ជប៉ុន

សភាពការណ៍​ពុំទាន់​ត្រូវបាន​អាជ្ញាធរ​ក្តាប់បាន​នៅឡើយ

ផ្សែង​ហុយចេញ​ពី​រ៉េអាក់ទ័រលេខ​៣ នៃ​រោងចក្រ​អគ្គិសនី​​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ថ្ងៃ​ចន្ទ ២១ មីនា ២០១១
ផ្សែង​ហុយចេញ​ពី​រ៉េអាក់ទ័រលេខ​៣ នៃ​រោងចក្រ​អគ្គិសនី​​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ថ្ងៃ​ចន្ទ ២១ មីនា ២០១១ ©Reuters

ការងារ​នៅ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​Daichi​ នៅ​Fukushima​ត្រូវ​បាន​បំពេញ​ឡើង​វិញ​ នៅ​ថ្ងៃ​អង្គារ​២២មីនា​នេះ​។​វា​ត្រូវ​បាន​ផ្អាក​ ដោយ​ហេតុ​មាន​ផ្សែង​បាន​លេច​ចេញ​ពី​ម៉ាស៊ីន​ប្រតិកម្ម​លេខ​៣​។​នៅ​តែ​មាន​ ផ្សែង​លេច​ចេញ​ជានិច្ច​ពី​រោងចក្រ​ ​ ប៉ុន្តែ​បុគ្គលិក​បាន​វិល​ត្រឡប់​មក​កាន់​រោងចក្រ​វិញ​។​ទោះ​បី​ជា​ចាប់​មាន ​អគ្គិសនី​ឡើង​វិញ​ នៅ​ក្នុង​ពហុដ្ឋាន​នុយក្លេអ៊ែរ​ក្តី​ ​ ក៏​សភាពការណ៍​ពុំ​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ក្តាប់​បាន​នៅ​ឡើយ​។​ធាតុ​វិទ្យុ ​សកម្ម​អាច​នឹង​ជះ​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ​ទៅ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ ប្រជាជន​ជប៉ុន​។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​​ប្រែសម្រួល​ដោយ​ វីនស្តុន រតនា

ការ​លេច​ចេញ​ចំហាយ​ថ្មីៗ​នៅ​ពី​លើ​ម៉ាស៊ីន​ប្រតិកម្ម​២​នៃ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ នៅ​Fukushima​ដែល​បង្ហាញ​គ្រោះថ្នាក់​ធំបំផុត​នៃ​ការផ្ទុះ​និង​ការសាយភាយ​វិទ្យុ​សកម្ម​ដ៏​អាក្រក់​បំផុត​នាំ​ឱ្យ​គិត​យល់​ថា​ សភាពការណ៍​ពុំ​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ក្តាប់​បាន​នៅ​ឡើយ​។

អគ្គិសនី​ចាប់​មាន​ឡើង​វិញ​ នៅ​ក្នុង​សាល​ត្រួត​ពិនិត្យ​ ​ ប៉ុន្តែ​ប្រព័ន្ធ​ធ្វើ​ឱ្យ​ត្រជាក់​ម៉ាស៊ីន​ប្រតិកម្ម​ពុំ​ទាន់​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នៅ​ឡើយ​ទេ​ ​ ដ្បិត​បើ​គ្មាន​កត្តា​នេះ​ទេ​ នៅ​តែ​មាន​គ្រោះ​ថ្នាក់​នៃ​ការផ្ទុះ​រលាយ​ចូល​គ្នា​នៃ​ធាតុ​ឥន្ធនៈ​នុយក្លេអ៊ែរ​។
 

ថ្ងៃ​នេះ​ គេ​ដឹង​ថា​ទំនប់​ដែល​ត្រូវ​ការពារ​រោងចក្រ​ទល់​នឹង​រលក​យក្ស​ស៊ូណាមី​បាន​ទទួល​រង​ការប៉ះទង្គិច​មួយ​ប្រៀប​បាន​នឹង​យន្តហោះ​Boeing​ធុន​747​ចំនួន​១០០០គ្រឿង​ហោះ​មក​បុក​ទង្គិច​អ៊ីចឹង​ដំណាល​ពេល​គ្នា​។

រលក​មាន​កម្ពស់​ដល់​១៤ម៉ែត្រ​និង​បាន​ពន្លិច​ប្រព័ន្ធ​ធ្វើ​ឱ្យ​ត្រជាក់​រោងចក្រ​។​ក្រុមហ៊ុន​TEPCO​ដែល​គ្រប់​គ្រង​រោងចក្រ​បាន​ព្រមាន​ប្រាប់​ជា​មុន​ថា​ ប្រព័ន្ធ​ធ្វើ​ឱ្យ​ត្រជាក់​ទាំង​នេះ​នៅ​ទី​កន្លែង​ដែល​ត្រូវ​បាន​ដាក់​វា​ ​ពុំ​អាច​ទប់​ទល់​នឹង​រលក​យក្ស​ស៊ូណាមី​បាន​ឡើយ​។

ធាតុ​វិទ្យុ​សកម្ម​ដែល​បាន​សាយភាយ​ចេញ​ពី​រោងចក្រ​ ជ្រាប​ចូល​ក្នុង​ទឹក​ដោះ​គោ​និង​បន្លែ​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ជប៉ុន​។​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ហាមប្រាម​មិន​ឲ្យ​លក់​ផលិតផល​ទាំងនេះ។ អាច​មាន​ធាតុ​វិទ្យុសកម្ម​ជ្រាប​ចូល​ជា​យថាហេតុទៅក្នុង​សាច់ត្រី និង​ផលិតផល​សមុទ្រ​ ដូចជា បង្កង បង្គារ មឹក យៀវហ៊ឺ ខ្យងខ្ចៅ ជាដើម។

ដ្បិត​បើ​គ្មាន​ត្រី​ឬ​ផលិតផល​សមុទ្រ​​ឬ​ក៏​បន្លែ​ដែល​មក​ពី​ប៉ែក​ខាង​ជើង​ប្រទេស​ទេ នោះ​ប្រទេស​ជប៉ុន​អាច​មាន​គ្រោះ​កង្វះ​ចំណីអាហារ ពីព្រោះ​កង្វះ​អ្វី​តែ​បន្តិចបន្តួច​ក្តី​ក៏​អាច​​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ភ័យ​ជ្រួលច្របល់​ដែរ។

គេ​នឹង​ពុំហូប​ផលិតផល​ដែល​គេយល់ថា ប្រកប​ដោយ​គ្រោះថ្នាក់​ ទោះបី​ជា​មាន​កម្រិត​ធាតុវិទ្យុសកម្ម​ខ្ពស់​ចំនួន​១០០​ដង លើស​ពី​កម្រិត​ធម្មតា​ ដែល​មិនបង្ហាញ​ជា​គ្រោះថ្នាក់​ សម្រាប់​សុខភាព​នោះក្តី-​ស្របតាម​អាជ្ញាធរ​សុខាភិបាល​ជប៉ុន​ក្តី។ ប៉ុន្តែ នៅថ្ងៃ​នេះ ប្រជាជន​ជប៉ុន​លែង​ជឿទុកចិត្ត​ទៅលើ​អាជ្ញាធរ​របស់​ខ្លួន​ទៀតឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI