អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

សង្រ្គាមលោក​លើកទី២៖ ​សកម្មភាព​យោធា​ជប៉ុន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍

សំឡេង ០៧:៤៧
ហ៊ីដេគី តូចូ (Hideki Tojo) នាយករដ្ឋមន្រ្តី​ជប៉ុន​ ក្នុង​សម័យសង្រ្គាម​លោកលើកទី២
ហ៊ីដេគី តូចូ (Hideki Tojo) នាយករដ្ឋមន្រ្តី​ជប៉ុន​ ក្នុង​សម័យសង្រ្គាម​លោកលើកទី២
ដោយ៖ សេង ឌីណា

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​និយាយ​អំពី​សង្រ្គាម​លោក​លើកទី២ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​លើកឡើង​អំពី​សកម្មភាព​យោធា​របស់​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ផ្សាយពាណិជ្ជកម្ម

គិតមក​ត្រឹម​សម័យសង្រ្គាម​លោក​លើកទី២ តំបន់​អាស៊ីអាគ្នេយ៍​ស្ទើរតែ​ទាំងមូល​​​កំពុង​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​មហាអំណាច​លោកខាងលិច គឺ​តំបន់​ឥណ្ឌូចិន​ (កម្ពុជា វៀតណាម និង​ឡាវ) ស្ថិត​ក្រោម​អាណានិគម​បារាំង ភូមា និង​ម៉ាឡេស៊ី​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស ឥណ្ឌូណេស៊ី​ស្ថិត​ក្រោម​អាណានិគម​ហូឡង់ និង​ហ្វីលីពីន​ស្ថិត​នៅក្រោម​អាណាព្យាបាល​របស់​​សហរដ្ឋ​អាមេរិក។ លើកលែង​តែ​ប្រទេស​ថៃ​មួយចេញ ដែល​បារាំង និង​អង់គ្លេស​បាន​ព្រមព្រៀង​គ្នា​មិនយក​មក​ដាក់​ជា​ដែន​អាណានិគម ដើម្បី​ទុក​ធ្វើ​ជា​តំបន់​ទ្រនាប់។

ចាប់ពី​ចុងឆ្នាំ​១៩៤០ នៅ​ក្រោយ​ពេល​ដែល​បារាំង​ចាញ់សង្រ្គាម​ទល់​នឹង​អាល្លឺម៉ង់ ហើយ​រដ្ឋាភិបាល​បារាំង​ដឹកនាំ​ដោយ​សេនាប្រមុខ Philippe Pétain ​ត្រូវ​ក្លាយ​ជារដ្ឋាភិបាល​​រណប​ហ៊ីត្លែរ ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាល្លឺម៉ង់​ ក៏​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ឲ្យ​​ចូល​មក​ ក្នុង​តំបន់​ឥណ្ឌូចិន។ នៅពេលនោះ ថ្វីដ្បិត​តែ​ឥណ្ឌូចិន​​នៅមាន​ឈ្មោះ​ជា​ដែន​អាណានិគម​បារាំង ក៏ប៉ុន្តែ រដ្ឋាភិបាល​បារាំង​ដែល​ធ្លាក់​ចុះខ្សោយ​​ត្រូវ​​បង្ខំ​ចិត្ត​អនុញ្ញាត​​ឲ្យ​កងទ័ព​ជប៉ុន​បោះមូលដ្ឋាន​ទ័ព​នៅ​ក្នុង​ដែន​អាណានិគម​របស់​ខ្លួន។

 

ជប៉ុន​ចូល​ឈ្លានពាន​កាន់កាប់​តំបន់​ឥណ្ឌូចិន គឺ​ក្នុងគោលដៅ​សំខាន់​ពីរ៖ ទីមួយ ដើម្បី​​កាត់ផ្តាច់​ផ្លូវ​នាំចូល​គ្រឿងសព្វាវុធ​ទៅ​​​ចិន​ផង និង​ទីពីរ​ ​ដើម្បី​​ទុក​ធ្វើជា​មូលដ្ឋាន​ឈានទៅ​ឈ្លានពាន​​ដែន​អាណានិគម​​របស់​លោក​ខាងលិច​ផ្សេងទៀត​ នៅ​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

 

ក៏ប៉ុន្តែ សកម្មភាព​ឈ្លានពាន​របស់​ជប៉ុន​នៅ​ឥណ្ឌូចិន​ត្រូវ​​ប្រឈមមុខ​នឹង​ឧបសគ្គ​ដ៏​ធំមួយ គឺ​ការ​​ការ​តវ៉ា​ជំទាស់​ពី​សំណាក់​សហរដ្ឋ​អាមេរិក។ ក្រោយ​ពី​​បាន​ចរចា​ជាមួយ​អាមេរិក​​ស្វែងរក​​ដំណោះស្រាយ​មិនបាន ជប៉ុន​ក៏​បានសម្រេច​បើក​ការ​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​មូលដ្ឋានទ័ព Pearl Harbor ​នៅ​កោះហាវ៉ៃ។ គោលដៅ​របស់​ជប៉ុន គឺ​ចង់​ត្រួតត្រា​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​រារាំង​អាមេរិក​កុំ​ឲ្យ​ចូល​មក​រំខាន​សកម្មភាព​ឈ្លានពាន​របស់​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី ជាពិសេស តំបន់​អាស៊ី​អាគ្នេយ៍។

 

តាមគម្រោងការណ៍របស់​ជប៉ុន ក្រោយ​ពី​វាយប្រហារ​លើ​​ Pearl Harbor បាន​សម្រេច​ហើយ កងទ័ព​ជប៉ុន​នឹង​បើក​ការ​វាយប្រហារ​ភ្លាមៗ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ឲ្យ​កងទ័ព​ជប៉ុន​ប្រចាំ​នៅ​តំបន់​ឥណ្ឌូចិន​ បើក​ការ​វាយប្រហារ​​ទៅលើ​ប្រទេស​ថៃ ដើម្បី​យក​ទឹកដី​​ថៃ​ធ្វើ​ជា​មូលដ្ឋាន​ទ័ពក្នុងការ​ឈ្លានពាន​​បន្ត​ទៅទិស​ខាង​លិច សំដៅ​ទៅ​​ភូមា និង​បន្ទាប់​មក​ទៅឥណ្ឌា និង​ទៅទិស​ខាង​ត្បូង សំដៅ​ទៅ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

 

​នៅ​ថ្ងៃ​ទី៧ ​ខែ​ធ្នូ ឆ្នាំ​១៩៤១ កងទ័ព​ជប៉ុន​បាន​បើក​ការ​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក នៅ​​ Pearl Harbor ​នៅ​កោះហាវ៉ៃ ហើយ​មួយថ្ងៃ​ក្រោយ​មក ជប៉ុន​ក៏​​​បាន​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ ទៅតាម​ការ​គ្រោង​ទុក។ រដ្ឋាភិបាល​ថៃ ដោយ​ដឹង​ថា​ខ្លួន​មិន​មាន​កម្លាំង​អាច​ទប់ទល់​នឹង​កងទ័ព​ជប៉ុន​ ​ក៏​បាន​​សុំចរចា​ឈប់បាញ់​​ភ្លាមៗ ដោយ​សុខចិត្ត​​ដាក់​ខ្លួន​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ជប៉ុន ហើយ​បើក​ឲ្យ​​កងទ័ព​ជប៉ុន​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​​ធ្វើការ​វាយប្រហារ​ទៅលើ​ដែន​អាណានិគម​លោក​ខាងលិច។

 

នៅថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ​១៩៤១ ​ជប៉ុន​បាន​ប្រើ​មូលដ្ឋាន​ទ័ព​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ បើក​ការ​វាយប្រហារ​ទៅលើ​ម៉ាឡេស៊ី ហើយ​ក្នុងពេល​ជាមួយគ្នា បញ្ជូន​ទ័ព​ជើងទឹក​​មួយ​ក្រុមផ្សេងទៀត​ឲ្យ​ចូល​ឈ្លានពាន​​ហ្វីលីពីន។

 

ចក្រភព​អង់គ្លេស ដែល​ជាប់ដៃ​ក្នុងការ​ច្បាំង​ទប់ទល់​នឹង​ហ៊ីត្លែរ​នៅ​អឺរ៉ុប​ផង ហើយ​ខ្ជីខ្ជា និង​មើលស្រាល​កម្លាំង​ទ័ព​ជប៉ុន​ផង បាន​បញ្ជូន​ទ័ព​តិចតួច​ប៉ុណ្ណោះ ឲ្យ​​មក​ពង្រឹង​កម្លាំង នៅ​តាម​ដែន​អាណានិគម​នៅ​អាស៊ី​អាគ្នេយ៍​។ ជាលទ្ធផល នៅ​ក្នុង​សមរភូមិ​នៅ​ម៉ាឡេស៊ី កងទ័ព​អង់គ្លេស​​មាន​ចំនួន​តិច​ជាង​​​​កងទ័ព​ជប៉ុន​ដល់​ទៅ​ពីរដង ហើយ​គ្រឿងសព្វាវុធ​ក៏​ចាញ់​ប្រៀប​ជប៉ុន​យ៉ាង​ឆ្ងាយ​ផងដែរ។ ហេតុដូច្នេះហើយ​បាន​ជា​ក្នុងរយៈពេល​មិនដល់​មួយសប្តាហ៍​ផង កងទ័ព​ជប៉ុន​បាន​វាយ​បំបាក់​កងទ័ព​អង់គ្លេស​និង​សម្ព័ន្ធមិត្ត ដោយ​ដណ្តើម​កាន់កាប់​​បាន​ទាំងស្រុង​នូវ​តំបន់​ប៉ែក​ខាងជើង​ប្រទេស​ម៉ាឡេស៊ី ហើយ​ព្រមទាំង​បាន​ចាប់ផ្តើម​​បើក​ការ​ឈ្លានពាន​ក្នុង​មុខព្រួញ​​ថ្មីផ្សេងទៀត គឺ​វាយប្រហារ​លើ​ឥណ្ឌូណេស៊ី និង​ភូមា។

 

គិត​ត្រឹម​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​១៩៤២ ប្រទេស​ម៉ាឡេស៊ី​ទាំងមូល​​ត្រូវ​ធ្លាក់​​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន ហើយ​ចក្រភព​អង់គ្លេស​ត្រូវ​បាត់បង់​មូលដ្ឋាន​ទ័ព​ជើងទឹក​ដ៏​សំខាន់​មួយ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​សិង្ហបុរី។ ប៉ុន្មាន​ខែ​ក្រោយ​មក ភូមា ដែល​ជា​ដែន​អាណានិគម​មួយ​ទៀត​របស់​​​អង់គ្លេស​ ​ក៏​ត្រូវ​​ធ្លាក់​ក្នុង​ដៃ​ជប៉ុន ហើយ​សូម្បីតែ​ឥណ្ឌា ដែល​ជា​ដែន​អាណានិគម​ដ៏ធំបំផុត​របស់​អង់គ្លេស​នៅ​អាស៊ី ហើយ​ដែល​មាន​ព្រំដែន​ជាប់​នឹង​ភូមា​ ក៏​ត្រូវ​ប្រឈមមុខ​នឹង​​ការ​ឈ្លានពាន​របស់​ជប៉ុន​ផងដែរ។

 

នៅ​ឥណ្ឌូណេស៊ី​វិញ កងទ័ព​ហូឡង់​​ត្រូវ​ទទួល​បរាជ័យ ហើយ​សុខចិត្ត​​​​ប្រគល់​ដែន​អាណានិគម​​ឥណ្ឌូណេស៊ី​ទៅ​ឲ្យ​ជប៉ុន​កាន់កាប់​ នៅ​ខែ​មីនា ឆ្នាំ​១៩៤២។ ចំណែក​កងទ័ព​អាមេរិក​វិញ​ត្រូវ​បាន​កងទ័ព​ជប៉ុន​វាយ​ឲ្យ​ដកថយ​​ចេញ​ពី​ហ្វីលីពីន នៅ​ខែ​ឧសភា។

 

គិត​មក​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​១៩៤២ តំបន់​អាស៊ី​អាគ្នេយ៍​ស្ទើរតែ​ទាំងមូល​ គឺ​កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ភូមា ត្រូវ​ធ្លាក់​​ក្រោម​ការ​កាន់កាប់​របស់​​​កងទ័ព​ជប៉ុន។ ចំណែក​ប្រទេស​ថៃ​វិញ ថ្វីដ្បិត​តែ​មាន​ឈ្មោះ​ជា​ប្រទេស​ឯករាជ ក៏ប៉ុន្តែ ក៏​ត្រូវ​ដាក់​ខ្លួន​ជា​ប្រទេស​រណប​ជប៉ុន​​ផងដែរ។ បូកបន្ថែម​ជាមួយ​នឹង​ប្រទេស​កូរ៉េ និង​មួយ​ផ្នែក​នៃ​ប្រទេស​ចិន គឺ​ជាងពាក់កណ្តាល​តំបន់​អាស៊ី ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភព​ជប៉ុន។

 

ក៏ប៉ុន្តែ អំណាច​របស់​ជប៉ុន​នៅ​អាស៊ី​នេះ​នឹង​មិន​ស្ថិតស្ថេរ​បាន​យូរ​ប៉ុន្មាន​នោះទេ។ មិនយូរ​ប៉ុន្មាន​ក្រោយមក កងទ័ព​ជើងទឹក​អាមេរិក​ ដែល​ជប៉ុន​កម្ទេច​មិន​អស់ នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ Pearl Harbor ក៏​ត្រូវ​បាន​ពង្រឹង​ឡើងវិញ ហើយ​យក្ស​ដែល​ជប៉ុន​ដាស់​ឲ្យ​ភ្ញាក់​ពីដំណេក​​ក៏​នឹង​ងើប​មក​ជាន់​ជប៉ុនវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ