អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល-ប៉ាឡេស៊ីន ៖ ហ្ស័កដានីចង់​ប្តឹងក្រុម​ប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អ៊ីស្រាអែល

សំឡេង ០៥:៥៩
ការ​ប៉ះទង្គិច​គ្នា​រវាង​យុវជន​ប៉ាឡេស្ទីន និង​ប៉ូលិស​អ៊ីស្រាអែល នៅ​ទីលាន​វិហារ​អ៊ីស្លាម ក្រុង​ហ្ស៊េរុយសាឡិមខាង​កើត ថ្ងៃ​ទី ៥ វិច្ឆកា ២០១៤
ការ​ប៉ះទង្គិច​គ្នា​រវាង​យុវជន​ប៉ាឡេស្ទីន និង​ប៉ូលិស​អ៊ីស្រាអែល នៅ​ទីលាន​វិហារ​អ៊ីស្លាម ក្រុង​ហ្ស៊េរុយសាឡិមខាង​កើត ថ្ងៃ​ទី ៥ វិច្ឆកា ២០១៤ REUTERS/Ammar Awad
ដោយ៖ អៀង សុខម៉ិញ
៣០ នាទី

ស្ថានភាព​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម កំពុង​ស្ថិត​ក្នុង​ភាព​តាន​តឹង​ខ្លាំង​ ! ក្រុម​អ្នកជាតិ​និយម​​ជ្រុល​អ៊ីស្រាអែល​បាន​អំពាវនាវ​​ដើរ​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ សំដៅ​ទីលាន​វិហារ​អ៊ីស្លាម​ ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​ផ្ទុះអំពើ​ហិង្សា​ជា​ថ្មី ដូច​ថ្ងៃពុធ​ម្សិលមិញ។ ក្រុង​ហ្ស៊េរុយសាឡិម​​ខាង​កើត​ បាន​បាន​រង​ភេរវកម្ម​បើក​ឡាន​បុក​សម្លាប់​មនុស្ស ដែល​បណ្តាល​ឱ្យ​ប៉ូលិស​អ៊ីស្រាអែល​​ស្លាប់​ម្នាក់​និង​របួស​ជា​ច្រើន​នាក់។ ហើយ​នៅ​ល្ងាច​មិញ​ទៀត​ ការ​វាយប្រហារ​ប្រភេទ​ដូច​គ្នា​បាន​កើត​​ឡើង​នៅ​ស៊ីហ្ស័កដានី។ អំពើ​ហិង្សា​ដែល​អាច​ជា​ប្រភព​នាំ​ឱ្យ​ បណ្តា​ជន​ប៉ាឡេស្ទីន​ងើបឡើង​បះបោរ ​(Intifada) សាជាថ្មីម្តងទៀតផង។

ផ្សាយពាណិជ្ជកម្ម

មក​ទល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុង​ហ្ស៊េរុយសាឡិម ហាក់​បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់​វិញ​បន្តិច​ហើយ ប៉ុន្តែជា​ស្ថានការណ៍​ផុយ​ស្រួយ​បំផុត ​គ្មាន​អ្វី​គួរ​ឱ្យ​ទុក​ចិត្ត​ទេ។

​នៅ​ពេញ​មួយ​យប់​មិញ ក្រុង​ហ្ស៊េរុយសាឡិម​ ជាពិសេស​ក្នុង​សង្កាត់​អ៊ីស្លាម បាន​ស្គាល់​​​ភាព​តាន​តឹង​ខ្លាំង។ ក្រោយ​ពី​ហេតុការណ៍​ភេរវកម្ម​​ជន​ប៉ាឡេស្ទីន​បើក​ឡាន​បុក​ទាហាន​អ៊ីស្រាអែល​មក យុវជន​ប៉ាឡេស្ទីន​និង​ប៉ូលិស​អ៊ីស្រាអែល​ បាន​ប្រឈម​មុខ​ដាក់​គ្នា នៅ​ទីលាន​វិហារ​អ៊ីស្លាម រហូត​មាន​ទាំង​ការ​ប៉ះទង្គិច​ផង និង​ការ​ចាប់​ខ្លួន​ផង​។

រថយន្ត​មរណៈ

ការ​វាយ​ប្រហារ​ភេរវកម្ម​ បើក​ឡាន​បុក​សម្លាប់មនុស្ស លើក​ទី​មួយ ជា​ស្នាដៃ​របស់ ជន​ប៉ាឡេស្ទីន​អាយុ​៣៨​ឆ្នាំ​​ បើក​ឡានសំដៅ​កិន​ហ្វូង​​មនុស្ស​ ប្រព្រឹត្ត​ទៅ​ពេល​ព្រឹក​ កណ្តាល​​ក្រុង​ហ្ស៊េរុយសាឡិម សម្លាប់​ប៉ូលិស​អ៊ីស្រាអែល​ម្នាក់។ អ្នក​បើក​ឡាន​ត្រូវ​កម្ចាត់ស្លាប់​​បាន​ភ្លាម​នៅ​នឹង​កន្លែង​​ដែរ។ ហេតុការណ៍ នេះ​កើត​ឡើង​សឹង​ថា​នៅ​ចំ​កន្លែង​តែ​មួយ (កន្លែង​​ខណ្ឌ​ចែក​សង្កាត់​អ៊ីស្លាមរបស់​ប៉ាឡេស្ទីន និង​សង្កាត់​ជីហ្វ របស់​អ៊ីស្រាអែល) ខុស​គ្នា​តែ​ប្រមាណ​១០០​ម៉ែត្រ ​​ពី​កន្លែង​​ភេវកម្ម​ ​ថ្ងៃ​ទី ២២​តុលា។

ការ​វាយប្រហារ​ដោយ​ប្រើ​ឡាន​សម្លាប់ទីពីរ​ បាន​ប្រព្រឹត្ត​ទៅ​ នៅ​ស៊ីហ្ស័កដានី​ម្តង។ អ្នក​បើក​ឡាន​រត់​គេច​ខ្លួន​បាន។ ជា​សរុប​ ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្តាហ៍​ផង ហ្ស៊េរុយសាឡិម បាន​រង​ភេរវកម្ម​ដល់​ទៅ​បួន​ដង។ ហើយ​រលក​វាយ​ប្រហារ​ភេរវកម្ម​ ប្រឆាំង​នឹង​អ៊ីស្រាអែល នេះ​ មាន​​​ប្រើ​មធ្យោបាយ​​ថ្មី គឺ​ប្រើ​ឡាន​បើក​កិន​សម្លាប់​មនុស្ស​។

​មូលហេតុ​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា​

លក្ខន្តិកៈ​ នៃក្រុង ហ្ស៊េរុយសាឡិម ​ជាប្រធានបទ​ចរចា​ដ៏​តាន​តឹង​​ក្នុង​​​​ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន។ ​ហ្ស៊េរុយសាឡិម ក្រុង​​របស់​​តំបន់​ដើម​បូព៌ា ដែល​ប្រភព​នៃ​ការ​កកើត​​សាសនា​គ្រិស្ត ជីហ្វ និង​អ៊ីស្លាម។ អ៊ីស្រាអែល​ប្រកាស​យក​មក​ធ្វើ​ជា​រដ្ឋធានី​របស់​ខ្លួន​នៅ​ឆ្នាំ ១៩៦៧ ហើយ​ប៉ាឡេស្ទីន​វិញ​នៅ​ឆ្នាំ ១៩៨៨។ ក្រុង​នេះ​មាន​រស់​នៅ​ចម្រុះ​ជាតិ​សាសន៍ សាសនា តែ​មាន​ការ​បែង​​ចែក​ជា​សង្កាត់ធំៗ​ពីរ​ប្រឈមមុខ​គ្នា សង្កាត់​​អ្នក​អ៊ីស្លាម និង​សង្កាត់​ជីហ្វ … ភាគ​​ខាង​លិច​ ជា​របស់​អ៊ីស្រាអែល និង​ខាង​កើត​ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រាប់​ថា​ជា​តំបន់​ក្រោម​អាណានិគមកិច្ចអ៊ីស្រាអែល។​

ជា​ទូទៅ បណ្តា​ជន​ប៉ាឡេស្ទីន ដោយ​មិន​និយាយ​អំពី​ស្ថានភាព​នៅ​ក្នុង​អាណានិគមកិច្ច ត្រដរ​រស់ប្រឈម​មុខ​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​អ៊ីស្រាអែល ជា​ពិសេស​នៅ​ហ្សេរុយសាឡិម​ខាង​កើត ទី​ដែល​មាន​វិហារ​អ៊ីស្លាម​ផង និង​​​វិហារ​ដោម​ជា​ទី​គោរព​បូជា​របស់​ជនជាតិ​ជីហ្វ​ផង​។
ប៉ុន្តែ​បច្ចុប្បន្ន​នេះ មាន​តែ​បណ្តា​ជន​អ៊ីស្លាម​ទេ ដែល​អាច​ចូល​ទៅ​គោរព​បន់​ស្រន់​​ទី​សក្ការៈ សំខាន់​​ទី​បី​របស់​ពិភព​អ៊ីស្លាម​ ​ នៅ​ហ្ស៊េរុយសាឡិមនេះ​បាន។​ ប៉ុន្តែ​មួយ​រយៈ​​ចុងក្រោយ​នេះ ជនជាតិ​ជីហ្វ​ជ្រុលនិយម​ ដែល​គ្មាន​សិទ្ធិ​សោះ​ ចេះតែ​នាំ​គ្នា​រំលោភ​បម្រាម​ចូល​ទៅ​​​បន់​ស្រន់​ដែរ ដែល​ធ្វើ​ឱ្យ​បណ្តា​ជន​ប៉ាឡេស្ទីន​យល់​ថា​ជាសកម្មភាព​​ញុះញង់​បង្ក​ហេតុ។

ម្សិលមិញ គេ​មិន​ដឹង​ថា​ ដោយ​មូល​ហេតុ​​​​​ភេរវកម្ម ឬ​យ៉ាងណា​ទេ ​បាន​ជា​ក្រុម​ជ្រុល​ជីហ្វ នាំ​គ្នា​សម្រុក​ទៅ​ទីលាន​វិហារ​អ៊ីស្លាម។​ បន្ទាប់​មក​ក៏​មាន​​ការ​ប៉ះទង្គិច​ដ៏​ហិង្សា​ រវាង​យុវជន​ប៉ាឡេស្ទីន​និង​ប៉ូលិស​អ៊ីស្រាអែល ដល់​ខាង​ក្នុង​វិហារ​ តែ​ម្តង។ ទង្វើ​នេះ ​​អាចជា​គ្រោះ​​​ដុត​បញ្ចេះ​ពិភព​អ៊ីស្លាម​ឱ្យ​ងើប​ប៉ះបោរ​ធ្វើ​សង្គ្រាម​ជា​ថ្មី គឺ​សង្គ្រាម​ Intifada។

ហ្ស័កដានី​ចង់​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ចង្អុល​មុខ​ភ្លាម​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​​លើ​អំពើ​ហិង្សា​នេះ។ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ប្រកាស​ភ្លាម​ថ្កោល​ទោស​ ទម្រង់​ភេរវកម្ម​ថ្មី​របស់​ជន​ប៉ាឡេស្ទីន​ជ្រុល​និយម។ ឯ​ចំណែកហ្សកដានី បាន​ប្រើ​វិធានការ​ក្តៅ។

ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​អ៊ីស្រាអែល ជា​មួយ​យុវជន​ប៉ាឡេស្ទីន​ភ្លាម ប្រទេស​ហ្សកដានី បាន​កោះ​ហៅ​​ឯកអគ្គរដ្ឋ​ទូត​​ខ្លួន​ប្រចាំ​អ៊ីស្រាអែល ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​ការ​ប្រើ​កម្លាំង​ប៉ូលិស​របស់​អ៊ីស្រាអែល នៅ​ទីសក្ការៈ​របស់​សាសនា​អ៊ីស្លាម។ ហ្សកដានី បាន​ថែម​ទាំង​ បង្ហាញ​ឆន្ទៈ​ចង់​​ប្តឹង​ផ្តល់​ ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ទីលាន​វិហារ​អ៊ីស្លាម​ នៅហ្ស៊េរុយសាឡិម​នេះ ថ្វី​បើ​ត្រួត​ពិនិត្យ​ការពារ​ដោយ​ប៉ូលិស​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ មែន​ ប៉ុន្តែ​ផ្នែក​រដ្ឋបាល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​សាសនា​របស់​ហ្ស័កដានី។

ហ្សកដានី ជា​ប្រទេស​អារ៉ាប់​តែ​មួយ​គត់​ជាមួយ​អេហ្ស៊ីប ដែល​បាន​ចុះ​ហត្ថលេខា​​សន្តិភាព​ជាមួយ​អ៊ីស្រាអែល កាលពី​២០​ឆ្នាំ​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ