ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំធំៗ​ក្នុង​ពិភពលោក​ចូលរួម​បុណ្យសព​ លោកស្ហ៊ីម៉ុន​ ពេរ៉េស​ នៅ​អ៊ីស្រាអែល​

សំឡេង ០៤:៥៧
អតីតប្រធានាធិបតី​អាមេរិក ​បៀល គ្លីនតុន ឧទ្ទីសដល់​សព​លោក​ពេរ៉េស
អតីតប្រធានាធិបតី​អាមេរិក ​បៀល គ្លីនតុន ឧទ្ទីសដល់​សព​លោក​ពេរ៉េស REUTERS/Baz Ratner TPX IMAGES OF THE DAY

នៅ​ក្រុងហ្សេរុយហ្សាឡិម ថ្ងៃសុក្រ​នេះ ​មេដឹកនាំ​កំពូលៗ ​និង​តំណាងគណៈ​ប្រតិភូ មកពី​​៧០ប្រទេស​​​ក្នុង​ពិភពលោក​ បាននាំគ្នា​ចូលរួម​កុះករ ក្នុង​ពិធី​បុណ្យសព​លោក​ស្ហ៊ីម៉ុន ពេរ៉េស។ ស្ហ៊ីម៉ុន ពេរ៉េស​​​ ជា​ស្ថាបនិក​​មួយរូប​​នៃ​​រដ្ឋ​​អ៊ីស្រាអែល និង​​ជា​​ជ័យលាភី​ណូបែល​សន្តិភាព​ ក្រោយ​​អ៊ីស្រាអែល​​​​​និង​ប៉ាឡេស្ទីន សម្រេច​បាន​កិច្ចព្រមព្រៀង​​សន្តិភាព​អូស្លូ ឆ្នាំ១៩៩៣​។ ​

ផ្សាយពាណិជ្ជកម្ម

លោក​ពេរ៉េស​​បាន​ទទួល​មរណភាព​​​កាលពី​ថ្ងៃពុធ ក្នុង​អាយុ​៩៣ឆ្នាំ ដោយសារ​ដាច់សរសៃ​ឈាម​ខួរក្បាល។សព​របស់​លោក​ត្រូវបញ្ចុះ​​ក្បែរ​សព​ អតីតនាយករដ្ឋមន្ត្រី​យីតហ្សាក់ រ៉ាប៊ីន​ ដែល​ត្រូវគេធ្វើឃាត​កាលពី​ឆ្នាំ១៩៩៥។ ​

លោក​អូបាម៉ា, ចន ឃែររី, ចូ បៃដិន អតីត​ប្រធានាធិបតីអាមេរិក​​បៀល គ្លីនតុន ​​ប្រធានាធិបតី​បារាំង ហូឡង់ និង​សាកូហ្ស៊ី, ព្រមទាំង​លោក ​ចូអាគីម ហ្កឹក ជាប្រធានាធិបតី​​អាល្លឺម៉ង់, ​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេរេសា មៃ ​និង​លោក​ថូនី ប្ល៊ែរ, ប្រធានាធិបតី​តូហ្គោ ​លោក​ញ៉ាសសាំងបេ​ ​រឺក៏ក្សត្រ​អេស្ប៉ាញជាដើម។

វត្តមាន​ពិសេស​របស់​មេដឹកនាំ​ប៉ាឡេស្ទីន លោក​ម៉ាមូត អាបាស ​
វត្តមា​នពិសេស​​លេចធ្លោ​ជាងគេក្នុងពិធីបុណ្យសព​នេះ​​​ដែរ​ ​គឺវត្តមាន​​មេដឹកនាំ​ប៉ាឡេស្ទីន លោក​ម៉ាមូត អាបាស​។ ជា​វត្តមាន​​​​និមិត្តរូប​ផងដែរ ព្រោះ​គ្មានមេដឹកនាំ​កំពូល​​ប្រទេស​អារ៉ាប់​ណាមួយចូលរួម​បុណ្យសព​នេះ​​ទេ។  អេហ្ស៊ីប​​ដែលបាន​​បញ្ចប់សង្គ្រាម​ជាមួយ​អ៊ីស្រាអែល ​បានត្រឹម​​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស​ខ្លួន អោយ​មកចូលរួម​ប៉ុណ្ណោះ។

ទាល់តែ​លោក​ពេរ៉េស ស្លាប់ ទើប​​​គេឃើញ​​លោក​អាបាស លេច​វត្តមា​នឡើងវិញ។ ​​លោកអាបាស ​សុខចិត្ត​ឈានជើង​ចូលទឹកដី​អ៊ីស្រាអែល ជាសត្រូវរបស់​​​​ប៉ាឡេស្ទីន ក៏​ដោយសារ​​លោក​យោគយល់​ដល់​កិច្ចព្រមព្រៀង​​​​សន្តិភាពអូស្លូ ​ដែល​​​អ៊ីស្រាអែល​​និង​ប៉ាឡេស្ទីន​ សម្រេចបាន​​ឆ្នាំ១៩៩៣ដែរ ហើយ​​ទោះជា​បច្ចុប្បន្ននេះ ​គ្មាន​ភាគី​ណាមួយ គោរព​តាម​កិច្ចព្រមព្រៀង​អូស្លូ​ក្តី។

មូលហេតុ​គឺថា ​កិច្ចព្រមព្រៀង​អូស្លូស្វែង​រក​ដំណោះស្រាយ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​​ ​ ​​​​សម្រេចបាន​ដោយមាន​ការចូលរួម​ប្រឹងប្រែង​របស់​​លោក​ស្ហ៊ីម៉ុន ពេរ៉េស ​នេះហើយ។ កាលលោក​ពេរ៉េស នៅ​ជា​រដ្ឋមន្ត្រីការបរទេស​​អ៊ីស្រាអែល លោក​បាន​ទៅចរចា​ ដោយ​សំងាត់​ជាមួយ​មេដឹកនាំ​ប៉ាឡេស្ទីន។

​ដោយសារសម្រេចបាន​​​​កិច្ចព្រមព្រៀង​អូស្លូ​នេះ ​ទើបលោកពេរ៉េស និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​​ជំនាន់នោះ​ គឺ​លោក​យីតហ្សាក់ រ៉ាប៊ីន ព្រមទាំង​​​​​អតីត​មេដឹកនាំ​ប៉ាឡេស្ទីន ​លោក​យ៉ាសសេ អារ៉ាហ្វាត បាន​ទទួលពានរង្វាន់​ណូបែល​សន្តិភាពទាំងអស់គ្នា នៅឆ្នាំ១៩៩៤។ លោក​រ៉ាប៊ីន និង​លោក​អារ៉ាហ្វាត សុទ្ធតែ​ស្លាប់​ទៅហើយ។ លោក​ពេរ៉េស ជា​ម្ចាស់ណូបែល​ចុងក្រោយគេ ដែលទទួល​មរណភាព។ ​

ពេល​លោក​ពេរ៉េស ស្លាប់​ភ្លាម កាលពី​ថ្ងៃពុធ លោកអាបាស​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​គ្រួសារ​​លោក​ពេរ៉េស។ លោក​​​បាន​លើកសរសើរ​​ លោក​ពេរ៉េស​ថា ​ជាដៃគូដ៏​​ក្លាហាន ក្នុង​ការ​ស្វែងរក​សន្តិភាព ជាមួយ​ប៉ាឡេស្ទីន។ ​

ថ្ងៃសុក្រនេះ ​លោក​អាបាស​ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បាន​ចាប់ដៃគ្នា​ និង​និយាយ​រកគ្នា​បន្តិចបន្តួចដែរ។ លោក​អាបាស​ប្រាប់​លោក​នេតាន់យ៉ាហ៊ូ​ថា លោក​រីករាយ​ណាស់​​ដែល​បានជួប​លោក​នេតាន់យ៉ាហ៊ូ ព្រោះ​ខានជួប​យូរមកហើយ។ ​គិតទៅ​លោក​អាបាស និង​លោក​នេតាន់យ៉ាហ៊ូ ខានចាប់ដៃគ្នា​ដូច្នេះ ជិត​១ឆ្នាំ​ហើយ គិតតាំង​ពីជំនួប​កំពូល​​ស្តីពី​អាកាសធាតុ ​នៅ​ក្រុងប៉ារីសមក។

ការចាប់ដៃគ្នា​លើកនេះ ទោះក្នុង​រយៈពេល​ខ្លី​ ក៏ធ្វើអោយគេ​នឹក​​​​ដល់​ថ្ងៃ១៣កញ្ញា ឆ្នាំ១៩៩៣ ពេល​​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ​ចុះហត្ថលេខា លើ​​កិច្ចព្រមព្រៀង​អូស្លូ នៅ​ក្រុង​វ៉ាស៊ីនតោន។ ​

ថ្ងៃចុះ​​ហត្ថលេខា​កិច្ចព្រមព្រៀង​អូស្លូ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ជំនាន់​នោះ គឺ​លោក​រ៉ាប៊ីន បានចាប់ដៃ​មេដឹកនាំ​​ប៉ាឡេស្ទីន ​​លោក​អារ៉ាហ្វាត។ ​ក្នុងពិធី​បុណ្យសព​លោក​ពេរ៉េស ​ថ្ងៃសុក្រ​នេះ ​មេដឹកនាំ​​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ ចាប់ដៃ​មេដឹកនាំ​ប៉ាឡេស្ទីន អាបាស នេះក៏អាច​ចាត់ទុក​​ថា ​ជា​និមិត្តរូប​តូចមួយដែរ រវាង​សត្រូវទឹកដី​ទាំង២។

មេដឹកនាំ​កំពូល​​អារ៉ាប់ស្ងាត់ឈឹង ​មិនមក​ចូលរួម​បុណ្យសព ដូចលោក​អាបាស ​
គ្មាន​​វត្តមាន​មេដឹកនាំ​កំពូល​អារ៉ាប់ណាមួយ ចូលរួម​បុណ្យសព​លោក​ពេរ៉េសទេ​ ក្រៅតែ​ពី​ពីមេដឹកនាំ​ប៉ាឡេស្ទីន ម៉ាមូត អាបាស។ មេដឹកនាំ​ប្រទេស​អារ៉ាប់​​​មិនហ៊ានមក​ចូលរួម​បុណ្យសព ក៏អាចដោយសារ​​​ខ្លាច​រងការរិះគន់​ពី​ប្រជាជន​ក្នុងស្រុក​ដែរ។

គេគ្រប់គ្នា​​សុទ្ធតែមើលឃើញថា​ កិច្ចព្រមព្រៀង​សន្តិភាព​អូស្លូ​ស្លាប់​បាត់​យូរ​​ហើយ ហើយ​អ៊ីស្រាអែលនៅតែ​​​ធ្វើបាប​ប៉ាឡេស្ទីន ​​ដាក់អាណានីគមជនជាតិជ្វីហ្វ ​​នៅ​ស៊ីសហ្ស៊កដានី។ ត្បិតថា លោក​ពេរ៉េស​ខំ​រកដំណោះស្រាយ​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ ក្នុង​រយៈពេល​ចុងក្រោយ​​នៃជីវិត​របស់​លោក​​ក្តី ​ក៏​មិនអាច​​​កែប្រែចិត្ត​ប្រជាជន​អារ៉ាប់ ពិសេស​ប្រជាជន​ប៉ាឡេស្ទីនអោយ​ឈប់ស្អប់​រូបគាត់​ដែរ។ ​

​ក្នុង​ប្រវត្តិសាស្ត្រ​ គឺ​លោក​ពេរ៉េស​នេះហើយ ដែ​លបាន​គាំទ្រ​អោយអ៊ីស្រាអែល​​​ដាក់​អាណានិគម​​ដំបូងគេ នៅ​ស៊ីសហ្ស៊កដានី។ លោក​ពេរ៉ែស ធ្លាប់​​​បាន​សុំ​​បារាំង​អោយ​​ជួយសង់​រោងចក្រ​នុយក្លេអ៊ែរ អោយ​អ៊ីស្រាអែល​។ ក្រោម​ការដឹកនាំ​របស់​លោក ឆ្នាំ១៩៩៦ ទ័ពអ៊ីស្រាអែល​​បានទំលាក់គ្រាប់បែក នៅភូមិលីបង់មួយ សម្លាប់​​ប្រជាជន​ស៊ីវិល ជាង១០០នាក់។​

មុននឹង​​ក្លាយខ្លួន ជា​មនុស្ស​សន្តិភាពម្នាក់ ​លោកពេរ៉េស ធ្លាប់​​បង្ក​បញ្ហា​ជាមួយ​ប្រជាជន​អារ៉ាប់ ជាមួយ​​ប៉ាឡេស្ទីនច្រើន​​ហើយ។ ដូច្នេះ ពិបាក​នឹង​ផ្សះផ្សា​កំហឹង​ប្រជាជន​ប៉ាឡេស្ទីនណាស់។ ដោយសារ​​មកចូលរួម​បុណ្យ​សព​​លោក​ពេរ៉េស មេដឹកនាំ​ប៉ាឡេស្ទីន​ម៉ាមូត អាបាស ត្រូវ​ប្រថុយ​​​​ប្រឈម​នឹង​ការរិះគន់ពីប្រជាជន​ប៉ាឡេស្ទីន។

លោក​អាបាស ឈានជើង​ចូល​​​អ៊ីស្រាអែល ថ្ងៃសុក្រ​នេះ បូករួម​ទាំងសំបុត្រ​ចូលរួម​រំលែកទុក្ខ​គ្រួសារសព ដែលលោក​ផ្ញើអោយ​គ្រួសារ​លោក​ពេរ៉េស​ ​ធ្វើអោយ​​ក្រុមហាម៉ាស​​​​​រិះគន់លោក​​ខ្លាំងណាស់។ ​ក្រុមហាម៉ាសចាត់ទុក​​​ស្ថាបនិក​អ៊ីស្រាអែល ​​ពេរ៉េស​ ថា​​ជា​ឧក្រិដ្ឋជន​សង្គ្រាម។ ​មេដឹកនាំ​អារ៉ាប់​គ្មានវត្តមាន​នៅ​ពិធីបុណ្យសព​របស់​លោក​ពេរ៉េស ក៏ប្រហែល​​ដោយសារ​មូលហេតុ​ទាំងអស់ខាងលើ​នេះដែរ។

ប៉ូលិសអ៊ីស្រាអែលត្រៀម​ការពារ​សន្តិសុខ​កម្រិតខ្ពស់បំផុត​ 

ពិធីបុណ្យ​សព​លោក​ពេរ៉េស​ ជាពិធី​បុណ្យ​ធំ មិនធ្លាប់​មានពីមុនទេនៅអ៊ីស្រាអែល​ គិតតាំង​ពិី​ថ្ងៃបុណ្យសព​អតីត​នាយករដ្ឋមន្ត្រី​ ​រ៉ាប៊ិន ឆ្នាំ១៩៩៥។ ​វត្តមា​នមេដឹកនាំ​កំពូលៗ​ពិភពលោក ថ្ងៃនេះ អាច​​ទាក់ទាញ​ក្រុមភេរវជន​ រឺ​ជនជ្រុលនិយម​ណាមួយ​អោយឆក់ឱកាស​ បង្ក​ភេរវកម្ម​​​បាន។​ ​​ប៉ូលិស​​បានពង្រាយ​កងកម្លាំង​​៨ពាន់នាក់ ដើម្បី​ធានា​សុវត្ថិភាព​ពិធី​បុណ្យ។ ​

កង​​ការពារ​សន្តិសុខ​សម្រាប់​​​មេដឹកនាំ​បរទេស​​មានដល់​ទៅ​រាប់រយនាក់​។ ​ប៉ូលិសត្រៀម​ចាប់ទាំង​ជនជ្រុលនិយម​ជ្វីហ្វ​ផងដែរ។ អាជ្ញាធរ​​​បារម្ភ​ថា ប៉ាឡេស្ទីន​អាចឆ្លៀត​​​បង្ក​ហិង្សា​ណាមួយបាន ព្រោះ​ថ្ងៃបុណ្យ​សព​នេះ ជាន់ពេល​គ្នាជាមួយ​បុណ្យរបស់​ជនជាតិ​ជ្វីហ្វ៕ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI