ជប៉ុន

រដ្ឋាភិបាល​ជប៉ុន​បន្ធូរបន្ថយ​ការ​ហាមប្រាម​ការ​នាំចេញ​គ្រឿង​សព្វាវុធ

យោងតាម​ច្បាប់ថ្មី ជប៉ុន​អាច​ចូលរួម​ជាមួយ​អាមេរិក ឬ​អឺរ៉ុប ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា​រួមគ្នា
យោងតាម​ច្បាប់ថ្មី ជប៉ុន​អាច​ចូលរួម​ជាមួយ​អាមេរិក ឬ​អឺរ៉ុប ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា​រួមគ្នា Reuters

នៅថ្ងៃ​អង្គារ​ ២៧​ធ្នូ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​បន្ធូរបន្ថយ​ការហាមប្រាម​ការនាំគ្រឿង​សព្វាវុធ​ទៅ​ក្រៅប្រទេស ដែល​ជប៉ុន​បាន​ដាក់​លើ​ខ្លួនឯង អស់រយៈពេល​ជាង ៤០​ឆ្នាំ​មកហើយ។ សេចក្តីសម្រេច​នេះ​នឹង​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​អាច​ចូលរួម​​​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក និង​អឺរ៉ុប ដើម្បី​ផលិត​គ្រឿង​សព្វាវុធ​ទំនើបៗ។

ផ្សាយពាណិជ្ជកម្ម

ការហាមប្រាម​ការនាំ​អាវុធ​ចេញ​ទៅលក់​នៅ​បរទេស គឺ​ជា​បម្រាម ដែល​​រដ្ឋាភិបាល​ជប៉ុន​ដាក់​លើ​ខ្លួនឯង នៅ​​ឆ្នាំ​១៩៦៧ នៅ​ក្នុងពេល​ដែល​ពិភពលោក​កំពុង​ស្ថិត​ក្នុង​សង្រ្គាម​ត្រជាក់។ នៅពេលនោះ ជប៉ុន​បាន​កំណត់​ថា ជប៉ុន​នឹង​មិន​​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​កុម្មុយនិស្ត ប្រទេស​កំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ​អន្តរជាតិ ឬ​ប្រទេស​ដែល​ស្ថិត​ក្រោម​​ទណ្ឌកម្ម​របស់​អ.ស.ប.​នោះទេ។

បម្រាម​នេះ​ត្រូវ​បាន​រឹតបន្តឹង​បន្ថែម​ទៀត នៅឆ្នាំ​១៩៧៦។ ការ​លក់​គ្រឿងសព្វាវុធ​ទៅបរទេស​​ត្រូវ​ហាមឃាត់​ស្ទើរតែ​ទាំងស្រុង។ ការ​សហការ​​ក្នុង​គម្រោង​ផលិត​អាវុធ​រួមគ្នា​​ រវាង​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​បរទេស​ក៏​ត្រូវ​ហាមឃាត់​ដែរ លើកលែង​តែ​ក្នុង​ករណីពិសេស​ខ្លះ ដូចជា គម្រោង​ផលិត​ប្រព័ន្ធ​ខែល​ការពារមីស៊ីល​ជាមួយ​សហរដ្ឋ​អាមេរិក ជាដើម។

អ្នកនយោបាយ​ជប៉ុន​មួយចំនួន​បាន​រិះគន់​ថា បម្រាម ដែល​ជា​កាកសំណល់​តាំង​ពី​សម័យ​សង្រ្គាម​ត្រជាក់​នេះ គឺ​ជា​ឧបសគ្គ​ សម្រាប់​ជប៉ុន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​សព្វាវុធ​ទំនើបៗ ក្នុងពេល​ដែល​ចិន ដែល​ជា​គូប្រជែង​កំពុងតែ​បង្កើន​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទៅលើ​បច្ចេកវិទ្យា​យោធា។

ចាប់ពីពេលនេះ​ទៅ យោងតាម​ច្បាប់ថ្មី ជប៉ុន​នឹង​អាច​នាំចេញ​​​គ្រឿងសព្វាវុធ ដើម្បី​ប្រើប្រាស់​ក្នុង​​ប្រតិបត្តិការ​មនុស្សធម៌ ឬ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អ.ស.ប. ឬ​ក៏​ការនាំចេញ​ឧបករណ៍​សម្រាប់​​ការពារខ្លួន ដូចជា មួក និង​អាវ​ការពារ​គ្រាប់ ជាដើម។ លើសពីនេះ​ទៅទៀត ជប៉ុន​ក៏​នឹង​អាច​អភិវឌ្ឍ​​វិស័យ​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ខ្លួន​​ឲ្យ​កាន់តែ​ទំនើប​ផងដែរ តាមរយៈ​​ការ​​ចូលរួម​ជាមួយ​​​អាមេរិក និង​អឺរ៉ុប ដើម្បី​​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា និង​ផលិត​គ្រៀង​សព្វាវុធ​ទំនើបៗ។

ក៏ប៉ុន្តែ រាល់​វិធានការ​ទាំងឡាយណា​ ដែល​អាច​ឲ្យ​ជប៉ុន​ពង្រីក​វិស័យ​យោធា​របស់​ខ្លួន​នោះ ប្រាកដ​ជា​​ឲ្យ​ចិន និង​កូរ៉េ​ខាង​ត្បូង​មិន​សប្បាយចិត្ត​ ពីព្រោះ​ថា អំពើ​ឈ្លានពាន​របស់​ជប៉ុន ក្នុង​សម័យសង្រ្គាម​លោក នៅតែ​ជា​អនុស្សាវរីយ៍​ដ៏ជូរចត់​ សម្រាប់​ប្រទេស​ទាំងពីរ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI