រី ស៊ីរីន អេបាឌី ក៏​អំពាវវនាវផងដែរ ឲ្យ​ប្រជាជន​នាំគ្នា​ដក​លុយ​ចេញ ពី​ធនាគារ​របស់​រដ្ឋ​។ បើ​តាម​លោកស្រី អេបាឌី ការ​ធ្វើ​ដូច្នេះ គឺ​នឹង​បង្ខំ​ឲ្យ​អាជ្ញាធរ​ស្តាប់​សំឡេង​របស់​អ្នក​ប្រឆាំង​។ ម្ចាស់ពានរង្វាន់​សន្តិភាព រូប​នេះ គឺជា​ជនជាតិ​អ៊ីរ៉ង់ និងជា​មេធាវី កំពុង​រស់​នៅ​ភៀសខ្លួន​ ក្នុង​ប្រទេស​អង់គ្លេស។

ក្នុងវ័យ​៧០ឆ្នាំ លោកស្រី អេបាឌី បាន​បន្ថែមថា «បើ​រដ្ឋាភិបាល​មិន​បាន​ស្តាប់​សំឡេង​របស់​យើង​ ជាង​៣៨ឆ្នាំមកហើយ តួនាទី​​របស់​យើងនៅពេលនេះ ក៏​មិន​ត្រូវ​ស្តាប់​បង្គាប់​រដ្ឋាភិបាល​វិញដែរ»។ ការ​ថ្លែង​របស់​លោកស្រីយ៉ាង​ដូច្នេះ គឺ​ឡើង​នៅក្នុង​កិច្ច​សម្ភាស នា​ទីក្រុងឡុងដ៍ ​ជាមួយ​កាសែត​ភាសាអារ៉ាប់ របស់​អារ៉ាប៊ីសាអូឌីត។​

គួរ​បញ្ជាក់ថា បាតុកម្មការ​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​ប្រព្រឹត្ត​ទៅ​រៀង​រាល់​ថ្ងៃ​ជិត​មួយ​សប្តាហ៍មកហើយ​។ អាជ្ញាធរ​អ៊ីរ៉ង់​ បាន​បង្ក្រាប​បាតុករ​ដោយ​ហិង្សា ស្លាប់​មនុស្ស​ជាង​២០​នាក់ និង​ចាប់ខ្លួន​អស់​ជាច្រើន​រយ​​នាក់។ បាតុកម្មនេះ​​ កើត​ចេញ​ពី​បញ្ហា​អត់​ការ​ងារ​ធ្វើ​និង​វិបត្តិ​សេដ្ឋកិច្ច​ទំនិញ​ឡើងថ្លៃ ហើយ​បានរាលដាល​​ដល់​រឿង​នយោបាយ និងមានការ​​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះ​ចេញពី​តំណែង។​ នៅថ្ងៃព្រហស្បតិ៍ ទី​៤មករា​នេះ​ មេបញ្ជាការ​កងទ័ពអ៊ីរ៉ង់ ​បា​នប្រកាសថា នឹង​ប្រើ​កម្លាំងយោធា​ជួយ​ធ្វើ​អន្តរាគមន៍ ប្រសិន​បើ​ចាំបាច់​។​​

ចំណែក​ភាគី​អាមេរិក, ប្រធានាធិបតី​ ដូណាល់​ ត្រាំ បាន​អំពាវវនា​វ​ឲ្យមាន​ការ​​ផ្លាស់ប្តូរ​របប​នៅ​អ៊ីរ៉ង់​។ ទន្ទឹម​នេះ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ថែមទាំងបាន ស្នើសុំ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជា​បន្ទាន់​ នៅ​ក្នុង​រឿង​បាតុកម្ម​នៅ​អ៊ីរ៉ង់។ លោកស្រី Nikki ថា « យើង​មិន​អាច​ឈរ​ក្រពាត់​ដៃ​នៅ​ស្ងៀម​បាន​ទេ » ហើយ​លោកស្រី​ចង់​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ជជែក​ពី​សិទ្ធិសេរីភាព​ដែល​ទាមទារ​ដោយ​ប្រជាជន​អ៊ីរ៉ង់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI