អានតួអត្ថបទ
ដើមបូព៌ា

អ៊ីស្រាអែល​ដោះលែង​អ្នកទោសប៉ាឡេស្ទីន​១០០០​នាក់​ជាថ្នូរ​នឹង​សេរីភាព​របស់​ទាហាន​អ៊ីស្រាអែល​ម្នាក់

Benjamin Netanyahuដឹកនាំ​កិច្ច​ប្រជុំ​បន្ទាន់​នៅយប់​ថ្ងៃ​អង្គារទី ១១ តុលា​ដើម្បី​បោះឆ្នោត​លើ​កិច្ច​ព្រមព្រៀង​ដោះដូរ​អ្នកទោស​ជាមួយ​ពួក​ហាម៉ាស
Benjamin Netanyahuដឹកនាំ​កិច្ច​ប្រជុំ​បន្ទាន់​នៅយប់​ថ្ងៃ​អង្គារទី ១១ តុលា​ដើម្បី​បោះឆ្នោត​លើ​កិច្ច​ព្រមព្រៀង​ដោះដូរ​អ្នកទោស​ជាមួយ​ពួក​ហាម៉ាស ©Reuters
ដោយ៖ ឈាង បុប្ផា
៤៤ នាទី

នាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក​Benjamin Nethanyahu បាន​បើកប្រជុំ​គណៈរដ្ឋមន្រ្តី ជាបន្ទាន់​មួយ កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។ រដ្ឋាភិបាល​អ៊ីស្រាអែល​ទើប​បាន​បោះឆ្នោត​អនុម័ត​កិច្ចព្រមព្រៀង ដែល​អ៊ីស្រាអែល​បាន​ធ្វើ​ជាមួយ​ពួក​ហាម៉ាស់ ចលនា​ប្រដាប់អាវុធ​ប៉ាឡេស្ទីន កាលពី​ថ្ងៃ​ព្រហស្បតិ៍។ តាមកិច្ចព្រមព្រៀង​ដែលនាយករដ្ឋមន្រ្តី​​អ៊ីស្រាអែល​បានចុះ​ហត្ថលេខា ទាហាន​អ៊ីស្រាអែល​ម្នាក់ គឺ​ Gilad Shalit ដែល​ត្រូវ​ពួក​ប៉ាឡេស្ទីន​ហាម៉ាស់​ចាប់ជា​ចំណាប់ខ្មាំង នឹង​បាន​សេរីភាព ចំណែក អ៊ីស្រាអែល​ត្រូវ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ជាង មួយពាន់នាក់ ដែល​ខ្លួន​ចាប់ដាក់​គុក​កន្លងមក។

ផ្សាយពាណិជ្ជកម្ម

“Gilad Shalit នឹង​ត្រូវមាន​សេរីភាព​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ” នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​និយាយ​ទូរស័ព្ទ​ប្រាប់​ដំណឹង​នេះ​ទៅ​ឪពុកម្តាយ​របស់​នាយ​ទាហាន​អ៊ីស្រាអែល​ដែល​មាន​សញ្ជាតិ​បារាំង។ អស់រយៈពេល ៥​ឆ្នាំ​ហើយ​ដែល​ Gilad Shalit ត្រូវ​ពួកអ៊ីស្លាម​ជ្រុលនិយម​ប៉ាឡេស្ទីន Hamas ចាប់ជា​ចំណាប់ខ្មាំង ទៅក្នុង​ទឹកដី​Gaza។

 
ជាថ្នូរ​នឹង​សេរីភាព​របស់​ទាហាន​អ៊ីស្រាអែល រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ព្រមព្រៀង​ជាមួយ​ពួកហាម៉ាស​ដើម្បី​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ជាង ១០០០នាក់។ ដំណឹង​ពីការដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ដែល​មួយ​ចំនួន​ជា​ឧក្រិដ្ឋជន​បង្ក​អំពើ​ភេរវកម្ម​ក្នុង​ទឹកដី​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​មួយ​ចំនួន​ខឹង​សម្បារ។ ពួកគេ​បារម្ភថា ជនជាតិ​ប៉ាឡេស្ទីន​ដែលត្រូវ​ដោះលែង​ទាំងនោះ នឹង​ត្រលប់មក​បំផ្ទុះគ្រាប់បែក​សម្លាប់​ប្រជាជន​អ៊ីស្រាអែល នៅថ្ងៃ​ខាងមុខ​ទៀត។
 
បើតាម​ប្រភព​ពី​ក្រុមហាម៉ាស់ ក្នុង​ចំណោម​អ្នកទោស​ប៉ាឡេស្ទីន​ដែល​នឹង​ទទួល​សេរីភាព​ពី​អ៊ីស្រាអែល នឹង​មាន​មេដឹកនាំ​សំខាន់ៗ​ប៉ាឡេស្ទីន ដូចជា​លោកMarwan Barghouti ដែល​ត្រូវ​តុលាការ​អ៊ីស្រាអែល​កាត់ទោស ឲ្យជាប់គុក​អស់មួយជីវិត ពីបទ​ធ្វើ​ភេរវកម្ម​ទៅ​លើ​អ៊ីស្រាអែល និង​មេចលនា​ប៉ាឡេស្ទីន​ម្នាក់ ដែល​ជាប់គុក​ពីបទ​សម្លាប់​រដ្ឋមន្រ្តី​អ៊ីស្រាអែល​ម្នាក់ នៅឆ្នាំ ២០០១។ ប៉ុន្តែ ព័ត៌មាន​ដោះលែង​មេដឹកនាំ​សំខាន់ៗ របស់​ចលនា​ប៉ាឡេស្ទីន ត្រូវ​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​​អ៊ីស្រាអែល​បដិសេធថា មិនពិត។
 
បើតាម​ប្រធាន​ទីភ្នាក់ងារស៊ើបការសម្ងាត់​អ៊ីស្រាអែល អ្នកដែល​ត្រូវដោះលែង​លើកនេះ ភាគច្រើន​ជា​ជនជាតិ​ប៉ាឡេស្ទីន​ដែល​មាន​ទោសមិន​សូវធ្ងន់ គឺជាប់ត្រឹម​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​រៀបគម្រោង​ធ្វើ​ភេរវកម្ម​មិន​បាន​សម្រេច ឬ​អ្នកដែល​បាន​សម្លាប់​ជនជាតិ​អ៊ីស្រាអែល​ត្រឹមម្នាក់។ អ្នកទោស​ប៉ាឡេស្ទីន​ដែល​ចាត់ទុក​ថា ជា​មនុស្ស​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​អ៊ីស្រាអែល នឹង​ត្រូវ​និរទេស​ខ្លួន​ទៅ​ប្រទេស​ទីបី ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ថា ប្រទេស​ណាទេ។ ចំណែក​ជនជាតិ​ប៉ាឡេស្ទីន​ជាង​១០០​នាក់​ដែល​មិនមែន​ជា​ឧក្រិដ្ឋជន​ធ្ងន់ធ្ងរ នឹង​ត្រូវ​បញ្ជូន​ទៅ​ទឹកដី​Cisjordanie និង​Gazaវិញ។
 
គួរ​រំលឹក​បន្តិចថា មាន​ជនជាតិ​ប៉ាឡេស្ទីន សរុប​ជាង​៥០០០​នាក់​ដែល​ត្រូវ​អ៊ីស្រាអែល​ចាប់​ដាក់​គុក។ មួយ​ចំនួន​ត្រូវ​កាត់ទោស​ដោយសារ​ប្រព្រឹត្ត​បទឧក្រិដ្ឋប្រឆាំង​ប្រយោជន៍​អ៊ីស្រាអែល ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​អ៊ីស្រាអែល ចាប់ ​ដាក់គុក​ដោយ​មិន​មាន​បទ​ចោទប្រកាន់​អ្វីច្បាស់លាស់។
 
ការដែល​អ៊ីស្រាអែល​សុខចិត្ត​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​រាប់ពាន់​នាក់ បាន​ធ្វើ​ឲ្យ​ពួក​ចលនា​ហាម៉ាស់​បានចិត្ត និង​គិត​ថា ការដាក់គំនាប​យោធា​ធ្វើ​ឲ្យ​ប៉ាឡេស្ទីន​ទទួល​ជោគជ័យ​លើ​អ៊ីស្រាអែល។ នៅក្រោយ​កិច្ច​ព្រមព្រៀងនេះ មេដឹកនាំ​របស់​ហាម៉ាស​ម្នាក់​ថែម​ទាំង​បាន​និយាយ​ថា ចលនា​អ៊ីស្លាមនិយម​ប៉ាឡេស្ទីន​នឹង​ចាប់ទាហាន​អ៊ីស្រាអែល​ផ្សេងទៀត ដើម្បី​ជាថ្នូរ ទាមទារឲ្យ​អ៊ីស្រាអែល​ដោះលែង​ជនជាតិ​បាឡេស្ទីន ​ឲ្យ​អស់ពីគុក។
 
និយាយ​ទៅកាន់​ប្រជាជនខ្លួន នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បញ្ជាក់ថា រដ្ឋាភិបាល​ត្រូវ​ឆ្លៀត​ឳកាស​ពិសេស នេះ​ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង ដោះដូរ​យក​ទាហាន​អ៊ីស្រាអែល​មកវិញ។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​មើលឃើញថា បដិវត្ត​នៅពិភពអារ៉ាប់​កន្លងមក បាន​ធ្វើ​ឲ្យ​នយោបាយ​នៅដើមបូព៌ា​ក្រឡាប់ចាក់។ បើគេ​មិន​ចរចា​ជាមួយ​ពួកហាម៉ាស​ឥលូវនេះទេ អ៊ីស្រាអែល នឹង​មិនមាន​ឳកាស​សង្រ្គោះ​ Gilad Shalit​ចេញពីដៃ​របស់​ពួកហាម៉ាស​ទៀត​ទេ ព្រោះ​ក្រោយ​បដិវត្ត​អារ៉ាប់ ពួកហាម៉ាស់​នឹង​អាច​ទទួល​ការគំាទ្រ​ពី​ពួក​អ៊ីស្លាម​ក្នុង​តំបន់ រួមគ្នា​ដាក់សម្ពាធ និង​វាយប្រហារ​កាន់តែខ្លាំង​ទៅលើ​អ៊ីស្រាអែល។
 
កិច្ចព្រមព្រៀង​អាច​ចេញជា​លទ្ធផល​ដោយ​មាន​អេហ្ស៊ីប និង​អាល្លឺមង៉​ធ្វើជា​អ្នកសម្របសម្រួល។ អ៊ីស្រាអែល​យល់ព្រម​ធ្វើ​តាម​អេហ្ស៊ីប ដើម្បី​កសាង​មិត្តភាព​ឡើងវិញ​ជាមួយ​អេហ្ស៊ីប ដែល​​ល្អក់កករ ចាប់តាំងពី​ការធ្លាក់​អំណាច​របស់​ប្រធានាធិបតី​អេហ្ស៊ីប Moubarak និង​បន្ទាប់ពី​ ប្រជាជន​អ៊ីស្លាម​អេហ្ស៊ីប​បាន​ចូល​ដុត​ស្ថានទូត​អ៊ីស្រាអែល ក្នុង​ទីក្រុង​គែរ ដោយសារ​ការបាញ់សម្លាប់​ទាហាន​អេហ្ស៊ីប​ដោយ​ទាហាន​អ៊ីស្រាអែល។ ថ្មីៗនេះ មន្រ្តី អ៊ីស្រាអែល​ម្នាក់​បាន​បង្ហើបថា រដ្ឋាភិបាល​របស់​លោក​Benjamin Netanyahu បាន​សរសេរ​សំបុត្រ​សុំទោស ចំពោះ​ការបាញ់សម្លាប់​ដោយ​ចៃដន្យ​របស់​ទាហាន​អ៊ីស្រាអែល​ទៅលើ​ទាហាន​អេហ្ស៊ីប។
 
កត្តា​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ចរចា​បាន​សម្រេច​ជាមួយ​ពួកហាម៉ាស គឺ​មក ពី​ភាគី​ទាំងពីរ​ចង់​បង្ហាញថា អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​អាច​ចរចាគ្នា ដោយ​មិន​ចាំបាច់​មាននយោបាយ​របស់​លោក​ Mamouh Abbas។ លោក​Abbas ដែល​ទាមទារ​ឲ្យ​ប៉ាឡេស្ទីន​ក្លាយ​ជា​រដ្ឋសមាជិក​អង្គការសហប្រជាជាតិ កំពុង​មាន​ការគំាទ្រ​ពី​សហគមន៍​អន្តរជាតិ។ ពួក​ហាម៉ាស​ជា​សត្រូវ និង​បាន​ផ្តួល​រំលំ​អំណាច​របស់​ចលនា​Fata​របស់​លោក​ Mamouh Abbas ចំណែក អ៊ីស្រាអែល​ក៏​មិនពេញចិត្ត​នឹង​លោក​ Mamouh Abbas ដែល​ទាមទារ​ឲ្យ​ប៉ាឡេស្ទីន​ទទួលស្គាល់​ជា​រដ្ឋឯករាជ្យ។ ដូច្នេះ អ៊ីស្រាអែលនិង ពួកប៉ាឡេស្ទីន​ហាម៉ាស​អាច​ត្រូវការ​ដៃគ្នា​ទៅវិញ ទៅមក​ដើម្បី​ផ្តួល​អំណាច​របស់​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​Mamouh Abbas ដែលពេលនេះ​កំពុង​​គ្រប់គ្រងតំបន់​Cisjordanie។
 
​រយៈពេល​៥​ឆ្នាំ​ដែល​យុវទាហាន​អ៊ីស្រាអែល​ត្រូវ​ពួក​​ហាម៉ាសចាប់ជា​ចំណាប់ខ្មាំង
​រយៈពេល​៥​ឆ្នាំ​ដែល​យុវទាហាន​អ៊ីស្រាអែល​ត្រូវ​ពួក​​ហាម៉ាសចាប់ជា​ចំណាប់ខ្មាំង
ជា​ចំណាប់ខ្មាំង​របស់​ពួកហាម៉ាស Gilad Shalit បានឡើងឋានៈ ពី​នាយទោ Caporal មកជា​ពលបាលត្រី Sergent
 
Gilad Shalit ជាកូន​ទាហាន​អ៊ីស្រាអែល​ដែល​ត្រូវ​ពួក​ប៉ាឡេស្ទីន​ហាម៉ាស​ចាប់​ធ្វើ​ចំណាប់ខ្មាំង នៅឆ្នាំ ២០០៦ គឺ​ក្នុង​អំឡុងពេល​ពួកសកម្មជន​អ៊ីស្លាមជ្រុល​និយម​ប៉ាឡេស្ទីន​វាយប្រហារ ប៉ុស្ត​ការពារ​ព្រំដែន​អ៊ីស្រាអែល។
 
កាលត្រូវ​ចាប់ខ្លួន Gilad Shalit មាន​អាយុ​១៩ឆ្នាំ ប៉ុណ្ណោះ។ យុវជន អ៊ីស្រាអែល​ត្រូវ​ពួកអ៊ីស្លាមនិយម​ប៉ាឡេស្ទីន ដែល​ជា​បណ្តាញ​របស់​ពួក​ហាម៉ាស​ចាប់​យក​ទៅ​ឃុំខ្លួន​យ៉ាងសម្ងាត់ ក្នុង​ទឹកដី​Gaza គិត​មកដល់ពេលនេះ មាន​រយៈពេល​៥ឆ្នាំ។
 
៥​ឆ្នាំ​ហើយ​ដែល​ឪពុកម្តាយ​របស់​ Gilad Shalit ព្យាយាម​ធ្វើ​យុទ្ធនាការ ក្នុង​ស្រុក និង​នៅក្រៅប្រទេស​ដើម្បី​សេរីភាព​កូនខ្លួន។ ថ្មីៗនេះ​ពួកគេ​បាន​បោះកៅស៊ូតង់ នៅជិត​ផ្ទះ​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​របស់ Benjamin Nethanyahu រកមធ្យោបាយ ទៅ​ដោះលែង​កូនរបស់ខ្លួន។
 
នៅក្នុង​វីដេអូរ​ដែល​ពួក​ហាម៉ាស់​បញ្ជូន​ទៅ​អ៊ីស្រាអែល Gilad Shalit ក្នុងរូបភាព​ស្គាំងស្គម​បាន​អង្វរ​ដល់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ឲ្យ​ធ្វើអ្វីៗ​ទៅតាម​ការទាមទារ​របស់​ពួកហាម៉ាស់ ដើម្បីជាថ្នូរ​ដូរ​នឹង​សេរីភាព​របស់ខ្លួន​ឡើងវិញ។
 
សុវត្ថិភាពរបស់​ទាហាន គឺ​ជា​រឿងសំខាន់ នៅក្នុង​ប្រទេស​អ៊ីស្រាអែល នៅពេល​ឪពុកម្តាយ​ភាគរច្រើន​បាន​បញ្ជូនកូន​របស់ខ្លួន​ទៅ​ធ្វើទាហាន​ដើម្បី​ការពារ​ប្រទេស។ អ៊ីស្រាអែល​ដែល​ឡោមព័ទ្ធ​ដោយ​ប្រទេស​អារ៉ាប់ សំបូរសត្រូវ បាន​ពង្រឹង​ផ្នែកការពារ​របស់ខ្លួន។ អ៊ីស្រាអែល​​គោលការណ៍​មួយគឺ អ៊ីស្រាអែល​មិន​បោះបង់​ចោល​ជីវិត​នាយទាហាន​របស់​ខ្លួន​ណាម្នាក់ទេ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន នាយករដ្ឋមន្រ្តីចាស់​អ៊ីស្រាអែល Ariel Sharon ធ្លាប់​សុខចិត្ត​ដោះលែង​ជនជាតិ​ប៉ាឡេស្ទីន និង​លីបង់ ជិត​១០០​នាក់ ដើម្បី​ជាថ្នូរ​នឹង​សេរីភាព​របស់ជនជាតិ​អ៊ីស្រាអែល​ម្នាក់ និង​ដើម្បី​បាន​ទទួល​សាកសព​ទាហាន​អ៊ីស្រាអែល​ពីរនាក់​ដែល​ពួក​Hezbollar បាញ់សម្លាប់ នៅក្នុង​ប្រទេស​លីបង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ