ស៊ីរី-អ៊ីស្រាអែល

ស៊ីរី​​ប្រកាស​​​​​ថា​​​​​​បាន​​កំទេច​​​​យន្តហោះយោធា​​​​អ៊ីស្រាអែល​​២គ្រឿង​​ តែ​​អ៊ីស្រាអែល​​បដិសេធ​

ទាហាន​អ៊ីស្រាអែល​ នៅព្រំដែន​ស៊ីរី តំបន់​ខ្ពង់រាប​ Golan
ទាហាន​អ៊ីស្រាអែល​ នៅព្រំដែន​ស៊ីរី តំបន់​ខ្ពង់រាប​ Golan REUTERS/Ronen Zvulun

កងទ័ព​ស៊ីរី​បានប្រកាស​ថា បានកំទេច​យន្តហោះ​យោធា​អ៊ីស្រាអែល​២គ្រឿង ​នៅថ្ងៃអង្គារ​នេះ ​ក្រោយ​​​អ៊ីស្រាអែល​បាន​វាយប្រហារ​ទីតាំងកាំភ្លើង​ធំ​របស់​ស៊ីរី។ ​អ៊ីស្រាអែល​បាន​បដិសេធ​​ព័ត៌មាន​នេះ។ យោងតាម​អ៊ីស្រាអែល យន្តហោះ​យោធា​ខ្លួន មិនបានជួប​បញ្ហា​សន្តិសុខ​ទេ។ 

ផ្សាយពាណិជ្ជកម្ម

បើតាម​ការអះអាង​របស់​កងទ័ព​​ស៊ីរី កងទ័ព​ស៊ីរី​បានបាញ់​យន្តហោះ​យោធា​១គ្រឿងរបស់​អ៊ីស្រាអែល នៅ​ភាគខាងត្បូង​ស៊ីរី ក្នុង​ខែត្រ​គូណីត្រា។ កងទ័ព​ស៊ីរី​ក៏បាន​កំទេច​​​យន្តហោះ​ដ្រូន​មួយគ្រឿង របស់អ៊ីស្រាអែលដែរ ​នៅខែត្រ​ដាម៉ាស។ កងទ័ព​ស៊ីរី​ប្រាប់ថា ធ្វើដូច្នេះ​ដើម្បីឆ្លើយតប​​នឹង​អ៊ីស្រាអែល​ដែលបាន​ឈ្លានពាន​ចូល​ទីតាំង​យោធាស៊ីរី​​ នៅខែត្រ គូណីត្រា​ ​ដែល​​នៅ​មិនឆ្ងាយ​ពី​ខ្សែបន្ទាត់​​ព្រំដែន​ជាមួយអ៊ីស្រាអែលទេ។ ​

អ៊ីស្រាអែល​បាន​ឆ្លើយបដិសេធ​ព័ត៌មាន​នេះ។ មុនមាន​ព័ត៌មា​ននេះ អ៊ីស្រាអែល​ប្រាប់ថា ​បាន​វាយប្រហារ​​ទីតាំង​យោធា​ស៊ីរី នៅតំបន់ខ្ពង់រាប​​​ហ្កូឡាន ក្រោយមាន​គ្រាប់កាំភ្លើង​ត្បាល់ ហោះ​មកធ្លាក់​នៅទីនោះ។ បើយោងតាម​កងទ័ព​ស៊ីរី គ្រាប់កាំភ្លើង​ត្បាល់នេះ មិនបាន​សម្លាប់​មនុស្ស​​រឺ​ធ្វើអោយ​មានជនណាម្នាក់​រងគ្រោះទេ។ គ្រាប់ត្បាល់​នេះ វា​ជាផលវិបាក​នៃ​សង្គ្រាម​ក្នុងទឹកដី​ស៊ីរី​ឯណោះទេ។ ទោះជា​គ្រាប់កាំភ្លើង​ត្បាល់ដែលធ្លាក់​ក្នុង​តំបន់​ហ្កូឡាន​​ ជាទូទៅ​ ជា​ផលវិបាកនៃ​​សង្គ្រាម​​ស៊ីរី ក៏​អ៊ីស្រាអែល​តែងទំលាក់កំហុស​នេះ​ទៅលើ​រដ្ឋាភិបាល​ស៊ីរី​ជានិច្ច។

គួររំលឹកដែរថា ​​អ៊ីស្រាអែល​​ដណ្តើមយក ​ដែនដីតំបន់ហ្កូឡាន ​១២០០គីឡូម៉ែត្រ​ការ៉េ ពី​​​​ស៊ីរី​ ក្នុងសង្គ្រាម​៦ថ្ងៃ នៅ​ឆ្នាំ​១៩៦៧។ អ៊ីស្រាអែល​បាន​ដាក់តំបន់នេះ ជាឧបសម្ព័ន្ធ ប៉ុន្តែ​​សហគមន៍​​​អន្តរជាតិ​មិនដែល​​​ទទួលស្គាល់​​ទង្វើ​​​អ៊ីស្រាអែល​ទេ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI