អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​ទទួលយក​បទ​ឈប់បាញ់​ស្នើ​ដោយ​អេហ្ស៊ីប​ តែ​ក្រុមហាម៉ាស​ទាត់ចោល​

រថក្រោះ​អ៊ីស្រាអែល នៅជិត​តំបន់​ហ្កាហ្សា ថ្ងៃ​១៥កក្កដា​នេះ។
រថក្រោះ​អ៊ីស្រាអែល នៅជិត​តំបន់​ហ្កាហ្សា ថ្ងៃ​១៥កក្កដា​នេះ។ REUTERS/Nir Elias

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ៊ីស្រាអែល​​បាន​សម្រេច​ចិត្ត​ទទួល​យក​​បទឈប់បាញ់ ស្នើ​ឡើង​ដោយ​អេហ្ស៊ីប។ បទឈប់បាញ់​នេះ​ តំរូវ​អោយ​​​​អនុវត្តន៍​ចាប់ពី​​​ម៉ោង​៩ព្រឹក​ក្នុង​ស្រុក​។ ប៉ុន្តែ​​ ​ក្រុម​ហាម៉ាស​​ប៉ាឡេស្ទីន​ទាត់ចោល​បទឈប់បាញ់នេះ ដោយ​សន្យា​ថា នឹង​ពង្រីក​ការវាយប្រហារ​ប្រឆាំង​អ៊ីស្រាអែល​បន្ថែមទៀត។ នៅ​អាធ្រាត​ថ្ងៃ​ចន្ទ​ម្សិលមិញ កងទ័ព​អ៊ីស្រាអែល​បាន​បន្ត​​​ប្រតិបត្តិការ​នៅ​ហ្កាហ្សា​ ​ធ្វើ​ជនជាតិ​​ប៉ាឡេស្ទីន​២នាក់​ត្រូវស្លាប់។ តួលេខ​មនុស្ស​ស្លាប់​​ក្នុង​​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​​​​លើកនេះ ឡើង​ដល់​១៨៩នាក់ ហើយ​អ្នករបួស​មាន​ប្រមាណ​​១៣០០នាក់ ជាតួលេខ​ធ្ងន់ធ្ងរ​ហួស​ពី​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​​ប្រឆាំង​ក្រុម​ហាម៉ាស កាលពី​ឆ្នាំ​២០១២។

ផ្សាយពាណិជ្ជកម្ម

ថ្វីបើ​​បទឈប់បាញ់នៅ​ហ្កាហ្សា​​​​ស្នើឡើង​ដោយ​អេហ្ស៊ីប​ បានបង្ក​ភាពចម្រូងចម្រាស​នៅ​អ៊ីស្រាអែល​ ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ខទ្ទកាល័យ​សន្តិសុខ​​​​អ៊ីស្រាអែល​បាន​សម្រេច​អនុម័ត​ទទួល​យក​បទឈប់បាញ់​នេះ។ បទឈប់បាញ់​​​ស្នើ​ដោយ​អេហ្ស៊ីប ចែង​តំរូវ​អោយ​​បញ្ឈប់​​ការវាយប្រហារ​តាម​ផ្លូវអាកាស ផ្លូវទឹក ​​និង​ជើងគោក។ អេហ្ស៊ីប​ក៏​ស្នើ​​អោយ​ភាគី​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ពិភាក្សា​គ្នា​​ ក្នុង​ទឹកដី​អេហ្ស៊ីប ដើម្បី​​រក​ដំណោះស្រាយ​​ផងដែរ។ បទឈប់បាញ់​នេះ ត្រូវ​អនុវត្ត​នៅ​ម៉ោង​៩ព្រឹក​ក្នុង​ស្រុក ត្រូវ​នឹង​ម៉ោង​២រសៀល​​នៅ កម្ពុជា ថ្ងៃ​អង្គារ​នេះ។

ប៉ុន្តែ ក្រុម​ហាម៉ាស​បាន​ទាត់ចោល​បទឈប់បាញ់នេះ ដោយ​លើកឡើង​ថា បទឈប់បាញ់​នេះ ជា​ការចុះចាញ់ គ្មាន​​គោលការណ៍​​គ្រប់គ្រាន់​ នឹង​អាច​អោយ​​​​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ទេ។ ​ក្រុម​ហាម៉ាស​​​​ទាមទារ​អោយ​​មាន​កិច្ចព្រមព្រៀង​ធំមួយ ​​តំរូវ​អោយ​អ៊ីស្រាអែល​បញ្ចប់​ការ​ទំលាក់​គ្រាប់បែក ​ឈប់​បិទ​ចរាចរណ៍​​រាំងស្ទះ​តំបន់​ហ្កាហ្សាទៀត។ អ៊ីស្រាអែល​បាន​ខ្ទប់​តំបន់​ហ្កាហ្សា​តាំង​ពី​ឆ្នាំ​២០០៦​ម្ល៉េះ។ ក្រុម​ហាម៉ាស​ក៏​ទាមទារ​អោយ​​​​បើក​ទីតាំង​​​​ព្រំដែន​នៅ​រ៉ាហ្វា ជាមួយ​អេហ្ស៊ីប​ឡើងវិញ ព្រមទាំង​ដោះលែង​អ្នកទោសប៉ាឡេស្ទីន​​​​ដែល​អ៊ីស្រាអែល​ទើប​ចាប់​ទៅថ្មីៗនេះផងដែរ។ អ៊ីស្រាអែល​ធ្លាប់​ដោះលែង​អ្នកទោស​ទាំងនេះ ​​ រួច​មកហើយ ក្រោយ​មាន​កិច្ចព្រមព្រៀង​ដោះដូរ​អ្នកទោស​​ប៉ាឡេស្ទីន ជាមួយ​ទាហាន​អ៊ីស្រាអែល​​មួយរូប ​នៅ​ឆ្នាំ២០១១។

ក្រុម​ហាម៉ាស​សន្យា​ថា ​បើ​​លក្ខខណ្ឌ​​​បទឈប់បាញ់​មិនបាន​បំពេញ​តាម​​សំណើ​ខ្លួន​ទេ នោះ​ក្រុម​ហាម៉ាស​​​នឹង​បន្ត​​​​ប្រយុទ្ធ​ប្រឆាំង​​​អ៊ីស្រាអែល​​អោយ​ខ្លាំង​ថែមទៀត។ ដោយឡែក អ៊ីស្រាអែល​​ប្រាប់ថា ប្រតិបត្តិការ​យោធា​ខ្លួន​​ប្រឆាំង​ក្រុម​ហាម៉ាស​​ នៅ​ហ្កាហ្សា ​បាន​កាត់បន្ថយ​​​សមត្ថភាព​បាញ់​រ៉ុកកែត​របស់​​ក្រុម​ហាម៉ាស​​ច្រើន​ហើយ។ ​គ្រាន់តែ​ក្នុង​មួយ​សប្តាហ៍​​នៃ​ប្រតិបត្តិការ​​យោធា​អ៊ីស្រាអែល ជនរងគ្រោះ​ស្លាប់​ និង​របួស​ មាន​​សន្ធឹកសន្ធាប់​ហួស​ពីតួលេខ​​ជនរងគ្រោះ ​ក្នុង​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​ឆ្នាំ​២០១២ទៅទៀត។ កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២ ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​​ប្រឆាំង​ក្រុម​ហាម៉ាស បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​​១៧៧នាក់។

សម្ព័ន្ធ​អារ៉ាប់​​​បាន​ចោទ​អ៊ីស្រាអែល​ថា បង្ក​បទ​ឧក្រិដ្ឋ​សង្គ្រាម និង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ។ សម្ព័ន្ធ​អារ៉ាប់​សោកស្តាយ​ដែល​អ៊ីស្រាអែល​ទទួល​បាន​អភ័យ​ឯកសិទ្ធ​នយោបាយ ហើយ​បាន​​សម្លាប់​មនុស្ស​ដោយ​គ្មាន​ការទទួលខុសត្រូវ។ ​​ នៅថ្ងៃ​អង្គារ​នេះ ​ប្រមុខការទូត​អាមេរិក​ចន​ ឃែររី ​​​​នឹង​​ជជែក​ពី​បញ្ហា​​​​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​នេះ ​នៅ​​ ​អេហ្ស៊ីប៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI