អានតួអត្ថបទ
ចិន-ជប៉ុន

ជប៉ុន​តវ៉ា​ក្រោយពី​យន្តហោះ​ចិន​ហោះ​ក្នុង​ដែន​អាកាស​លើ​ប្រជុំកោះ​ជាប់​ជម្លោះ

យន្តហោះ​ចិន ដែល​ហោះ​ចូល​ក្នុង​ដែនអាកាស​ពីលើ​ប្រជុំកោះ​ជាប់ជម្លោះ​ជាមួយ​ជប៉ុន នៅថ្ងៃ​ព្រហស្បតិ៍ ១៣ ធ្នូ ២០១២
យន្តហោះ​ចិន ដែល​ហោះ​ចូល​ក្នុង​ដែនអាកាស​ពីលើ​ប្រជុំកោះ​ជាប់ជម្លោះ​ជាមួយ​ជប៉ុន នៅថ្ងៃ​ព្រហស្បតិ៍ ១៣ ធ្នូ ២០១២ REUTERS/Japan Coast Guard
ដោយ៖ សេង ឌីណា
១៣ នាទី

រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើការ​តវ៉ា​ទៅកាន់​រដ្ឋាភិបាល​ចិន នៅថ្ងៃព្រហស្បតិ៍​នេះ ដោយ​ចោទ​ថា ចិន​បាន​រំលោភ​លើ​ដែន​អាកាស​របស់​ខ្លួន ក្រោយ​ពី​យន្តហោះ​របស់​រដ្ឋាភិបាល​ចិន​បាន​ហោះ​ចូល​ក្នុង​ដែន​អាកាសលើ​ប្រជុំកោះ​ជាប់ជម្លោះ។ រដ្ឋាភិបាល​ចិន​បាន​ឆ្លើយតបមកវិញ​ ដោយ​ទាមទារ​ឲ្យ​ជប៉ុន​​ទៅវិញ ដែល​ត្រូវ​បញ្ឈប់​ការ​លុកលុយ​ចូល​មកក្នុង​ដែនទឹក និង​ដែន​អាកាស ក្នុង​តំបន់​ប្រជុំកោះ​ជាប់ជម្លោះ ដែល​ចិន​អះអាង​ថា ជា​ដែនដី​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

យោងតាម​រដ្ឋាភិបាល​ជប៉ុន យន្តហោះ​របស់​រដ្ឋាភិបាល​ចិន ដែល​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​លើ​តំបន់​កោះ​ជាប់ជម្លោះ នៅថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ប្រភេទ​យន្តហោះ​ល្បាត​ដែន​សមុទ្រ។ ក្រសួង​ការពារជាតិ​ជប៉ុន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ខ្លួនបាន​បញ្ជូន​យន្តហោះ​ចម្បាំង ធុន F-15 ចំនួន ៨គ្រឿង​​ឲ្យ​ហោះ​ទៅកាន់​តំបន់​ប្រជុំកោះ​នេះ ក៏ប៉ុន្តែ យន្តហោះ​ចិន​បាន​ហោះ​ចេញ​ពី​តំបន់​នេះ​វិញ​ហើយ។

រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​​អះអាង​ថា នេះ​គឺ​ជា​លើក​ទីមួយ​ហើយ ដែល​យន្តហោះ​ចិន​រំលោភ​ចូល​ក្នុង​ដែន​អាកាស​របស់​ជប៉ុន ហើយ​ជប៉ុន​បាន​ធ្វើការ​តវ៉ា​តាមផ្លូវទូត​ជាផ្លូវការ​ទៅ​រដ្ឋាភិបាល​ចិន​រួចហើយ ជុំវិញ​ហេតុការណ៍​នេះ។

ក៏ប៉ុន្តែ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​​ធ្វើការ​តបត​ទៅ​ជប៉ុន​វិញភ្លាមៗ ដោយ​លើកឡើង​ថា ការ​ដែល​យន្តហោះ​ចិន​ហោះ​ក្នុង​តំបន់​ប្រជុំកោះ​ជាប់ជម្លោះ​នេះ គឺ​ជា​រឿង​ធម្មតា ហើយ​ទាមទារ​ថា គឺ​ជប៉ុន​ទៅវិញ​ទេ ដែល​ត្រូវ​បញ្ឈប់​ការ​លុកលុយ​ចូល​ក្នុង​ដែនទឹក និង​ដែន​អាកាស​​របស់​ចិន នៅ​តំបន់​ប្រជុំកោះ​ជាប់ជម្លោះនេះ។

គួរបញ្ជាក់ថា ហេតុការណ៍​ដែល​យន្តហោះ​ចិន​ចូល​ក្នុង​ដែន​អាកាស​លើ​ប្រជុំកោះ​ជាប់ជម្លោះ​ជាមួយ​ជប៉ុន​នេះ បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនការ​បោះឆ្នោត​ជាតិ​​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ហើយ​ដែល​គេ​រំពឹង​ថា លោក Shinzo Abe អតីត​នាយករដ្ឋមន្រ្តី មក​ពី​គណបក្ស​ស្តាំនិយម​ អាច​នឹង​ទទួល​បាន​ជោគជ័យ​ត្រឡប់​មក​កាន់តំណែង​វិញ។

ក្នុងការ​ឃោសនា​បោះឆ្នោត​ លោក​ Shinzo Abe ធ្លាប់​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ជប៉ុន​បច្ចុប្បន្ន​​​ថា មិនមាន​សមត្ថភាព​ក្នុងការ​ចាត់ចែង​កិច្ចការ​ទូត​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឲ្យ​ចិន​បាន​ដៃ ចេះតែ​បំពាន​មក​លើ​ជប៉ុន​ជា​ញឹកញយ។ លោក​ Shinzo Abe ក៏​បាន​សន្យា​ផងដែរ​ថា ប្រសិន​បើ​លោក​ឈ្នះឆ្នោត លោក​នឹង​ដាក់ចេញ​នូវ​នយោបាយ​តឹងរ៉ឹង​ចំពោះ​ចិន ទាក់ទងនឹង​ជម្លោះ​ដណ្តើម​កោះ​នេះ ហើយ​លោក​នឹង​បង្កើន​ការចំណាយ​ខាង​វិស័យ​ការពារជាតិ ក្នុងនោះ​ក៏​មាន​ការ​ពង្រឹង​កម្លាំង​កងល្បាត​ដែន​សមុទ្រ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ