ជប៉ុន

តូក្យូ​ត្រៀម​ប្រឈម​នឹង​ព្យុះ​កំណាច​ប្រចាំ​ទសវត្សរ៍

ទិដ្ឋភាព​នៃ​ទឹកជំនន់​​បង្ក​ឡើង​ដោយ​ព្យុះ​កំណាច​មែនយឺ លើ​ក្រុង​ក្យូតូ​
ទិដ្ឋភាព​នៃ​ទឹកជំនន់​​បង្ក​ឡើង​ដោយ​ព្យុះ​កំណាច​មែនយឺ លើ​ក្រុង​ក្យូតូ​ © Reuters

វីផា ព្យុះ​ដ៏​កំណាច​បំផុត មាន​រាល់​មួយ​ទសវត្សរ៍​កំពុង​បក់​​សំដៅ​ក្រុង​តូក្យូ និង​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ប្រឈម​មុខ​នឹង​កម្លាំង​ខ្យល់​ព្យុះ​កំណាច​ពិសេស​បែប​នេះ ជើង​ហោះ​ហើរ​ជា​ច្រើន​ត្រូវ​លុបចោល​ តាំង​ពី​ថ្ងៃអង្គារ​​មក។ ចរាចរណ៍​ផ្លូវ​ដែក និង​ផ្លូវ​ទឹក​ ជួប​ការ​រអាក់​រអួល​យ៉ាង​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ព្យុះ​វីផា នឹង​មក​ដល់​ក្រុង​តូក្យូ នៅ​​​ព្រឹក​ថ្ងៃ​ពុធ ​ទន្ទឹម​គ្នា​នឹង​ពេល​​ដែល​​បណ្តាជន​ក្រុងតូក្យូប្រមាណ​៣០​លាន​​ចេញ​ទៅ​ធ្វើ​ការ។​ ​នៅ​​វេលា​ម៉ោង​៨​ ម៉ោង​សកល ​​ថ្ងៃ​អង្គារ​ម្សិលមិញ អ្នក​ឯកទេស​បាន​ឃើញ​វីផា​កំពុង​ស្ថិត​នៅ​ចម្ងាយ​៨៦០គ.ម. ពីទីក្រុង​​តូក្យូ និង​កំពុង​​រំកិល​ក្នុង​ល្បឿន​៣៥គ.ម.ក្នុងម៉ោង​ ប៉ុន្តែ​កម្លាំង​ខ្យល់​បោក​បក់វិល​កួច​មាន​ល្បឿន​ជាង​១៩៤គ.ម.​ក្នុងមួយ​ម៉ោង។

សម្រាប់​អ្នក​ឧតុនិយម វីផា ជា​ព្យុះ​ដ៏​កំណាច​បំផុត មួយ​​ទសវត្សរ៍​​ទើប​ជួប​ម្តង ! ព្យុះ​កំណាច​ដូច​វីផា ដែល​ជប៉ុន​ជួប​ជា​ចុង​ក្រោយ​គេ គឺ​នៅ​ឆ្នាំ​២០០៤ ដែល​កាលណោះ​ជប៉ុន​បា​នខាត​បង់​ប្រាក់​ជា​ច្រើនពាន់​លាន ប្រជាជន​រាប់​សិប​ពាន់​នាក់​ត្រូវ​ជម្លៀស​ និង​មាន​ស្លាប់​ជាង​មួយ​រយ​នាក់ ព្រោះទឹក​ជំនន់​និង​ការ​ហូរ​បាក់​ដី។

នៅ​លើ​ក​នេះ​ក៏​ទំនង​ជា​មិន​ខុស​ពី​ព្យុះ​ឆ្នាំ​២០០៤​ដែរ ព្រោះ​ថា​គ្រាន់​តែ​ចំហាយ​ព្យុះសោះ ការ​ហោះហើរ​ក្នុង​ស្រុក​ជិត​បួន​រយ​ជើង​ និង​ជើង​ហោះហើរ​អន្តជាតិ​​ជា​ច្រើន ចេញ​​អាកាសយានដ្ឋាន​ក្រុង​តូក្យូ​ ត្រូវ​លុប​ចោល នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​នេះ ជា​ហេតុធ្វើ​ឱ្យ​អ្នក​ដំណើរ​ជាង​៦​សែន​នាក់​ជាប់​កុន។ ខ្សែរថភ្លើង​ល្បឿន​លឿន​ ពី​តូក្យូ​ទៅ​ខេត្ត​ក្រុង​ភាគខាង​ជើង​ ចំនួន​៣១​ខ្សែ​ ត្រូវ​លុប​ចោល​ដែរ។ ចំណែក​មជ្ឈមណ្ឌល​ហ្វូគូស្ហ៊ីម៉ា ដែល​មួយ​ភាគ​ធំ​ត្រូវ​បំផ្លាញ​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​រលក​ស៊ូណាមី កាលពី​ឆ្នាំ​២០១១ ត្រូវ​ហិនហោច​មួយ​ជាន់​ទៀត​ដោយ​វីផា។ ម្ខាស់​ក្រុមហ៊ុន​តិបកូ​បានប្រកាស​ផ្អាក​រាល់​សកម្មភាព​ក្នុង​សមុទ្ទ និង​សម្រុក​ប៊ូប​ទឹក​ភ្លៀង​ដើម្បីកុំ​ឱ្យ​ហៀ​ធ្លាក់​ចូល​ក្នុង​អាង​ស្តុក​ទឹក​មាន​សារធាតុ​វិទ្យុ​សកម្ម​បាន។ ក្រុមហ៊ុន​ផលិត​រថយន្ត​នីសាន់​ បាន​គ្រោង​ផ្អាក​សកម្មភាព​ការងារ ដល់​រាល់​បុគ្គលិក​វេន​ព្រឹក​ថ្ងៃ​ពុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI