ជប៉ុន-កូរ៉េ​ខាង​ត្បូង

ជប៉ុន​ស្នើ​ជា​ផ្លូវការ​ឲ្យ​យក​ជម្លោះ​ជាមួយ​កូរ៉េ​ខាង​ត្បូង​ទៅ​តុលាការ​ក្រុង​ឡាអេ

ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុងឡាអេ (រូបថតឯកសារ)
ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុងឡាអេ (រូបថតឯកសារ) RFI/Dyna Seng

នៅថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ស្នើ​សុំ​ជាផ្លូវការ​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ឲ្យ​យក​ជម្លោះ​ដណ្តើម​កោះ​ដុកដូ/តាកេស៊្ហីម៉ា ទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ។ ក្នុងពេល​ជាមួយ​គ្នា​នេះ ជប៉ុន​បាន​ប្រកាស​ថា​នឹង​សើរើ​មើល​ឡើងវិញ កិច្ចព្រមព្រៀង​ដោះដូរ​រូបិយវត្ថុ​ជាមួយ​កូរ៉េ​ខាង​ត្បូង ហើយ​​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​ក៏​បាន​​ប្រកាស​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កូរ៉េ​ខាងត្បូង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ភាព​តានតឹង​ផ្នែក​ការទូត​រវាង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ជុំវិញ​ជម្លោះ​ដណ្តើម​ប្រជុំកោះ​ដុកដូ/តាកេស្ហ៊ីម៉ា បាន​កើនឡើង​មួយ​កម្រិត​ទៀត​នៅថ្ងៃ​សុក្រនេះ ដោយ​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ថា​នឹង​សើរើ​ឡើងវិញ នូវ​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយវត្ថុ​ជាមួយ​កូរ៉េ​ខាង​ត្បូង ហើយ​ដំណើរ​ទស្សនកិច្ច​រប​ស់​​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​ទៅកាន់​កូរ៉េ​ខាង​ត្បូង​ក៏​​ត្រូវ​បាន​លុបចោល ដើម្បី​ជាការ​តវ៉ា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​លី ម្យ៉ុងបាក់ ទៅកាន់​កោះ​ជាប់ជម្លោះ កាល​ពី​ចុងសប្តាហ៍មុន​ផង និង​តវ៉ា​ទៅនឹង​ពាក្យសម្តី​​របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងចំពោះ​អធិរាជ​ជប៉ុន​ផង។

លោក​លី ម្យ៉ុងបាក់​ បាន​ថ្លែង​ថា អធិរាជ​ជប៉ុន​អាគីហ៊ីតូ​ចាំបាច់​ត្រូវ​តែ​ថ្លែង​សុំទោស​​ដោយ​សុទ្ធចិត្ត​ពី​ទង្វើ​របស់​ជប៉ុន​ពី​អតីតកាល ប្រសិនបើ​ថ្ងៃណា​មួយ​ទ្រង់​ចង់​យាង​ទៅ​កូរ៉េ​ខាងត្បូង។

លោក​ Jun Azumi រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​ បាន​លើកឡើង​ថា ជប៉ុន​មិន​អាច​បណ្តោយ​ឲ្យ​លោក​លី ម្យ៉ុងបាក់ ប្រើពាក្យ​សម្តី​ដោយ​គ្មាន​ការ​គោរព​នេះ​មក​លើ​អធិរាជ​ជប៉ុន ដោយ​គ្មាន​ការ​តបត​អ្វីនោះទេ។

រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា ជប៉ុន​បាន​ស្នើ​សុំ​ជាផ្លូវការ​ដល់​កូរ៉េ​ខាង​ត្បូង​​ឲ្យ​យក​ជម្លោះ​ដណ្តើម​កោះ​តាកេស៊្ហីម៉ា​នេះ ទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ជប៉ុន​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រសិនបើ​កូរ៉េ​ខាង​ត្បូង​យល់ថា​ការទាមទារ​កម្មសិទ្ធិ​លើ​ប្រជុំកោះ​តាកេស៊្ហីម៉ា​ពិតជា​មាន​មូលដ្ឋាន​ច្បាស់លាស់​មែន កូរ៉េ​ខាង​ត្បូង​គួរ​តែ​ទទួលយក​ដំណោះស្រាយ​តាមផ្លូវ​តុលាការ​អន្តរជាតិ​នេះ។

សំណើនេះ​ត្រូវ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លើយបដិសេធភ្លាមៗ ដោយ​លើក​ឡើង​ថា ប្រជុំកោះ​ដុកដូ គឺ​ជា​កម្មសិទ្ធិ​របស់​កូរ៉េ​ខាង​ត្បូង​យ៉ាង​ជាក់ច្បាស់ ដោយ​គ្មាន​ត្រូវ​ជាប់ជម្លោះ ដែល​ត្រូវ​ដោះស្រាយ​នៅ​តុលាការ​អន្តរជាតិ​នោះទេ។

គួររំឭកថា កាល​ពី​ឆ្នាំ​១៩៥៤ និង​ឆ្នាំ​១៩៦២ ក៏​ជប៉ុន​ធ្លាប់​បាន​ស្នើ​ឲ្យ​យក​ជម្លោះ​នេះ​ទៅ​តុលាការ​ក្រុងឡាអេ​ដែរ ប៉ុន្តែ ត្រូវ​កូរ៉េ​ខាង​ត្បូង​បដិសេធ។ នៅ​ឆ្នាំ​១៩៦៥ ប្រទេស​ទាំងពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ជា​ធម្មតាឡើងវិញ ហើយ​ចាប់ពីពេលនោះ​មក ជប៉ុន​មិនដែល​លើកឡើង​ពី​ការ​ប្តឹង​ទៅ​តុលាការ​ក្រុងឡាអេ​នេះ​ទៀតទេ។

ការ​បដិសេធ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​មានន័យថា ជប៉ុន​នឹង​មិន​អាច​នាំយក​ជម្លោះ​លើ​ប្រជុំកោះ​នេះ​ទៅ​តុលាការ​​យុត្តិធម៌​អន្តរជាតិ​បានទេ ពីព្រោះថា រាល់​បណ្តឹង​ទៅ​តុលាការ​នេះ​ចាំបាច់​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​ពី​ភាគី​ជម្លោះ​ ទើប​តុលាការ​អាច​ទទួល​យក​មក​ជំនុំជម្រះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI