អានតួអត្ថបទ
ជប៉ុន

ជប៉ុន​ធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ចុះ​តម្លៃ​លុយ​យេន

ជប៉ុន​លក់​លុយ​យេន​ចំនួន ១០០០​ពាន់​លាន (ប្រមាណ ១២,៦​ពាន់​លាន​ដុល្លារ​) នៅ​ថ្ងៃ​ព្រហស្បតិ៍ ៤ សីហា ២០១១
ជប៉ុន​លក់​លុយ​យេន​ចំនួន ១០០០​ពាន់​លាន (ប្រមាណ ១២,៦​ពាន់​លាន​ដុល្លារ​) នៅ​ថ្ងៃ​ព្រហស្បតិ៍ ៤ សីហា ២០១១ REUTERS/Yuriko Nakao/File
ដោយ៖ សេង ឌីណា
២០ នាទី

​វិបត្តិ​នៅ​អាមេរិក និង​អឺរ៉ុប បាន​ធ្វើ​ឲ្យ​លុយ​យេន​ឡើង​ថ្លៃ​កប់ពពក​​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​វិស័យ​នាំចេញ​របស់​ជប៉ុន​ត្រូវ​ជួប​នឹង​បញ្ហា។ នៅថ្ងៃ​ព្រហស្បតិ៍ ៤ សីហា ២០១១​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​លូកដៃ​ចូល​​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ ដើម្បី​បញ្ចុះ​តម្លៃ​លុយ​យេន​មកវិញ។ ក៏ប៉ុន្តែ អ្នកវិភាគ​ជាច្រើន​យល់ថា អន្តរាគមន៍​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ​ទំនង​ជា​មាន​ប្រសិទ្ធិភាព​តែ​មួយ​រយៈខ្លី​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

ជាទូទៅ នៅ​ក្នុង​ស្ថានភាព​ដែល​រូបិយប័ណ្ណ​ជាតិ​ឡើង​ថ្លៃ​ខ្លាំង​ពេក នយោបាយ​រូបិយវត្ថុ​ជា​ធម្មតា គឺ​ការ​បញ្ចុះ​អត្រាការប្រាក់។ ក៏ប៉ុន្តែ នៅជប៉ុន អត្រាការប្រាក់​​​ត្រូវ​បាន​ធនាគារ​កណ្តាល​​បញ្ចុះ​ដល់​កម្រិត​ទាប​បំផុត​រួចទៅហើយ (ចន្លោះ​ពី ០% ទៅ ០,១%)។

ដូច្នេះ ដើម្បី​ទប់​ទល់​នឹង​បញ្ហា​លុយ​យេន​ឡើង​ថ្លៃ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ចាត់​វិធានការ​ពីរ​ផ្ទួនៗ​គ្នា។ ទីមួយ ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​ប្រកាស​ថា នឹង​បញ្ចេញ​លុយ​យេន​ម​កលក់ ហើយ​ទិញ​លុយ​ដុល្លារ​អាមេរិក ដើម្បី​បញ្ចុះ​តម្លៃ​លុយ​យេន។ បន្ទាប់​មក ធនាគារ​កណ្តាល​ជប៉ុន​បាន​ប្រកាស​ថា នឹង​បញ្ចេញ​សាច់ប្រាក់​ចំនួន ១០ ០០០​ពាន់​លាន​យេន ដើម្បី​ទិញ​មូលបត្រ​បំណុល​របស់​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន។

​​​គ្រោះ​​រញ្ជួយដី រលកយក្ស​ស៊ូណាមី និង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ កាល​ពី​ខែ​មីនា កន្លងទៅ​ថ្មីៗ​នេះ​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ជប៉ុន​ស្ថិត​ក្នុង​ស្ថានភាព​ផុយស្រួយ​ខ្លាំង។ ក្រុមហ៊ុន និង​រោងចក្រ​​ជាច្រើន​ត្រូវ​ទទួលរង​ការ​ខូចខាត​ ហើយ​កំពុង​តែ​ព្យាយាម​ជួសជុល​ការខូចខាត និង​ចាប់ផ្តើម​ដំណើរការ​ផលិតកម្ម​ឡើងវិញ។ ក៏ប៉ុន្តែ មុខជំនួញ​របស់​ពួក​គេ​ត្រូវ​ជួប​​នឹង​ឧបសគ្គ​ដ៏​ធំ​មួយ​ទៀត គឺ​​លុយ​យេន​ឡើង​ថ្លៃ។

តម្លៃ​លុយ​យេន​ខ្ពស់​​ធ្វើ​ឲ្យ​​ផលិតផល​ ដូចជា ឡាន និង​ផលិតផល​អេឡិចត្រូនិក​​ផ្សេង​ទៀត​ ដែល​ផលិត​នៅ​ជប៉ុន មាន​តម្លៃ​ខ្ពស់ ពិបាក​នឹង​ប្រកួត​ប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ។ ទាំងនេះ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ជប៉ុន​ទាំងមូល ដែល​ជា​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការ​នាំចេញ។

វិបត្តិ​ប្រាក់​បំណុលនៅ​អាមេរិក ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ បាន​ធ្វើ​ឲ្យ​លុយ​យេន​​កាន់តែ​ឡើង​ថ្លៃ​ខ្លាំង​ឡើង​ថែម​ទៀត។ នៅពេលនេះ បើទោះជា​អាមេរិក​អាច​បញ្ចៀស​ការ​ក្ស័យធន​បាន ក៏ប៉ុន្តែ ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​នៅតែ​ផុយ​ស្រួយ (បំណុល​សាធារណៈ​មាន​ចំនួន​ច្រើន អត្រា​អ្នក​អត់ការងារធ្វើ​ក៏​មាន​ច្រើន ចំណែក​កំណើន​សេដ្ឋកិច្ច​មាន​អត្រាតិចតួច)។

នៅ​អឺរ៉ុប​វិញ វិបត្តិ​ប្រាក់​បំណុល​បាន​រាលដាល​ពី​ក្រិក ​ទៅ​ដល់​ប្រទេស​អ៊ីតាលី និង​អេស្ប៉ាញ ដែល​សុទ្ធសឹង​ជា​​មហាអំណាច​សេដ្ឋកិច្ច ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ (អ៊ីតាលី ជា​មហាអំណាច​សេដ្ឋកិច្ច​ទី៣ និង​អេស្ប៉ាញ ទី៤ បន្ទាប់​ពី​អាល្លឺម៉ង់ និង​បារាំង)។

វិបត្តិ​នៅ​អាមេរិក និង​អឺរ៉ុប បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​​​ងាក​ទៅ​វិនិយោគ​លើ​លុយ​យេន​របស់​ជប៉ុន​វិញ ដែល​គេ​មើលឃើញ​ថា ជា​រូបិយប័ណ្ណ​ដែល​មាន​ហានិភ័យ​ទាប​ជាង​លុយ​ដុល្លារ និង​អឺរ៉ូ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ លុយ​យេន​ក៏​បាន​ធ្លាក់​ថ្លៃ​ មកវិញ ធៀប​នឹង​លុយ​ដុល្លារ។ ក៏ប៉ុន្តែ អ្នកជំនាញ​ខាង​ទីផ្សារ​ហិរញ្ញវត្ថុ​ជប៉ុន​ជាច្រើន​យល់ថា ប្រសិទ្ធិភាព​នៃ​វិធានការ​របស់​រដ្ឋាភិបាល​ជប៉ុន​ទំនង​ជា​​មាន​សម្រាប់​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ដរាបណា​បញ្ហា​នៅ​អាមេរិក និង​អឺរ៉ុប នៅតែ​មិន​អាច​ដោះស្រាយ​បាន រដ្ឋាភិបាល​ជប៉ុន​តែ​ម្នាក់​ឯង​​ប្រហែល​ជា​មិន​អាច​ទប់​ទល់​នឹង​ការ​ឡើងថ្លៃ​លុ​យ​យេន​នេះ​បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ