ជប៉ុន៖ ផ្ទុះអគារម៉ាស៊ីនប្រតិករនុយក្លេអ៊ែរមួយទៀតនៅ Fukushima
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃចន្ទ ១៤ មីនា ២០១១នេះ អគារម៉ាស៊ីនប្រតិករលេខ៣ ក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅ Fukushima បានផ្ទុះ ធ្វើឲ្យរបើកដំបូល និងជញ្ជាំងអគារ ស្ទើរតែទាំងស្រុង។ ក៏ប៉ុន្តែ អាជ្ញាធរជប៉ុនបានអះអាងថា ការផ្ទុះនេះមិនបានបណ្តាលឲ្យខូចខាតដល់តួម៉ាស៊ីនប្រតិករ ដែលផ្ទុកពេញទៅដោយធាតុវិទ្យុសកម្មនោះទេ។
ការផ្ទុះអគារម៉ាស៊ីនប្រតិករលេខ៣ នៅថ្ងៃចន្ទនេះ បង្ហាញថា អាជ្ញាធរជប៉ុននៅតែមិនទាន់អាចគ្រប់គ្រងស្ថានការណ៍ នៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅ Fukushima បាននៅឡើយទេ។ ក្នុងពេលជាមួយគ្នានេះ មជ្ឈមណ្ឌលនុយក្លេអ៊ែរចំនួនពីរផ្សេងទៀត ត្រូវបានប្រកាសដាក់ឲ្យស្ថិតក្នុងភាពអាសន្ន។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ អគារម៉ាស៊ីនប្រតិករលេខ១ នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅ Fukushima បានផ្ទុះម្តងរួចមកហើយ ដោយបានបញ្ចេញធាតុវិទ្យុសកម្មទៅក្នុងបរិយាកាស ក្នុងកម្រិតខ្ពស់គួរឲ្យបារម្ភ។ គេនៅមិនទាន់អាចដឹងបានច្បាស់នៅឡើយទេថា តើការផ្ទុះនៅថ្ងៃចន្ទនេះ ធ្វើឲ្យធ្លាយធាតុវិទ្យុសកម្មទៅក្នុងបរិយាកាស ដូចកាលផ្ទុះលើកទី១ដែរឬទេ?
នៅថ្ងៃចន្ទនេះ អាជ្ញាធរនុយក្លេអ៊ែរជប៉ុនបានអះអាងថា វិបត្តិនុយក្លេអ៊ែរជប៉ុននឹងមិនធ្ងន់ធ្ងរដូចកាលនៅ Tchernobyl នោះទេ។ អ្នកជំនាញខាងនុយក្លេអ៊ែរភាគច្រើនក៏សុទ្ធតែមានសុទិដ្ឋិនិយមដែរថា ជប៉ុនពិតជាអាចទប់ស្កាត់មិនឲ្យម៉ាស៊ីនប្រតិករនុយក្លេអ៊ែរផ្ទុះបានមែន។ ក៏ប៉ុន្តែ នេះមិនមែនមានន័យថា វិបត្តិនុយក្លេអ៊ែរជប៉ុនបានធូរស្រាលមកវិញនោះទេ។ ដរាបណា អាជ្ញាធរជប៉ុនមិនអាចរកវិធីបញ្ចុះសីតុណ្ហភាពនៅក្នុងស្នូលនុយក្លេអ៊ែរបានទេ ការបញ្ចេញធាតុវិទ្យុសកម្មទៅក្នុងបរិយាកាស នឹងនៅតែអាចបន្តកើតមាន។
នៅពេលនេះ ប្រទេសមួយចំនួននៅអាស៊ីបានសម្រេចធ្វើតេស្តស្វែងរកធាតុវិទ្យុសកម្មនៅក្នុងគ្រប់ចំណីអាហារទាំងអស់ ដែលនាំចូលពីជប៉ុន។
ការរញ្ជួយដីកម្រិត ៧ រិចទ័រអាចនឹងកើតមានក្នុងរង្វង់ពីរ-បីថ្ងៃខាងមុខ
ក្រោយពីការសិក្សាលម្អិតទៅលើទិន្នន័យនានា អាជ្ញាធរជប៉ុនបានរកឃើញថា ការរញ្ជួយដីកាលពីថ្ងៃសុក្រ មានកម្លាំងរហូតដល់ទៅ ៩ រិចទ័រឯណោះ មិនមែនត្រឹម ៨,៨ ឬ៨,៩ ដូចការប៉ាន់ស្មានកន្លងមកនោះទេ។ ចាប់តាំងពីថ្ងៃសុក្រមក ក្រោយពីការរញ្ជួយដី ៩ រិចទ័រ គេឃើញមានការរញ្ជួយដី (Aftershocks) ប្រមាណជា ៣០០លើកបានកើតឡើង នៅក្បែរចំណុចរញ្ជួយចាស់។ ក្នុងនោះ ការរញ្ជួយជាង១០០លើក មានកម្លាំងរហូតដល់ ៦ ទៅ ៧ រិចទ័រ។
គួរបញ្ជាក់ថា ការរញ្ជួយដីនៅប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី២២ កុម្ភៈ ២០១១ កន្លងទៅ ដែលបានបំផ្លាញផ្ទះសម្បែង និងសម្លាប់មនុស្សរាប់រយនាក់ មានកម្លាំងត្រឹមតែ ៦,៣ រិចទ័រប៉ុណ្ណោះ។ ដូច្នេះ មានន័យថា ចាប់តាំងពីថ្ងៃសុក្រ រហូតមកទល់ថ្ងៃចន្ទនេះ ក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ជប៉ុនបានទទួលរងការរញ្ជួយដី ដែលមានកម្លាំងប្រហាក់ប្រហែលនឹងការរញ្ជួយនៅនូវែលសេឡង់ ដល់ទៅជាង ១០០លើក។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករថា ក្នុងចន្លោះពីរ-បីថ្ងៃខាងមុខទៀតនេះ ការរញ្ជួយដីខ្លាំងកម្រិត ៧ រិចទ័រ អាចនឹងកើតមានឡើង នៅក្បែរកន្លែងរញ្ជួយចាស់។
ដំណឹងស្តីពីការរញ្ជួយដីថ្មី រួមជាមួយនឹងបញ្ហាលេចធ្លាយធាតុវិទ្យុសកម្ម ដែលកំពុងតែបន្តកើតមានឥតឈប់ឈរនោះ បានដាក់សម្ពាធកាន់តែខ្លាំងឡើងថែមទៀត ទៅលើអ្នករស់នៅក្នុងតំបន់តូក្យូ។
ទីផ្សារភាគហ៊ុនជប៉ុនធ្លាក់ចុះខ្លាំង
នៅថ្ងៃចន្ទនេះ ទីផ្សារភាគហ៊ុនជប៉ុនបានចាប់ផ្តើមបើកទ្វារលក់ដូរជាលើកដំបូង ចាប់តាំងពីមានការរញ្ជួយដី កាលពីថ្ងៃសុក្រ។ តម្លៃភាគហ៊ុនជប៉ុនបានធ្លាក់ចុះ ប្រមាណ ៦%។ ក្រុមហ៊ុនដែលមានភាគហ៊ុនធ្លាក់ចុះខ្លាំងជាងគេ គឺក្រុមហ៊ុន ដែលរកស៊ីខាងផ្នែកនុយក្លេអ៊ែរ ដូចជា ក្រុមហ៊ុន Toshiba Corp. ជាដើម ដែលមានភាគហ៊ុនធ្លាក់ចុះដល់ទៅជាង ២០%។
ធនាគារកណ្តាលជប៉ុនបានសម្រេចបញ្ចេញសាច់ប្រាក់រហូតដល់ទៅ ១៨៣ពាន់លានដុល្លារ ដើម្បីធ្វើយ៉ាងណារក្សាស្ថិរភាពប្រព័ន្ធធនាគារជប៉ុន។ ប្រតិបត្តិការនេះមានទំហំធំធេងបំផុត ដែលធនាគារជប៉ុនមិនដែលធ្លាប់ធ្វើទាល់តែសោះ នាពេលកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ