អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល​សម្រុក​វាយ​កម្ទេច​រូងក្រោមដី​របស់ពួកហាម៉ាស

សំឡេង ០៦:៥៣
អ៊ីស្រាអែល​ដក​ទ័ព​ចេញ​ពី​ភាគខាងជើង​ហ្កាហ្សា ប៉ុន្តែ ការប្រយុទ្ធ​នៅ​តែ​ខ្លាំង នៅ​ខាងត្បូង​ហ្កាហ្សា នៅថ្ងៃ​អាទិត្យ​ទី ៣ សីហា
អ៊ីស្រាអែល​ដក​ទ័ព​ចេញ​ពី​ភាគខាងជើង​ហ្កាហ្សា ប៉ុន្តែ ការប្រយុទ្ធ​នៅ​តែ​ខ្លាំង នៅ​ខាងត្បូង​ហ្កាហ្សា នៅថ្ងៃ​អាទិត្យ​ទី ៣ សីហា AFP PHOTO/DAVID BUIMOVITCH
ដោយ៖ ឈាង បុប្ផា
៣៦ នាទី

នៅថ្ងៃ​អាទិត្យ​ទី ៣ សីហា សមាជិក​របស់​ក្រុម​ហាម៉ាស ៦នាក់​ និង​គណៈ​ប្រតិភូ​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន បានធ្វើ​ដំណើរ​ទៅ​ប្រទេស​អេហ្ស៊ីប​ដើម្បី​ចូលរួម​ចរចា​បង្កើត​បទឈប់បាញ់​នៅ​តំបន់​ហ្កាហ្សា។ អេហ្ស៊ីប​ដែល​ជា​អ្នក​សម្របសម្រួល​បាន​បញ្ជាក់ថា ការចរចា​នៅថ្ងៃ​នេះ​ជា​ឱកាស​បិទបញ្ចប់​សង្រ្គាម​បង្ហូរឈាម នៅ​តំបន់​ហ្កាហ្សា។ នៅថ្ងៃ​នេះ អ៊ីស្រាអែល​ដែល​បាន​ប្រកាស​ថា ទាហាន​បាត់ខ្លួន​បាន​ស្លាប់​នៅក្នុង​សមរភូមិ បាន​បញ្ជាក់ដែរ​ថា ទ័ព​អ៊ីស្រាអែល​​មួយ​ចំនួន​ត្រូវ​បាន​ដក​​ចេញ​ពី​តំបន់​ហ្កាហ្សា​ខាងជើង។ ប៉ុន្តែ យ៉ាងណាក៏ដោយ​ទ័ព​អាកាស​របស់​អ៊ីស្រាអែល នៅថ្ងៃ​អាទិត្យ​បាន​បាញ់​បំផ្លាញ​សាលារៀន​ដែល​គ្រប់​គ្រង​ដោយ​អង្គការ​សហប្រជាជាតិ ដោយ​បាន​សម្លាប់មនុស្ស​យ៉ាង​តិច​១០​នាក់។ 

ផ្សាយពាណិជ្ជកម្ម

តាំងពី​ថ្ងៃ​សៅរ៍ គឺ​ក្រោយ​មេដឹកនាំ​អេហ្ស៊ីប​ប្រកាស​ពី​សារៈសំខាន់​នៃ​ការចរចា​បង្កើត​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន អ៊ីស្រាអែល​បាន​និយាយ​បែបចំអក​រួចហើយ​ថា ការចរចា​នឹង​គ្មាន​ន័យ​អ្វីទេ ព្រោះ ពួកហាម៉ាស​នឹង​នៅ​តែ​រំលោភ​​បទ​ឈប់បាញ់ ដូចដែល​ក្រុមនេះ​ធ្លាប់​តែ​ធ្វើ​កាលពី​ថ្ងៃ​សុក្រ​ម្សិលម្ង៉ៃ។ អ៊ីស្រាអែល​នឹង​ធ្វើ​ពហិការ​មិនចូលរួម​នៅក្នុង​កិច្ចចរចា​នៅថ្ងៃ​នេះ​ នៅក្នុង​ប្រទេស​អេហ្ស៊ីប ព្រោះ​​អ៊ីស្រាអែល​ដឹងរួចហើយ​ថា ខ្លួន​នឹង​យល់ព្រម​​តាម​ការទាមទារ​របស់​ក្រុម​ហាម៉ាស​ទេ។ ដើម្បី​ធ្វើ​បទឈប់បាញ់ ឬ​ដើម្បី​ឲ្យ​ហាម៉ាស​ឈប់​បាញ់​គ្រាប់​រ៉ុកកែត​ទៅក្នុង​ទឹកដី​អ៊ីស្រាអែល ហាម៉ាស​បាន​ទាមទារ​ចំណុចសំខាន់​ពីរ​ ​ពី​អ៊ីស្រាអែល ទីមួយ គឺអ៊ីស្រាអែល​ឈប់​ធ្វើ​នយោបាយ​បិទ​ខ្ទប់​តំបន់​ហ្កាហ្សា ដែល​អ៊ីស្រាអែល​អនុវត្ត​តាំងពី​ឆ្នាំ​២០០៦។ ទីពីរ គឺ​អ៊ីស្រាអែល​ត្រូវ​ដោះលែង​សកម្មជន​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​ចាប់ខ្លួន​ក្រោយ​ការដោះលែង កាលពី​ឆ្នាំ ២០១១។​​​

 
មួយវិញទៀត ការដែល​អ៊ីស្រាអែល​ប្រកាស​ដកទ័ព​ចេញពី​តំបន់​ហ្កាហ្សានៅថ្ងៃ​អាទិត្យនេះ គឺ​អ៊ីស្រាអែល​ដកតែ​មួយភាគ ពី​តំបន់​ភាគខាងជើង​ហ្កាហ្សា ដែល​កងទ័ព​អ៊ីស្រាអែល​បាន​អះអាង​ថា ពួកគេ​បានសម្រេចទិសដៅ គឺ​បំផ្លាញ​រូងក្រោមដី​របស់​ក្រុម​ហាម៉ាស។ តាម​មេបញ្ជាការទ័ព​ជើងគោក​អ៊ីស្រាអែល ទ័ព​មួយ​ផ្នែក​ដក​ត្រលប់​ទៅ​អ៊ីស្រាអែល​វិញ ប៉ុន្តែ កងទ័ព​មួយ​ក្រុម​ថ្មី​នឹង​ចូល​មក​ជំនួស និង​ត្រូវ​បញ្ជូន​ទៅ​ប្រយុទ្ធ​នៅ​ភាគខាងត្បូង​របស់​តំបន់​ហ្កាហ្សា​វិញម្តង។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បិនចាមីន នេតានីញ៉ាហ៊ូ​ផ្ទាល់​ក៏​ទើប​អះអាង​កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញថា សមរភូមិ​ប្រយុទ្ធ​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា នឹងនៅ​មាន​វែង​តទៅទៀត។ ទិសដៅ​គឺបំផ្លាញ​រូងក្រោមដី​របស់​ក្រុម​ហាម៉ាស ដែល​អ៊ីស្រាអែល​វាយតម្លៃ​ថា ជា​ទីសំបុកលាក់ខ្លួន និង​ជាទីតាំង​​បញ្ជាគ្រាប់រ៉ុកកែត​សំដៅ​ទឹកដី​អ៊ីស្រាអែល។ ​

ទាហាន​អ៊ីស្រាអែល​រកឃើញ​រូងក្រោមដី​ជាង​១០ និង​គេ​កំណត់​បាន​ទីតាំង​រូងក្រោមដី​ជាង​៣០​ទៀត
 អ៊ីស្រាអែល​បាន​ប្រើ​ទ័ព​ជើងគោក ទៅក្នុង​តំបន់​ហ្កាហ្សា ក៏ដោយ​សារតែ​ទ័ពអាកាស​មិន​អាច​មើលឃើញ និង​បំផ្លាញ​រូងក្រោមដី​របស់​ក្រុមហាម៉ាស។ តាមអ្នកជំនាញ​ទ័ព​អ៊ីស្រាអែល រូងក្រោមដី​របស់​ក្រុម​ហាម៉ាស​មានទម្រង់​ស្មុគស្មាញ និង​រឹងមាំ។ សូម​បញ្ជាក់​ថា រូងក្រោមដី​នៅក្នុង​តំបន់​ហ្កាហ្សា ត្រូវ​បាន​កសាងឡើង បន្ទាប់ពី​​អ៊ីស្រាអែល ប្រើ​នយោបាយ​​បិទ​ខ្ទប់​ទៅលើ​តំបន់​ហ្កាហ្សា។ អ៊ីស្រាអែល​គ្រប់គ្រង​តាំងពី​ទឹក ភ្លើង និង​ចំនួន​ប្រជាជន​ដែល​ហូរ​ចូល​ទៅរស់នៅក្នុង​តំបន់​ហ្កាហ្សា​ ដោយសារ​តែ​អ៊ីស្រាអែល​បារម្ភ​ថា ប្រជាជន​ប៉ាឡេស្ទីន​ទាំងនោះ​អាច​ជា​គ្រោះថ្នាក់​ដល់​ប្រជាជន​ខ្លួន។

ដើម្បី​រស់ និង​ដើម្បី​ដឹកជញ្ជូន​អាវុធ គ្រាប់​ចូល​ក្នុង​តំបន់​ហ្កាហ្សា ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​បាន​ជីករូងក្រោមដី​ដ៏រឹងមាំ ដើម្បី​រួចផុត​ពីការ​តាមដាន​របស់​អាជ្ញាធរ​អ៊ីស្រាអែល។ ប្រជាជន​ប៉ាឡេស្ទីន​ក៏​លួច​ជញ្ជូន​ទំនិញ របស់ប្រើប្រាស់​ប្រចាំថ្ងៃ ពី​ប្រទេស​អេហ្ស៊ីប តាម​រយៈ​​រូងក្រោម​​ដីនេះដែរ។ ប៉ុន្តែ ការបំផ្លាញ បិទខ្ទប់​រូងក្រោម​ដី​ពី​ខាងទឹកដី​អេហ្ស៊ីប នៅ​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ជួប​ការខ្វះខាត។ ​តាមអ្នកជំនាញ​យោធា​អ៊ីស្រាអែល រូងក្រោមដី​ដែល​ខ្លះ​ស្ថិតនៅ​ជម្រៅ ២០​ម៉ែត្រ ធ្វើ​ឡើង​ពី​បេតុង និង​មាន​ប្រវែង យ៉ាងតិច​ ១០០​ម៉ែត្រ ហើយ​​ច្រកចេញ និង​ច្រក​ចូល​របស់​វា មាន​នៅ​តាម​ផ្ទះ​របស់​ប្រជាជន​ស៊ីវិល សាលារៀន ឬ​ចំការដំណាំ​។ នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប៉ុន្មានថ្ងៃនេះ ទ័ព​អ៊ីស្រាអែល​រកឃើញ​ផងដែរ​រូងក្រោមដី​ដែល​ក្រុម​ហាម៉ាស​បាន​ជីក​ចូល​ទៅក្នុង​ទឹកដី​អ៊ីស្រាអែល។ តាម​អ៊ីស្រាអែល ពួកហាម៉ាស​បាន​ប្រើ​រូងក្រោមដី​ដែល​មាន​ច្រកចេញ​នៅក្នុង​ផ្ទះ​ប្រជាជន​អ៊ីស្រាអែល ដើម្បី​វាយប្រហារ​ទៅ​លើ​ប្រជាជន​អ៊ីស្រាអែល ដោយ​មិន​បន្សល់​ទុកដាន។

តាមរដ្ឋមន្រ្តី​ការពារ​ជាតិ​អ៊ីស្រាអែល សង្រ្គាម​នៅ ហ្កាហ្សា​​បន្ត​​ពេល​យូរតទៅទៀត​ដើម្បី​បំផ្លាញ​រូងក្រោមដីរបស់​ពួក​ហាម៉ាសឲ្យ​អស់​គ្មាន​សល់។ បើ​អ៊ីស្រាអែល​សម្រេច​ទិសដៅ​នេះបាន នោះអ៊ីស្រាអែល​នឹង​អាច​ទទួល​ស្ងប់សុខ​​បាន​ជាច្រើនឆ្នាំ ព្រោះថា ដើម្បី​សាងសង់​រូងក្រោមដី​មួយ គេត្រូវការ​ពេល​យ៉ាងតិច ៣​ឆ្នាំ។ លើកនេះ អ៊ីស្រាអែល​លែង​ចង់​ធ្វើ​ដូចមុន គឺគ្រាន់​តែ​វាយប្រយុទ្ធ​មួយប្រាវ​លើ​ក្រុម​ហាម៉ាស ប៉ុន្តែ ចង់​បំផ្លាញ​សម្បុក​នៅក្រោម​រូងដី ដើម្បី​កុំ​ឲ្យ​ពួក​ហាម៉ាស​អាច​ប្រើ​រ៉ុកកែត​វាយប្រហារ​ជាថ្មី​ទៅលើ​អ៊ីស្រាអែល។

វាយកម្ទេច​រូងក្រោមដី នឹង​អាច​ធ្វើ​ពួកហាម៉ាស​ផ្អាក​សកម្មភាព​តែមួយរយៈ ប៉ុន្តែ មិន​អាច​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ស្ងប់សុខ​រហូតទេ
ដរាបណា អ៊ីស្រាអែល និង​ប៉ាឡេស្ទីនមិនទាន់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយគ្នា នោះអ៊ីស្រាអែល​អាច​ស្រួលខ្លួន​មួយរយៈ ដោយសារ​គ្មាន​គ្រាប់​រ៉ុកកែត​វាយប្រហារ។ សង្រ្គាម​វាយប្រហារទៅលើ​តំបន់​ហ្កាហ្សា នឹង​ធ្វើ​ឲ្យ​ពួកហាម៉ាស​ចុះថមថយ​ផ្នែក​កម្លាំង ប៉ុន្តែ​នឹង​​មិន​ធ្វើ​ឲ្យ​ពួកហាម៉ាសរលាយ​សាបសូន្យ​នោះទេ។ ក្រុមហាម៉ាស​ដែល​កំពុង​បាត់បង់​ប្រជាប្រិយភាព​ដោយសារ​តែ​មិនអាច​គ្រប់គ្រង ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា កាន់តែប្រមូល​ការគំាទ្រ​ពី​ប្រជាជន​ដែល​​ស្អប់​អ៊ីស្រាអែល​ដោយសារការវាយប្រហារ​ដោយ​ហិង្សា​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​អប្រជាប្រិយភាព​របស់​អ៊ីស្រាអែល នៅក្នុង​ឆាក​អន្តរជាតិ។ អ៊ីស្រាអែល​ត្រូវ​គេ​រិះគន់​ខ្លាំង​ថា​គ្មានមនុស្ស​ធម៌ និង​ធ្វើ​សង្រ្គាម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដោយសារ​តែ​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ប្រជាជន​ស៊ីវិល ជាពិសេស​កុមារ។

អ្នកជំនាញ​ខ្លះ​វាយតម្លៃថា ដើម្បី​ស្តារ​មុខមាត់​របស់ខ្លួន អ៊ីស្រាអែល​អាច​យល់ព្រម​ធ្វើ​តាម​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ ដោយ​លែង​ប្រើ​នយោបាយ​បិទខ្ទប់​តំបន់​ហ្កាហ្សា​ដូចមុន ប៉ុន្តែ អ៊ីស្រាអែល​ត្រូវទាមទារ​ឲ្យ​ក្រុម​សកម្មជន​ប៉ាឡេស្ទីន ​ពួកហាម៉ាស​បោះបង់​ចោល​អាវុធ គឺ​ធ្វើ​ឲ្យ​​តំបន់ហ្កាហ្សា គ្មាន​អាវុធ ដើម្បី​ធានាថា ពួកហាម៉ាស​នឹង​គ្មាន​សមត្ថភាព​វាយប្រហារ​ទៅលើ​ប្រជាជន​របស់ខ្លួនទៀត ​ទៅថ្ងៃមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ