អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​បង្កើន​ការ​វាយប្រហារ​ទៅលើ​ក្រុម​ហាម៉ាស់​នៅ​ហ្កាហ្សា

ទឹកដី​ហ្កាហ្សា ដែល​ទទួលរង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​អ៊ីស្រាអែល ថ្ងៃ​ពុធ ៩ កក្កដា ២០១៤
ទឹកដី​ហ្កាហ្សា ដែល​ទទួលរង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​អ៊ីស្រាអែល ថ្ងៃ​ពុធ ៩ កក្កដា ២០១៤ ©Reuters.
ដោយ៖ សេង ឌីណា
១៤ នាទី

កងទ័ព​អ៊ីស្រាអែល​បាន​បង្កើន​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទីតាំង​របស់​ពួក​ហាម៉ាស់ នៅថ្ងៃ​ពុធ​នេះ ដែល​ជា​ថ្ងៃ​ទីពីរ នៃ​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា។ ក្រុម​ប្រដាប់អាវុធ​ហាម៉ាស់វិញ​ក៏​បាន​បង្កើន​ការ​វាយប្រហារ​ដោយ​រ៉ុកកែត​ទៅលើ​អ៊ីស្រាអែល​ផងដែរ ដោយ​បាន​ប្រើ​រ៉ុកកែត​រយៈចម្ងាយ​ឆ្ងាយ​បាញ់​សំដៅ​ទៅ​កាន់​ទីក្រុង​ធំៗ​មួយចំនួន ក្នុងនោះ ក៏​រួមមាន​ក្រុង​យេរូសាឡឹម និង​ក្រុង​តែលអាវីវ​ (Tel Aviv) ផងដែរ។

ផ្សាយពាណិជ្ជកម្ម

 

បើ​យោងតាម​មន្រ្តី​យោធា​អ៊ីស្រាអែល កាល​ពី​យប់ថ្ងៃ​អង្គារ ឈានចូល​ថ្ងៃ​ពុធ​នេះ កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​ទៅលើ​ទីតាំង​ហាម៉ាស់​​ចំនួន ១៦០​កន្លែង នៅ​ក្នុង​ទឹកដី​ហ្កាហ្សា។

ក្រុម​ហាម៉ាស់​បាន​ធ្វើការ​តបតមកវិញ​ ដោយ​បាន​ប្រើ​រ៉ុកកែត​រយៈចម្ងាយ​ឆ្ងាយ​បាញ់​ផ្លោង​សំដៅ​ទៅលើ​ទីក្រុង​ធំៗ​មួយចំនួន ដូចជា ទីក្រុង​តែលអាវីវ ក្រុង​យេរូសាឡឹម និង​ក្រុង​ហៃហ្វា ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​អ៊ីស្រាអែល ​ចម្ងាយ​ប្រមាណ​​ពី ៦៥គីឡូម៉ែត្រ ទៅ​១៦៥គីឡូម៉ែត្រ ពី​ទឹកដី​ហ្កាហ្សា។ ក៏ប៉ុន្តែ គេ​មិនឃើញ​មាន​សេចក្តីរាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់ ឬ​របួស ដោយ​រ៉ុកកែត​នេះ​ទេ។

បើ​យោងតាម​មន្រ្តី​យោធា​អ៊ីស្រាអែល រ៉ុកកែត​មួយចំនួនធំ ដែល​ពួកហាម៉ាស់​បាញ់​ផ្លោង​ទៅលើ​ក្រុង​ធំៗ​អស់ទាំងនេះ ត្រូវ​បាន​ប្រព័ន្ធ​ខែលការពារមីស៊ីល​អ៊ីស្រាអែល (Iron Dome) ស្ទាក់បាញ់​កម្ទេចចោល​នៅលើ​អាកាស ចំណែក​ឯរ៉ុកកែត​ខ្លះ​ទៀត​ត្រូវ​ធ្លាក់​នៅ​ចំកន្លែង​ដែល​មិនមាន​មនុស្ស។

នៅ​ខាង​ប៉ាឡេស្ទីនវិញ ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល ចំនួន ២ថ្ងៃ​កន្លងទៅនេះ បាន​បណ្តាល​ឲ្យ​​ មនុស្ស​យ៉ាងតិច ២៨នាក់​ត្រូវ​បាត់បង់​ជីវិត ក្នុងនោះ ១៨នាក់​ជាជនស៊ីវិល ដោយ​រួមមាន​ទាំង​កូនក្មេង ចំនួន ៥នាក់ផង។ មនុស្ស​ប្រមាណ​​​ជាង ១០០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។

គួរបញ្ជាក់ថា ការ​បាញ់​ផ្លោង​រ៉ុកកែត និង​ការ​​វាយប្រហារ​តាមផ្លូវអាកាសតបគ្នា​ទៅវិញ​ទៅមក រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ តែងតែ​កើតមាន​ជារឿយៗ។ ក៏ប៉ុន្តែ ជម្លោះ​​នៅ​ពេលនេះ កំពុងតែ​ធ្លាក់ចូល​ក្នុង​សភាពធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ ចាប់តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២​មក។

នៅពេលនេះ អ៊ីស្រាអែល​បាន​កេណ្ឌ​ទាហាន​បម្រុង​រាប់ម៉ឺននាក់ ព្រមទាំង​​ចល័ត​រថក្រោះ​ជាច្រើន​គ្រឿង​ទៅ​កាន់​ព្រំដែន​ហ្កាហ្សា ហើយ​មន្រ្តី​យោធា​អ៊ីស្រាអែល​បាន​បង្ហើប​ឲ្យដឹង​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ​អាច​នឹង​ជំរុញ​ឲ្យ​​អ៊ីស្រាអែលត្រូវ​​បើក​ប្រតិបត្តិការ​ជើងគោក​ទៅលើ​ទឹកដី​ហ្កាហ្សា។ ប្រតិបត្តិការ​ជើងគោក​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ។ គេ​នៅ​ចាំបានថា ប្រតិបត្តិការ​ទ័ព​ជើងគោក​អ៊ីស្រាអែល​នៅ​​ហ្កាហ្សា កាល​ពី​ឆ្នាំ​២០០៨ បាន​សម្លាប់​មនុស្ស​រហូតដល់​ទៅ​ជាង ១ពាន់នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ