អាហ្រ្វិកខាងត្បូង៖លោកហ្សាក់កូប ហ្ស៊ូម៉ាកំពុងជាប់ផុងក្នុងរឿងអាស្រូវពុករលួយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅប្រទេសអាហ្រ្វិកខាងត្បូង លោកប្រធានាធិបតីហ្សាក់កូប ហ្ស៊ូម៉ា (Jacob Zuma) ត្រូវបានគេទាមទារឲ្យសងលុយដែលលោកបានចាយវាយសម្រាប់ជួសជុលផ្ទះរបស់លោក នេះបើយោងតាមរបាយការណ៍របស់លោកស្រីធូលី ម៉ាដុងសេឡា (Thuli Madonsela) អ្នកសម្រុះសម្រួលរបស់រដ្ឋ។ ការផ្សព្វផ្សាយរបាយការណ៍របស់លោកស្រីម៉ាដុងសេឡាពេលនេះបានកើតមានឡើង ជាង ១ខែមុនការរៀបចំបោះឆ្នោតជាតិនៅសាធារណរដ្ឋអាហ្រ្វិកខាងត្បូង។ តើរឿងអាស្រូវនេះនឹងអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតនយោបាយរបស់លោកហ្ស៊ូម៉ាដែរ ឬទេ?
ឫសគល់នៃរឿងអាស្រូវ និងដែលបានធ្វើឲ្យលោកប្រធានាធិបតីអាហ្រ្វិកខាងត្បូងហ្សាក់កូប ហ្ស៊ូម៉ា (Jacob Zuma) កំពុងឈឺក្បាលខ្លំាងនៅពេលនេះ គឺលុយជាង ២០លានដុល្លារដែលលោកបានចំណាយក្នុងការជួសជុលផ្ទះឯកជនរបស់លោក។ អ្វីដែលកំពុងចោទជាបញ្ហានោះនៅត្រង់ថា លុយទំាងជាង ២០លានដុល្លារដែលលោកហ្ស៊ូម៉ាបានចាយវាយនោះ មិនមែនជាលុយចេញពីហោបៅរបស់លោក ឬមួយក៏ក្រុមគ្រួសាររបស់លោកទេ តែជាលុយចេញពីហិបរបស់រដ្ឋ។ តាមពិតទៅ រឿងអាស្រូវមួយត្រូវបានផ្ទុះឡើងតំាងពីឆ្នំា ២០០៩ មកម្ល៉េះ តែបន្តិចម្តងៗ បានបែកធ្លាយខ្ចរខ្ចាយកាន់តែធំឡើងៗ។ ពីដំបូងឡើយ រដ្ឋាភិបាលបានព្យាយាមជីកកប់រឿងអាស្រូវមួយនេះដោយបានលើកយកហេតុផលមកបង្ហាញថា ការជួសជុលផ្ទះរបស់លោកហ្ស៊ូម៉ា គឺដើម្បីជួយពង្រឹងបន្ថែមនូវប្រព័ន្ធសន្តិសុខផ្ទះរបស់លោក ក៏ដូចជារូបគាត់ផ្ទាល់ក្នុងនាមជាប្រមុខរដ្ឋ។
តាមធម្មតា លោកស្រីធូលី ម៉ាដុងសេឡា (Thuli Madonsela) គ្រោងនឹងផ្សព្វផ្សាយរបាយការណ៍របស់លោកស្រីតំាងពីប៉ុន្មានខែកន្លងមកហើយ តែត្រូវបានរដ្ឋាភិបាលរារំាងដោយប្រើគ្រប់មធ្យោបាយទំាងអស់។ ការស៊ើបអង្កេតរបស់លោកស្រីម៉ាដុងសេឡាបានផ្តោតសំខាន់លើការងារជួសជុលផ្ទះរបស់លោកប្រធានាធិបតីហ្ស៊ូម៉ាដែលរដ្ឋាភិបាលបានលើកហេតុផលថា គឺដើម្បីពង្រឹងសន្តិសុខ។ តែលោកស្រីម៉ាដុងសេឡាបានទាញសេចក្តីសន្និដ្ឋាននៅក្នុងរបាយការណ៍នោះថា មានការងារជួសជុលមួយចំនួនធំមិនបានឆ្លើយតបនឹងវិធានការពង្រឹងសន្តិសុខទេ តែដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសាររបស់លោកប្រមុខរដ្ឋទៅវិញ។
ការសាងសង់មជ្ឈមណ្ឌលកំសាន្ត សួនចិញ្ចឹមបសុសត្វ អាងហែលទឹក ការពង្រីកផ្លូវចូលផ្ទះលោកហ្ស៊ូម៉ា ការផ្លាស់ប្តូរលំនៅដ្ឋានប្រជាជនដែលរស់ក្បែរផ្ទះលោកហ្ស៊ូម៉ា ទំាងនេះសុទ្ធជាការចំណាយដែលមិនគួរនឹងកើតមានឡើង និងដែលគ្មានជាប់ទាក់ទងនឹងវិធានការពង្រឹងសន្តិសុខលោកប្រធានាធិបតីទេ។ ម្យ៉ាងវិញទៀត ការសាងសង់ទំាងអស់នេះបានធ្វើឲ្យរដ្ឋចំណាយលុយយ៉ាងច្រើនសម្បើមទៀតផង។ តើទង្វើទំាងនេះ មិនមែនជាការខ្ជះខ្ជាយលុយរដ្ឋទេ ឬយ៉ាងណា?។ ក្រៅពីការស៊ើបអង្កេតជុំវិញការជួសជុលផ្ទះលោកហ្ស៊ូម៉ា របាយការណ៍របស់លោកស្រីម៉ាដុងសេឡាក៏បានកត់សម្គាល់ឃើញករណីធ្ងន់ធ្ងរមួយទៀត ទាក់ទងនឹងការសម្រេចប្រគល់ការងារជួសជុលផ្ទះលោកហ្ស៊ូម៉ាឲ្យក្រុមហ៊ុនមួយ ដោយរដ្ឋាភិបាលមិនបានដាក់ឲ្យដេញថ្លៃជាមុនទេ។ តែយ៉ាងណាក៏ដោយ លោកស្រីម៉ាដុងសេឡាមិនបានទម្លាក់កំហុសដាក់លោកប្រធានាធិបតីហ្ស៊ូម៉ាទេ និងថា រូបលោកហ្ស៊ូម៉ាប្រហែលជាមិនបានដឹងរឿងរ៉ាវទំាងអស់នេះផង។
អ៊ីចឹងសួរថា តើអ្នកណាជាអ្នកដែលបានចេញមុខចាត់ចែងរឿងរ៉ាវទំាងអស់នោះ?
ឆ្លើយនឹងសំណួរនេះ លោកស្រីម៉ាដុងសេឡាមិនញញើតនឹងចោទក្រុមមនុស្សជំនិត និងក្រុមមនុស្ស អ្នកវ៉ៃអែប ស៊ីអបរបស់លោកហ្ស៊ូម៉ាទេ ពិសេសគឺរដ្ឋមន្រ្តី ២ ឬ៣នាក់ដែលទទួលបន្ទុករៀបចំជួសជុលផ្ទះលោកហ្ស៊ូម៉ា។ តែយ៉ាងណាក៏ដោយ លោកស្រីម៉ាដុងសេឡាក៏បានគូសបញ្ជាក់ពីភាពខ្វះការទទួលខុសត្រូវរបស់លោកហ្ស៊ូម៉ាក្នុងការគ្រប់គ្រងការចំណាយថវិការដ្ឋឲ្យបានត្រឹមត្រូវ និងចំគោលដៅ។ អ៊ីចឹងហើយបានជានៅចុងបញ្ចប់ លោកស្រីម៉ាដុងសេឡាបានទាមទារឲ្យលោកហ្ស៊ូម៉ាសងលុយការចំណាយមួយភាគត្រឡប់វិញ ហើយដាក់ទ័ណ្ឌកម្មលើរូបរដ្ឋមន្រ្តីណាដែលថ្លើមធំហ៊ានយកលុយរដ្ឋទៅចាយវាយខុសទិសដៅរបៀបនេះ។ លោកប្រធានាធិបតីហ្សាក់កូប ហ្ស៊ូម៉ាមានពេល ២សប្តាហ៍ដើម្បីចូលខ្លួនបំភ្លឺរឿងរ៉ាវទំាងនេះនៅក្នុងរដ្ឋសភា។
តែដោយរង់ចំាការចូលខ្លួនឆ្លើយបំភ្លឺនៅក្នុងសភារបស់លោកហ្ស៊ូម៉ា មានរដ្ឋមន្រ្តីមួយចំនួនបានបញ្ចេញប្រតិកម្មលើចំណុចមួយចំនួនដែលមានចែងនៅក្នុងរបាយការណ៍របស់លោកស្រីម៉ាដុងសេឡា។ ឧទាហរណ៍ ចំណុចទាក់ទងនឹងការសាងសង់អាងហែលទឹកត្រូវបានរដ្ឋមន្រ្តីបកស្រាយថា ជាកន្លែងស្តុកទឹកទុកក្នុងករណីដែលមានភ្លើងឆេះផ្ទះ។ រីឯរូបលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចេញមុខធានាអះអាងថា ការងារជួសជុលទំាងអស់ត្រូវបានធ្វើឡើង តាមអនុសាសន៍របស់សេវាសន្តិសុខ ហើយក្រសួងជួសជុលសាធារណៈមានតួនាទីត្រឹមជាអ្នកអនុវត្តន៍តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ និងទោះបីជារឿងអាស្រូវនោះត្រូវបានរដ្ឋាភិបាលលើកយកមកពន្យល់បកស្រាយយ៉ាងម៉េចក៏ដោយ ក៏ត្រូវបានក្រុមគណបក្សប្រឆំាង ពិសេសគឺគណបក្សសម្ព័ន្ធប្រជាធិបតេយ្យយកមកធ្វើជាឈ្នាន់ដើម្បីទម្លាក់លោកប្រធានាធិបតីហ្សាក់កូប ហ្ស៊ូម៉ា (Jacob Zuma)។ គណបក្សប្រឆំាងមួយនេះមិនញញើតនឹងចោទពីការលួចបង្វែរលុយរដ្ឋ ក្រោមរូបភាពយកទៅជួសជុលផ្ទះប្រធានាធិបតីដោយយកលេសថា ពង្រឹងវិធានការសន្តិសុខ។ តែប្រសិនបើគណបក្សប្រឆំាងដាក់សំណើសុំទម្លាក់លោកហ្ស៊ូម៉ាទៅកាន់សភាមែននោះ គឺប្រហែលជាគ្មានសំណាងទទួលបានសម្លេងគំាទ្រភាគច្រើនទេ។ នេះក៏ដោយសារថា គឺគណបក្ស ANC របស់លោកហ្ស៊ូម៉ាឯណោះទេដែលមានសម្លេងភាគច្រើនដាច់ខាតនៅក្នុងសភា និងដែលគណបក្សមួយនេះបានកាន់អំណាចតំាងពី ២០ឆ្នំាមកហើយ។
ដូច្នេះ ផលវិបាកនយោបាយចំពោះលោកប្រធានាធិបតីហ្ស៊ូម៉ាប្រហែលជាមិនសូវជាធំដុំប៉ុន្មានទេ។ ពិតណាស់ថា ក្រោមភ្នែក ច្រមុះរបស់ប្រជាជនអាហ្រ្វិកខាងត្បូងទូទៅ ពិសេសក្រុមសកម្មជនរបស់គណបក្សកាន់អំណាច របាយការណ៍នេះបានបញ្ជាក់ពីការប្រព្រឹត្តិអំពើពុករលួយរបស់រដ្ឋមន្រ្តីមួយចំនួន។ តែទន្ទឹមគ្នានេះ ពួកគេក៏បានសម្គាល់ឃើញថា ការចេញផ្សាយរបាយការណ៍នៅជាង ២ខែ មុនការរៀបចំបោះឆ្នោតជាតិពេលនេះ ក៏អាចជាសេណារីយ៉ូមួយរៀបចំទុកជាមុនដើម្បីកេងចំណេញខាងនយោបាយដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ