អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​ក្នុង​បរិបទ​ដែល​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង

សំឡេង ០៥:០៤
កម្ពុជា​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក
កម្ពុជា​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក ©ប៉ែន​ បូណា
ដោយ៖ ប៉ែន បូណា
២៧ នាទី

បន្ទាប់​ពី​រស់​ដោយ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ជំនួយ​បរទេស​អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់​កាល​ដែល​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង។ ​ជាក់​ស្តែង ​រដ្ឋាភិបាល​ទើប​តែ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៤​តុលា​នូវ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​កៀរ​គរ​ចំណូល​រយៈ​ពេល​មធ្យម​ឆ្នាំ ​២០១៤​-២០១៨។​ ​យុទ្ធសាស្ត្រ​នេះ​មាន​គោល​ដៅ​បង្កើន​ចំណូល​ចរន្ត​ពី​១៥,២០%​នៃ​ផលិត​ផល​សរុប​ក្នុងស្រុក​ក្នុង​ឆ្នាំ ​២០១៤​ឲ្យ​ដល់ ១៧,៣៦% ​នៅ​ឆ្នាំ ២០១៨​ ។​ និយាយ​ឲ្យ​ចំ នេះ​គឺជា​យុទ្ធសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ពាក់​លើ​ជំនួយ​បរទេស​ហើយ​ឈាន​ទៅ​រស់​ដោយ​ខ្លួន​ឯង។ ​តើ​កម្ពុជា​អាច​រស់​ដោយ​ខ្លួន​ឯង​បាន​ដែរ​ឬ​​ទេ?

ផ្សាយពាណិជ្ជកម្ម

រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​បានទទួល​ជំនួយ​បរទេស​យ៉ាង​ច្រើន សន្ធឹកសន្ធាប់​ទាំង​ជំនួយ​ជា​ថវិកា​និង​ជំនួយ​បច្ចេកទេស។ ជំនួយ​បរទេស​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ស្តារ​សង្គម​កម្ពុ​ជា​ឡើងវិញ​ចេញពី​ភាព​ខ្ទេចខ្ទាំ​ដែល​បន្សល់​ទុក​ពី​របប​ខ្មែរក្រហម។ ប៉ុន្តែ ទន្ទឹមនឹងនោះ ជំនួយ​បរទេស​ក៏បាន​បង្កើត«វប្បធម៌»ផ្តេកផ្តួល​ទៅលើ​ជំនួយ​កាន់តែ​ច្រើនឡើង។

ជាទូទៅ កម្ពុជា​នៅ​មិនទាន់បាន​ទាញ​ប្រយោជន៍​ពី​ជំនួយ​បរទេស​ដើម្បី​កសាង​សមត្ថភាព​ធនធានមនុស្ស​សម្រាប់​ស្ថាប័ន​ឲ្យ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ។ នៅ​កម្ពុជា​គេ​ច្រើនតែ​សប្បាយ​​​ចិត្តនឹង​ទទួលយក​ជំនួយ​ថវិកា តែ​បែរជា​មើលស្រាល​ជំនួយ​បច្ចេកទេស។

ម្យ៉ាងទៀត ទោះជា​បានទទួល​បាន​ជំនួយ​ជាច្រើន​ឆ្នាំ ប៉ុន្តែ នៅពេល​ម្ចាស់ជំនួយ​ដកខ្លួន គម្រោង​ទាំងនោះ​ភាគច្រើន​ក៏​ឈប់​ដំណើរការ ហើយអ្វីៗក៏បាន​វិល​មករក​សភាព​ដើម​វិញ​តែ​ដដែល។ នេះ​ជា​ឧទាហរណ៍​នៃ​ការ​មិនបាន​រៀនសូត្រ​គ្រប់គ្រាន់​ពី​ម្ចាស់ជំនួយ។

ក្រសួង​ឬ​ស្ថាប័ន​ជាច្រើន មិនបាន​ព្យាយាម​ប្រើប្រាស់​គ្រប់​លទ្ធភាព​របស់ខ្លួន​សិន​មុននឹង​ពឹង​លើ​ជំនួយ​នោះទេ។ ជាក់ស្តែង គ្រាន់តែ​ស្ប៉ត​អប់រំ​ខ្លី​មួយ​ក៏​ចាំបាច់​ត្រូវមាន​ការឧបត្ថម្ភ​ពី​សំណាក់​​ម្ចាស់ជំនួយ​ជាច្រើន​ដែរ​ទើប​អាច​ផលិត​បាន។ វប្បធម៌​ពឹង​លើ​ជំនួយ​បរទេស​ក៏បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ភ្លេច​គិតពី​ការត្រៀម​រស់​ដោយ​ខ្លួនឯង។ ប្រព័ន្ធ​ប្រមូល​ពន្ធ​មាន​ភាព​ធូរ​លុង​និង​មិន​ស្មើភាព។ ចំណូល​ដែល​បាន​ពី​ពន្ធដារ​ទៀតសោត​បាន​ធ្លុះធ្លាយ​យ៉ាងច្រើន​ចូលក្នុង​ហោប៉ៅ​បុគ្គល។

អ៊ីចឹង​ហើយ​បានជា​នៅ​កម្ពុជា រដ្ឋ​ក្រ​តែ​មន្ត្រី​ខ្មែរ​បែរជា​ហៀរ​គ្រប។ អំពើពុករលួយ ទស្សនៈ​កឹ​ប​កេង​ប្រយោជន៍​ជាតិ​ដើម្បី​បំប៉ន​ប្រយោជន៍​បុគ្គល​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​សង្គម​ខ្មែរ។ ប៉ុន្តែ អ្វីដែល​គេ​ហាក់ដូចជា​ភ្លេច​នោះ​គឺ គ្មាន​ប្រទេស​ណាមួយ​អាច​ទទួលបាន​ជំនួយ​បរទេស​ជា​រៀងរហូត​នោះឡើយ។ ដល់​ដំណាក់កាល​មួយ ជំនួយ​បរទេស​នឹងត្រូវ​កាត់​បន្ថយ​ជា​ស្វ័យប្រវត្តិ។ នេះ​ជា​ហេតុផល​ដែល​រដ្ឋាភិបាល​ផ្តើម​គិតគូរ​ពី​ការបង្កើន​ចំណូល​របស់​ខ្លួន​ជា​ចាំបាច់។

ជាការ​ពិតណាស់ កម្ពុជា​ជា​ប្រទេស​តូច​មួយ​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​មហាសាល។ ប៉ុន្តែ សម្បត្តិ​មហាសាល​ទាំងនោះ​បែរជា​បម្រើ​ប្រយោជន៍​បុគ្គល​ច្រើនជាង​ប្រយោជន៍​ជាតិ​ទៅវិញ។ ម្យ៉ាងទៀត ប្រទេស​នេះ​ជួបនឹង​រឿង​អភ័ព្វ​មិនចេះចប់​ដោយសារតែ​ជម្លោះ​នយោបាយ។ ទើបតែ​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​ប៉ុណ្ណោះ​ដែល​ប្រទេស​មាន​សន្តិភាព​ពេញលេញ។ ប៉ុន្តែ សន្តិភាព​ដែល​ងើប​ចេញពី​ភាព​ខ្ទេចខ្ទាំ​ហាក់​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ផ្តេកផ្តួល​ខ្លាំង​ទៅលើ​ជំនួយ​បរទេស និង​ភ្លេច​គិត​ណី​ការរៀនសូត្រ​ពី​ម្ចាស់ជំនួយ។

យ៉ាងណាក៏ដោយ នៅ​មិនទាន់​ហួសពេល​ទេ។ អំណឹះតទៅ ដើម្បី​រៀន​រស់​ដោយ​ខ្លួនឯង កម្ពុជា​ចាំបាច់​ត្រូវ​លុបបំបាត់«វប្បធម៌»ផ្តេកផ្តួល​តែ​លើ​ជំនួយ​បរទេស​ហើយ​បែរមក​ប្រកាន់​ទស្សនៈ«ខ្លួន​ទីពឹង​ខ្លួន»ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន។ កិច្ច​ការដែល​សំខាន់​ជាងគេ​បំផុត​របស់​រដ្ឋាភិបាល​គឺ​ការបិទ​ខ្ទប់​មិន​ឲ្យ​ចំណូល​ថវិកាជាតិ​ធ្លុះធ្លាយ​ចូលក្នុង​ហោប៉ៅ​បុគ្គល​តទៅទៀត។ ទន្ទឹមនឹងនោះ រដ្ឋ​ត្រូវ​ពង្រីក​ប្រភព​ចំណូល​ផ្សេងទៀត​តាមរយៈ​ការពង្រឹង​វប្បធម៌​បង់ពន្ធ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ។

ជាការ​ពិត ពលរដ្ឋ​ក្នុងប្រទេស​ណា​ក៏មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ដែរ ប៉ុន្តែ នៅ​កម្ពុជា ការ​បង់ពន្ធ​នៅ​មិនទាន់​ក្លាយជា​ទម្លាប់​ទូទៅ​នៅឡើយ​ទេ។ បញ្ហា​នៅត្រង់ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​មិន​ចង់​បង់ពន្ធ​ដោយហេតុថា​ពួកគេ​មិន​ទុកចិត្ត​ថា​ប្រាក់​ពន្ធ​របស់ខ្លួន​នឹង​ពិតជា​ចូល​ក្នុង​ថវិកាជាតិ​នោះឡើយ។ ម្យ៉ាងទៀត ការបង់ពន្ធ​របស់​ពួកគេ​មិន​ទទួលបាន​មកវិញ​នូវ​ការ​ធានារ៉ាប់រង​សង្គម​អ្វី​ពីរ​ដ្ឋ​នោះទេ។ ក្នុង​បរិបទ​នេះ ការពង្រឹង​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​តាមរយៈ​ការបង្ហាញ​ពី​តម្លាភាព​នៃ​ចំណូល​និង​ចំណាយ​ថវិកាជាតិ​គឺជា​ការចាំបាច់។

សរុប​មកវិញ កម្ពុជា​អាច​រស់​ដោយ​ខ្លួនឯងបាន​ដោយ​មិន​លំបាក​ប្រសិនបើ​ប្រទេស​នេះ​បាន​រៀនសូត្រ​គ្រប់​គ្រាប់​ពី​ម្ចាស់ជំនួយ និង​ប្រសិនបើ​កញ្ចប់​ចំណូល​ថវិកាជាតិ​មិនបាន​ធ្លុះធ្លាយ​ចូលក្នុង​ហោប៉ៅ​បុគ្គល​ទេនោះ។ ផ្ទុយទៅវិញ ប្រទេស​នេះ​នឹង​នៅតែ​បន្ត​រស់​ដោយ​ពឹង​លើ​ខ្យល់​អុកស៊ីសែន​បរទេស​សម្រាប់​ដកដង្ហើម​ក្នុង​រយៈពេល​យូរ​តទៅទៀត​ប្រសិនបើ​រដ្ឋា​ភិបាល​​មិនអាច​សម្រេច​គោលដៅ​កំណែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន​បានទេ​នោះ ជា​ពិសេស​គឺ​ការលុបបំបាត់​អំពើពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ