ជម្លោះជប៉ុន-ចិន-កូរ៉េខាងត្បូងរាលដាលទៅដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជប៉ុន ចិន និងកូរ៉េខាងត្បូងបានប៉ះទង្គិចគ្នាដោយពាក្យសម្តីយ៉ាងធ្ងន់ៗ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប ជុំវិញរឿងលោកស្ហ៊ីនហ្សូ អាបេ ធ្វើដំណើរទៅគោរពវិញ្ញានក្ខន្ធ នៅវិហារយ៉ាស៊ូគូនី កាលពីចុងឆ្នាំទៅមិញ។ ចិន និងកូរ៉េខាងត្បូងបានចោទមេដឹកនាំជប៉ុនថាបានព្យាយាមបំភ្លៃប្រវត្តិសាស្រ្ត។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធ ត្រូវបានធ្វើឡើង ដើម្បីជជែក អំពីមេរៀនដែលគេត្រូវរៀនសូត្រពីសង្រ្គាមកាលពីអតីតកាល។
ឯកអគ្គរដ្ឋទូតចិនប្រចាំអ.ស.បក៏បានឆ្លៀតក្នុងឱកាសនេះធ្វើការវាយប្រហារទៅលើជប៉ុន ដោយបានរិះគន់ថា ការណ៍ដែលលោកស្ហ៊ីនហ្សូ អាបេ ធ្វើដំណើរទៅគោរពវិញ្ញានក្ខន្ធនៅវិហារយ៉ាស៊ូគូនី មានន័យស្មើនឹងការគោរព និងលើកតម្កើងដល់ឧក្រិដ្ឋជន ដែលជាអ្នក បានដុតបញ្ឆេះសង្រ្គាម ហើយថាការព្យាយាមរបស់ជប៉ុនក្នុងការសរសេរប្រវត្តិសាស្រ្តឡើងវិញនេះ វាធ្វើឲ្យប៉ះពាល់ទៅដល់សន្តិភាពក្នុងតំបន់។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអ.ស.បក៏បានលើកឡើងក្នុងអង្គប្រជុំម្សិលមិញនេះដែរថា ភាពតានតឹងនៅក្នុងតំបន់អាស៊ីបូព៌ានៅពេលនេះកំពុងតែរាលដាលខ្លាំងមិនធ្លាប់មានពីមុន ហើយវាបណ្តាលមកពីការមិនទុកចិត្តគ្នា រវាងប្រទេសក្នុងតំបន់ ហើយថា ការមិនទុកចិត្តគ្នានេះវាកើតឡើង ដោយសារតែមេដឹកនាំជប៉ុនមិនព្រមទទួលស្គាល់ការពិតនៃអ្វីដែលបានកើតឡើង នៅក្នុងសម័យសង្រ្គាមឈ្លានពានរបស់ជប៉ុន។
ឯកអគ្គរាជទូតរងរបស់ជប៉ុន ប្រចាំអ.ស.ប. បានឆ្លើយតបមកវិញថា ជប៉ុនមិនបានបំភ្លៃប្រវត្តិសាស្រ្តដូចការចោទប្រកាន់របស់ចិន និងកូរ៉េខាងត្បូងនោះទេ “ជប៉ុនតែងតែទទួលស្គាល់ហេតុការណ៍ប្រវត្តិសាស្រ្ត ហើយតែងតែបានបង្ហាញអំពីការសោកស្តាយ និងបានសុំទោស ចំពោះសកម្មភាពរបស់ជប៉ុននៅក្នុងសម័យសង្រ្គាម”។
មន្រ្តីទូតជប៉ុនក៏បានរិះគន់តបទៅចិន និងកូរ៉េខាងត្បូងវិញផងដែរថា ការនាំយកបញ្ហាជម្លោះអតីតកាលមកជជែកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបែបនេះ មិនមែនជាមធ្យោបាយក្នុងការបន្ធូរបន្ថយភាពតានតឹង និងពង្រឹងស្ថិរភាពនៅក្នុងតំបន់ទេ។
គួររំឭកឡើងវិញថា លោកស្ហ៊ីនហ្សូ អាបេ បានធ្វើដំណើរទៅគោរពវិញ្ញានក្ខន្ធនៅវិហារយ៉ាស៊ូគូនី កាលពីខែធ្នូ ឆ្នាំ២០១៣។ វិហារយ៉ាស៊ូគូនី គឺទីសក្ការៈ សម្រាប់គោរពដល់ប្រជាជនជប៉ុនជាង ២លាននាក់ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ។ ក៏ប៉ុន្តែ នៅក្នុងចំណោមនោះ មានទាហានជប៉ុន ១៤រូប ដែលធ្លាប់ត្រូវបានតុលាការអន្តរជាតិកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម។ ហេតុដូច្នេះហើយបានជាប្រទេសជិតខាងរបស់ជប៉ុន គឺចិន និងកូរ៉េ ដែលធ្លាប់ជាជនរងគ្រោះ ដោយសារនយោបាយឈ្លានពានរបស់ជប៉ុន កាលពីក្នុងសម័យសង្រ្គាម តែងតែផ្ទុះកំហឹង នៅពេលណាដែលមានមេដឹកនាំជប៉ុនធ្វើដំណើរទៅគោរពវិញ្ញានក្ខន្ធ នៅវិហារយ៉ាស៊ូគូនីនេះ។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអ.ស.ប. ក៏បានរំឭកផងដែរ អំពីស្រ្តីកូរ៉េ ដែលត្រូវបានទាហានជប៉ុនបង្ខំឲ្យធ្វើជាទាសករបម្រើផ្លូវភេទ នៅក្នុងសម័យសង្រ្គាម។
កាលពីថ្ងៃអង្គារ លោក លោក កាត់ស៊ូតូ ម៉ូមីអ៊ី (Katsuto Momii) នាយកទូរទស្សន៍ NHK ដែលជាទូរទស្សន៍រដ្ឋរបស់ជប៉ុន បានលើកឡើងថា ការយកស្រ្តីជាទាសករបម្រើផ្លូវភេទ នៅក្នុងសម័យសង្រ្គាម មិនមែនកើតមានតែចំពោះទាហានជប៉ុនទេ។ គ្រប់ប្រទេសផ្សេងៗទៀតដែលជាប់សង្រ្គាមនៅពេលនោះ ក៏សុទ្ធតែធ្វើដូចគ្នានេះដែរ។
មន្រ្តីទូតអាមេរិកប្រចាំទីក្រុងតូក្យូបានចេញមុខបដិសេធថា អាមេរិកមិនដែលមាននយោបាយយកស្រ្តីមកធ្វើជាទាសករបម្រើផ្លូវភេទដល់ទាហាននោះទេ ទាំងនៅក្នុងសម័យសង្រ្គាមលោក និងក្រោយៗមកទៀត។ ចំណែកក្រសួងការបរទេសកូរ៉េខាងត្បូងវិញបានទាមទារឲ្យជប៉ុនដកលោកកាត់ស៊ូតូ ម៉ូមីអ៊ី ចេញពីតំណែង។
ក៏ប៉ុន្តែ ក្រោយមក លោកកាត់ស៊ូតូ ម៉ូមីអ៊ី បានចេញមុខបកស្រាយថា អ្វីដែលលោកបានលើកឡើង គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមែនធ្វើក្នុងនាមនាយកទូរទស្សន៍ NHK នោះទេ។ លោកបានសម្តែងនូវការសោកស្តាយ និងសុំដកពាក្យសម្តីរបស់លោកទាំងប៉ុន្មាននោះមកវិញ។
ការថ្លែងដ៏ចម្រូងចម្រាសរបស់លោកម៉ូមីអ៊ីបានមកបន្ថែមលើភាពតានតឹង ដែលកំពុងតែកើតឡើងខ្លាំងស្រាប់ រវាងជប៉ុន និងប្រទេសជិតខាង ហើយលោកស្ហ៊ីនហ្សូ អាបេ កំពុងតែព្យាយាមស្នើសុំដោយទទូច ម្តងហើយម្តងទៀត ឲ្យមានជំនួបកំពូល ជាមួយចិន និងកូរ៉េខាងត្បូង ដើម្បីជជែកគ្នា ស្វែងរកមធ្យោបាយដោះស្រាយជម្លោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ