មេក្រុមប្រឆាំងប៉ាគីស្ថានចង់បញ្ឆេះភ្លើងបាតុកម្មដណ្តើមអំណាច ពីនាយករដ្ឋមន្ត្រី?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភាពតានតឹងបានផ្ទុះជាថ្មីនៅប៉ាគីស្ថាន។ តាំងពីថ្ងៃពុធម្សិលមិញ អាជ្ញាធរបានពង្រាយប៉ូលិសប្រឆាំងកុប្បកម្មរាប់ពាន់នាក់ នៅក្រុងអ៊ីស្លាម៉ាបាត និងទីកន្លែងសំខាន់នានា ដើម្បីហាមឃាត់មិនអោយមានចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល។ សកម្មជនក្រុមប្រឆាំងបានរើសយកថ្ងៃព្រហស្បតិ៍ទី១៤នេះ ចំថ្ងៃខួបឯករាជ្យជាតិទី៦៧ ដើម្បីដង្ហែក្បួនតាមបែបសន្តិវិធីក្នុងក្រុងអ៊ីស្លាម៉ាបាត ទាមទារនាយករដ្ឋមន្ត្រីណាវ៉ា ស្ហារីហ្វ អោយចុះពីតំណែង។ មេក្រុមប្រឆាំង២រូប ជាអ្នកអំពាវនាវនិងដឹកនាំចលនាបាតុកម្មនេះ៖ គឺ លោក អ៊ីមរ៉ាន់ ខាន់ ជាតារាវាយកូនគោលធ្លាប់មានឈ្មោះល្បី មកពីបក្សយុត្តិធម៌ និងលោកតាហៀ អ៊ុល កាឌ្រី ជាមេក្រុមសាសនាមកពីបក្សចលនាប្រជាជនប៉ាគីស្ថាន។ ថ្ងៃពុធម្សិលមិញ តុលាការជាន់ខ្ពស់ក្រុងLahor ភាគខាងកើត បានហាមឃាត់មិនអោយធ្វើបាតុកម្មនេះ ដោយចាត់ទុកថា ជាបាតុកម្មខុសច្បាប់។
មេក្រុមប្រឆាំងមិនបានសុំការអនុញ្ញាតធ្វើបាតុកម្មពីអាជ្ញាធរជាមុន
តុលាការប៉ាគីស្ថានវាយតម្លៃថា មេក្រុមប្រឆាំងទាំង២រូប គឺលោក អ៊ីមរ៉ាន់ ខាន់ មកពីបក្សយុត្តិធម៌ប៉ាគីស្ថាន និងលោកតាហៀ អ៊ុល កាឌ្រី មកពីបក្សចលនាប្រជាជនប៉ាគីស្ថាន មិនបានសុំការអនុញ្ញាតធ្វើបាតុកម្មជាមុនទេ។ បើមិនសុំអាជ្ញាធរធ្វើបាតុកម្មជាមុន នោះអាជ្ញាធរក៏មិនអាចអនុញ្ញាតអោយធ្វើបាតុកម្មបានដែរ។ ហើយបើមានបាតុកម្ម នេះជាបាតុកម្មផ្ទុយពីច្បាប់សុទ្ធសាធ។ ប៉ុន្តែ មើលអោយដិតដល់ នេះមិនមែនជាបញ្ហាចោទទេ។ អ្វីដែលសំខាន់គឺ រដ្ឋអំណាចប៉ាគីស្ថានខ្លាចថា បាតុកម្មថ្ងៃនេះ បង្កផលវិបាកធ្ងន់ធ្ងរដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណាវ៉ា ស្ហារីហ្វ ឯណោះទេ ព្រោះថា ទិសដៅនៃបាតុកម្មដែលចង់ធ្វើនៅថ្ងៃព្រហស្បតិ៍នេះ គឺទាមទារនាយករដ្ឋមន្ត្រីណាវ៉ា ស្ហារីហ្វ អោយចុះពីតំណែង។
គួររំលឹកថា បក្សយុត្តិធម៌ ដែលជាបក្សប្រឆាំងបច្ចុប្បន្ន របស់លោកអ៊ីមរ៉ាន់ ខាន់ បានចាញ់ឆ្នោតសភា កាលពីខែឧសភាឆ្នាំ២០១៣ ចាញ់បក្សរបស់លោកណាវ៉ា ស្ហារីហ្វ។ សម្លេងឆ្នោតដែលបក្សយុត្តិធម៌ទទួលបាន ឆ្នាំមុន សរុបទៅ ធ្វើអោយបក្សនេះទទួលបានត្រឹមចំណាត់ថ្នាក់ទី៣ប៉ុណ្ណោះ។ ប៉ុន្តែ បក្សប្រឆាំងមិនសុខចិត្តទេ បានបរិហារថា មានការបន្លំសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោត។ រីឯបក្សចលនាប្រជាជនរបស់លោកអ៊ុល កាឌ្រី ជាអ្នកអំពាវនាវអោយមានបាតុកម្មថ្ងៃនេះ ធ្លាប់ធ្វើពហិការមិនចូលរួមបោះឆ្នោតសភាកាលពីឆ្នាំមុន។ មេក្រុមប្រឆាំងទាំង២នាក់ បានទាមទារអោយនាយករដ្ឋមន្ត្រីស្ហារីហ្វ ចុះពីអំណាច ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយទៀត មានសមាជិកជាអ្នកមានវណ្ណៈអភិជន។
និយាយរួម យើងឃើញថា មេប្រឆាំងដែលដឹកនាំចលនា បាតុកម្មទាំង២រូប សុទ្ធតែមានកំហឹងគុំនាយករដ្ឋមន្ត្រីណាវ៉ា ស្ហារីហ្វ ដូច្នេះ បាតុកម្មថ្ងៃព្រហស្បតិ៍នេះ បើធ្វើឡើង ដូចការគ្រោងទុក គឺអាចនឹងរាលដាលជាបាតុកម្មហិង្សាបង្ហូរឈាមបាន។ ម្យ៉ាងទៀត ប៉ាគីស្ថានកំពុងរងភាពតានតឹងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះផង។
ប៉ូលិសនិងសកម្មជនបាតុកម្មក្រុមប្រឆាំងបានប៉ះទង្គិចគ្នា ធ្វើអោយមានមនុស្សស្លាប់ម្នាក់ នៅក្រុងឡាហរ។ ហើយអាជ្ញាធរបានចាប់ខ្លួនសកម្មជនក្រុមប្រឆាំងដល់ទៅជាង១ពាន់នាក់។ ហេតុនេះហើយ ខ្លាចមានបាតុកម្មបង្កជាអំពើហិង្សា ទើបអាជ្ញាធរពង្រាយកងកម្លាំងសន្តិសុខ ហាមឃាត់បាតុកម្ម។
លោកស្ហារីហ្វ ស្នើបង្កើតគណៈកម្មការឯករាជ្យដើម្បីអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតសភា
ដើម្បីដោះស្រាយវិបត្តិនយោបាយ លោកស្ហារីហ្វ ដែលទើបជាប់ឆ្នោតសភា ឆ្នាំ២០១៣ កន្លងទៅ ទើបបានបន្ទន់ជំហរជាមួយក្រុមប្រឆាំង ដោយសន្យា នៅថ្ងៃអង្គារ១២សីហាសប្តាហ៍នេះ ថានឹងបង្កើតអោយមានគណៈកម្មការឯករាជ្យមួយ មានសមាជិកជាចៅក្រមមកពីតុលាការកំពូល ដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតសភា ឆ្នាំមុន។ លោកអ៊ីមរ៉ាន់ ខាន់ ជាមេប្រឆាំងទៀតសោត ក៏ធ្លាប់ប្រកាសថា ផ្តល់ទំនុកចិត្តលើតុលាការកំពូលដែរ។ ប៉ុន្តែ បើលោកខាន់ មិនព្រមទទួលយកសំណើគណៈកម្មការអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតស្នើដោយលោកស្ហារីហ្វទេ នាយករដ្ឋមន្ត្រីស្ហារីហ្វក៏គ្មានជម្រើសច្រើនដែរ។ មានតែពង្រាយកងសន្តិសុខហាមឃាត់បាតុកម្ម។ ម្យ៉ាងទៀត ការហាមឃាត់នេះក៏ស្របតាមបទបញ្ជាតុលាការដែរ។
បាតុកម្មថ្ងៃព្រហស្បតិ៍ បើរៀបចំដូចការគ្រោងទុក អាចជាភ្លើងបញ្ឆេះទំនាស់រវាងកងទ័ពនិងរដ្ឋាភិបាល
អ្វីដែលរដ្ឋាភិបាលលោកស្ហារីហ្វ បារម្ភខ្លាំង គឺខ្លាចថា មេដឹកនាំបាតុកម្មទាំង២រូប គឺលោកខាន់ និងលោកកាឌ្រី បញ្ឆេះអោយបាតុកម្មប្រែជាអំពើហិង្សា បញ្ឆេះកងទ័ពអោយងាកមកប្រឆាំងរដ្ឋាភិបាលវិញ។ គ្រប់គ្នាសុទ្ធតែដឹងថា កងទ័ពនិងនាយករដ្ឋមន្ត្រីស្ហារីហ្វមិនសូវជាត្រូវរ៉ូវគ្នាទេ។ រឿងរ៉ាវគឺដោយសារតែ លោកស្ហារីហ្វ អនុញ្ញាតអោយតុលាការបើកសវនាការកាត់ទោសអតីតប្រធានាធិបតីពែរវេ មូស្ហារ៉ាហ្វ។ អតីតប្រធានាធិបតីមូស្ហារ៉ាហ្វធ្លាប់ធ្វើជាមេយោធាជាន់ខ្ពស់។ កងទ័ពប៉ាគីស្ថានចាត់ទុកលោកមូស្ហារ៉ាហ្វ ដូចវីរបុរស។ ដូច្នេះ ការកាត់ទោសប្រឆាំងលោកមូស្ហារ៉ាហ្វ ប្រៀបបានទៅនឹងបទឧក្រិដ្ឋប្រមាថព្រះរាជាដែរ។ តុលាការប៉ាគីស្ថានបានបើកសវនាការកាត់ទោសលោកមូស្ហារ៉ាហ្វ ពីបទបានព្យួររដ្ឋធម្មនុញ្ញ និងបានដាក់ប្រទេសអោយស្ថិតក្នុងភាពអាសន្ន កាលពីឆ្នាំ២០០៧។ បទចោទប្រកាន់នេះ អាចអោយលោកមូស្ហារ៉ាហ្វ ទទួលទោសប្រហារជីវិតបាន។
គួរបញ្ជាក់ដែរថា អតីតឧត្តមសេនីយ៍មូស្ហារ៉ាហ្វ ធ្លាប់ធ្វើរដ្ឋប្រហារយោធាទំលាក់នាយករដ្ឋមន្ត្រីណាវ៉ា ស្ហារីហ្វ កាលពីឆ្នាំ១៩៩៩។ គ្មានអ្វីគួរឆ្ងល់ទេ ប្រសិនបើលោកស្ហារីហ្វ មិនព្រមអត់អោនអតីតប្រធានាធិបតីមូស្ហារ៉ាហ្វនោះ។ ដោយឡែក កងទ័ពប៉ាគីស្ថានមិនបានជំទាស់នឹងការត្រលប់ចូលកាន់អំណាចរបស់លោកណាវ៉ា ស្ហារីហ្វទេ ព្រោះថា ក្រោមរបបដឹកនាំរបស់នាយករដ្ឋមន្ត្រីស្ហារីហ្វ កងទ័ពនិងរដ្ឋាភិបាលលោកស្ហារីហ្វ អាចចែកអំណាចដឹកនាំជាមួយគ្នា។ រដ្ឋាភិបាលកាន់កាប់សេដ្ឋកិច្ចជាតិ រីឯកងទ័ពកាន់កាប់សន្តិសុខផ្ទៃក្នុង។
ប៉ុន្តែ សវនាការកាត់ទោសអតីតប្រធានាធិបតីមូស្ហារ៉ាហ្វ បានធ្វើអោយទំនាក់ទំនងរវាងកងទ័ពនិងនាយករដ្ឋមន្ត្រីល្អក់កករនឹងគ្នា។ ប្រាកដណាស់ថា នេះជាប្រយោជន៍សម្រាប់គណបក្សប្រឆាំងទៅវិញទេ។ មេក្រុមប្រឆាំងគឺលោកអ៊ីមរ៉ាន់ ខាន់ និងលោកតាហៀ អ៊ុល កាឌ្រី ពិតជាអាចឆ្លៀតយកបាតុកម្មថ្ងៃព្រហស្បតិ៍នេះ ធ្វើជាសម្ពាធ បញ្ឆេះអោយកងទ័ពនិងរដ្ឋាភិបាលកាន់តែមើលមុខគ្នាមិនចំ។ តែមេក្រុមប្រឆាំងប្រាប់ថា មិនបានទទួលការគាំទ្រពីកងទ័ពទេ។ ផ្ទុយទៅវិញ ពាក្យពេចន៍នេះ អាចធ្វើអោយរដ្ឋាភិបាលសង្ស័យទៅវិញទេថា កងទ័ពអាចធ្វើសកម្មភាពអ្វីមួយ ក្នុងពេលបាតុកម្ម។ បើកងទ័ពធ្វើដូច្នេះមែន វាគឺជាបញ្ហាសង្កត់ករដ្ឋាភិបាលតែម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ