ប្រមុខដឹកនាំ​ជប៉ុន ចិន និង​កូរ៉េ​ខាង​ត្បូង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ហ៊្វូគូស្ហ៊ីម៉ា

សំឡេង ០៣:១១
ប្រមុខដឹកនាំ​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ចិន ទទួលទាន​ផ្លែប៉េងប៉ោះ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ថ្ងៃ​សៅរ៍ ២១ ឧសភា ២០១១
ប្រមុខដឹកនាំ​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ចិន ទទួលទាន​ផ្លែប៉េងប៉ោះ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ថ្ងៃ​សៅរ៍ ២១ ឧសភា ២០១១ ©Reuters

នៅថ្ងៃ​សៅរ៍ ២១ ឧសភា ២០១១​នេះ លោក​ណាអូតូ កាន់ នាយករដ្ឋមន្រ្តី​ជប៉ុន លោក​វេន ជៀប៉ាវ នាយករដ្ឋមន្រ្តី​ចិន និង​លោក​លី ម្យ៉ុងបាក់ ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង បាន​ទៅ​បំពេញ​ទស្សនកិច្ច​រួមគ្នា នៅ​​ហ្វ៊ូគូស្ហ៊ីម៉ា ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ ដែល​មាន​លេចធ្លាយ​សារធាតុ​វិទ្យុសកម្ម។ ដំណើរទស្សនកិច្ច​នេះ ត្រូវបាន​ធ្វើ​ឡើង នៅមុន​ពេល​បើក​ជំនួបកំពូល​ត្រីភាគី​ចិន-ជប៉ុន-កូរ៉េ​ខាង​ត្បូង នៅ​ទីក្រុង​តូក្យូ។ សុវត្ថិភាព​នុយក្លេអ៊ែរ និង​សុវត្ថិភាព​ចំណីអាហារ ស្ថិត​ក្នុង​ចំណោម​ប្រធានចម្បងៗ​ នៃ​ជំនួបកំពូល​នេះ។

ផ្សាយពាណិជ្ជកម្ម

 

ដំណើរទស្សនកិច្ច​របស់​ប្រមុខដឹកនាំ​ចិន និង​កូរ៉េខាងត្បូង ទៅកាន់​តំបន់​រញ្ជួយដី គឺ​ជា​កាយវិការ​មួយ បង្ហាញ​អំពី​សាមគ្គីភាព ព្រមទាំង​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​ជប៉ុន។ ម្យ៉ាងទៀត សម្រាប់​រដ្ឋាភិបាល​ជប៉ុន ដំណើរទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​បរទេស​​ទៅកាន់​តំបន់​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា គឺ​ជា​​​​ការ​បង្ហាញ​អំពី​ការជឿនលឿន​​​នៃ​ការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ។

នៅល្ងាច​ថ្ងៃ​សៅរ៍ ប្រមុខដឹកនាំ​ទាំងបី​​​​ធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ទីក្រុង​តូក្យូវិញ ដើម្បី​បើក​ជំនួបកំពូល​ត្រីភាគី។ កាល​ពី​ដំបូង ជប៉ុន​គ្រោង​បើក​ធ្វើ​ជំនួបកំពូលនេះ នៅ​ក្នុង​ទីក្រុង​ហ្វ៊ូគូស្ហ៊ីម៉ា ក៏ប៉ុន្តែ ក្រោយ​មក​ក៏​បាន​លុបចោល​គម្រោង​នេះ​វិញ។ តាមសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ ការ​លុបចោល​គម្រោង​បើក​​ជំនួបកំពូល​ នៅ​ហ្វ៊ូគូស្ហ៊ីម៉ា គឺ​បណ្តាល​មក​ពី​​មាន​បញ្ហា ក្នុង​ការ​ស្វែងរក​ទីតាំង​ ដើម្បី​ប្រជុំ។ ក៏ប៉ុន្តែ មាន​សេចក្តី​រាយការណ៍​ខ្លះ​ទៀត​ថា ប្រមុខ​ដឹកនាំ​ចិន និង​កូរ៉េ​ខាង​ត្បូង ជា​អ្នក​បដិសេធ​មិន​ឲ្យ​បើក​ជំនួបកំពូល​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ដោយសារ​តែ​មានការ​អាក់អន់ចិត្ត​នឹង​អាជ្ញាធរ​ជប៉ុន ដែល​បាន​បង្ហូរទឹក​មាន​សារធាតុ​វិទ្យុសកម្ម​ចូលទៅ​ក្នុង​សមុទ្រ ដោយ​មិនបាន​ជជែក​ជាមួយ​ចិន និង​កូរ៉េ​ខាង​ត្បូង​ជាមុន។

ចិន និង​កូរ៉េ​ខាង​ត្បូង​មាន​ព្រំដែន​សមុទ្រ​ជាប់​នឹង​ប្រទេស​ចិន។ ហេតុដូច្នេះ​ហើយ​​បានជា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរនេះ ​បារម្ភ​ខ្លាច​សារធាតុ​វិទ្យុសកម្ម​ជប៉ុន​រាលដាល​ទៅ​ដល់​ដែនទឹក​របស់ខ្លួន ហើយ​អាច​នឹង​ប៉ះពាល់​ជាពិសេស​ដល់​ការ​នេសាទ។

នៅក្នុង​ជំនួបកំពូល​ត្រីភាគី រយៈពេល​ពីរថ្ងៃ​នេះ (ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ) ជប៉ុន ចិន និង​កូរ៉េ​ខាង​ត្បូង​នឹង​ពិភាក្សា​គ្នា​ជុំវិញ​បញ្ហា​ធំៗ​ចំនួន៥៖ សុវត្ថិភាព​នុយក្លេអ៊ែរ, សហប្រតិបត្តិការ​ក្នុង​ពេល​មាន​គ្រោះមហន្តរាយ, សុវត្ថិភាព​ចំណីអាហារ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម។

គួរ​បញ្ជាក់ថា ចាប់តាំង​ពី​ឆ្នាំ​២០០៨​មក ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​ចាប់ផ្តើម​​រៀបចំ​ឲ្យ​មាន​ជំនួបកំពូល​ត្រីភាគី​ជាទៀងទាត់​រៀងរាល់​ឆ្នាំ ដោយ​ផ្លាស់ប្តូរ​វេន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្តង​ម្នាក់។ ជំនួបកំពូល​ឆ្នាំ​២០០៨​​ ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​​ប្រទេស​ជប៉ុន, ឆ្នាំ​២០០៩ នៅ​ប្រទេស​ចិន និង​ឆ្នាំ​២០១០ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ឆ្លៀត​ក្នុង​ឱកាស​ជំនួបកំពូល​ត្រីភាគី​ឆ្នាំ​នេះ នាយករដ្ឋមន្រ្តី​ចិន​គ្រោង​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សមភាគី​ជប៉ុន ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើងវិញ ក្រោយ​ពី​មាន​ភាព​តានតឹង​ជុំវិញ​ជម្លោះ​ព្រំដែន​សមុទ្រ នៅ​ក្នុង​តំបន់​ប្រជុំកោះ​ Senkaku ហៅតាម​ភាសា​ជប៉ុន (ឬ​ Diaoyu ហៅតាម​ភាសា​ចិន)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI