ជប៉ុន-ចិន

ទីក្រុង​តូក្យូ​ចោទ​ចិន ថា​ជា​អ្នក​វាយប្រហារ​ខ្លួន​តាម​ប្រព័ន្ធ​អ៊ីនធ័រណែត

ក្រុមហ៊ុន​ជប៉ុន Mitsubishi
ក្រុមហ៊ុន​ជប៉ុន Mitsubishi REUTERS/Yuriko Nakao

នៅ​ប្រទេស​ជប៉ុន ក្រសួង​ប្រតិចារកិច្ច​បាន​ចោទ​ប្រទេស​ចិន ថា​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រណែត​ប្រឆំាង​នឹង​សភា​ជប៉ុន និង​ស្ថានទូត​ជប៉ុន​ជា​ច្រើន​នៅ​ឯ​បរទេស។ នេះ​ជា​ព័ត៌មាន​មួយ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​ជប៉ុន​មួយ​ឈ្មោះ Yomiuri Shimbun។

ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​កាសែត Yomiuri មេរោគ​ព័ត៌មានវិទ្យា​ប្រភេទ « Cheval de Troie » ឬ​ជា​ភាសា​អង់គ្លេស « Trojan Horse » ត្រូវ​បាន​បង្កើត​ឡើង​ជា​លក្ខណៈ​ពិសេស​ទុក​សម្រាប់​ចូល​វាយប្រហារ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៃ​ក្រសួង​ការបរទេស​ជប៉ុន។

ដើម្បី​អាច​បង្កើត​ប្រភេទ​មេរោគ​អ៊ីនធ័រណែត​នេះ​ឡើង ក្រុម​ចោរព័ត៌មាន​វិទ្យា​ត្រូវ​តែ​មាន​ទិន្នន័យ​ពិសេស ​ស្តីពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៃ​ក្រសួង​ការបរទេស​ជប៉ុន ហើយ​មេរោគ​នោះ​នឹង​អាច​ចូល​លុកលុយ​ទៅ​ក្នុង​បេះដូង​នៃ​ម៉ាស៊ីន​កុំព្យូទ័រ​ដើម្បី​លួច​យក​ព័តមាន ឬ​មួយ​ក៏​កំទេច​ព័ត៌មាន​ទំាង​នោះ​ចោល​តែ​ម្តង។

ក្រសួង​ស៊ើបការសម្ងាត់​ជប៉ុន​កំពុង​បារម្ភ​ពី​ការ​បែកធ្លាយ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង​ការទូត​របស់​ខ្លួន ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​រដ្ឋាភិបាល​ប្រទេស​ចិន។ យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ជប៉ុន Yomiuri ដដែល ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រណែត​លើ​ស្ថានទូត​នានា និង​សភា​ជប៉ុន​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​ចិន។

កន្លង​មក និង​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ព័ត៌មានវិទ្យា​ប្រឆំាង​នឹង​ក្រុមហ៊ុន​ជប៉ុន Mitsubishi Heavy Industries មក ចិន​ក៏​ត្រូវ​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បាន​ចូល​លួច​ព័ត៌មាន​ទាក់ទង​នឹង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ព្រម​ទំាង​បច្ចេកវិទ្យា​ផលិត​យន្តហោះ​យោធា​ជប៉ុន​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI