អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភាព​តាន​តឹង​កើន​ឡើង​វិញ​រវាង​ជប៉ុន​និង​រុស្ស៊ី​ជុំ​វិញ​ទី​ប្រជុំ​កោះ​គូ​រីល​(Kouriles)

សំឡេង ០៣:៤៣
ផែនទីបញ្ជាក់ពីទីតាំងប្រជុំកោះ គួរីល
ផែនទីបញ្ជាក់ពីទីតាំងប្រជុំកោះ គួរីល
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
២៤ នាទី

កាល​ពី​ថ្ងៃ​សុក្រ​ទី​១៨​មេសា​សប្តាហ៍​មុន​នេះ ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ប្រកាស​ថា​នឹង​រៀប​ចំ​ដាក់​ទ័ព បរិក្ខារ​យោធា ព្រម​ទាំង​អាវុធ នៅ​លើ​ទី​ប្រជុំ​កោះ​គូលីល​(Kouriles) ដែល​សព្វ​ថ្ងៃ​ឋិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ម៉ូស្គូ តែ​ដែល​ជប៉ុន​ទាមទារ​ចង់​បាន។សេចក្តី​សម្រេច​ចិត្ត​បែប​នេះ​អាច​ជា​ការ​ឆ្លើយ​តប​របស់​ទីក្រុង​ម៉ូស្គូ​ទៅ​កាន់​ទីក្រុង​តូក្យូ​ដែល​បាន​គាំទ្រ​អាមេរិក​យ៉ាង​ពេញ​ទំហឹង​ប្រឆាំង​នឹង​រុស្ស៊ី ក្នុង​សំណុំរឿង​អុយក្រែន​(Ukraine)។យ៉ាង​ណា​ក៏​ដោយ ជាង​មួយ​រយ​ឆ្នាំ​កន្លង​មក​ហើយ ដែល​ជប៉ុន​និង​រុស្ស៊ី ដណ្តើម​គ្នា​កាន់​កាប់​ទីប្រជុំកោះ​គូរីល។ សូម​អញ្ជើញ​ស្តាប់​ការ​បក​ស្រាយ​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់

ផ្សាយពាណិជ្ជកម្ម

ជាង​មួយ​សតវត្សរ៍​កន្លង​មក​ហើយ ដែល​ជប៉ុន​និង​រុស្ស៊ី​ឈ្លោះ​គ្នា បន្ត​ឈ្លោះ​គ្នា ដណ្តើម​គ្នា​កាន់កាប់​ទីប្រជុំកោះ​គូរីល(Kouriles)។ ជម្លោះ​នេះ​កើត​ឡើង​មុន​សង្គ្រាម​លោក​លើក​ទី​២ រីក​ធំ​ក្រោយ​សង្គ្រាម បន្ត​បង្ក​ជា​បញ្ហា​មក​ទល់​សព្វ​ថ្ងៃ។ អ៊ីចឹង​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ ប្រទេស​ទាំង​ពីរ​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​នៅ​ឡើយ​ទេ ទោះ​បី​ជា​សង្រ្គាម​លោក​លើក​ទី​២​បាន​ចប់​៦០​ប្លាយ​ឆ្នាំ​កន្លង​មក​ហើយ​ក្តី។

 
Kouriles ជា​កម្រង​កោះ​មួយ​ដ៏​វែង​អន្លាយ​ប្រមាណ​១២០០​គ.ម លាត​សន្ធឹង​ពី​ខាង​ជើង​ប្រទេស​ជប៉ុន​ទៅ​ដល់​Kamt-chatka ដែនដី​ចុង​បូព៌ា​របស់​ប្រទេស​រុស្ស៊ី។ កោះ​តូច​ធំ​ចំនួន​ជាង​៣០​ប្លាយ​ទាំង​នេះ បង្កើត​ជា​ព្រំដែន​ធម្មជាតិ​មួយ កាត់​សឹង​ដាច់​ពី​គ្នា​ស្រឡះ​សមុទ្រ​Okhotsk និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​(Pacifique)។ ម្ល៉ោះ​ហើយ​តាម​រយៈ​ការ​កាន់​កាប់​ទី​ប្រជុំ​កោះ​Kouriles រុស្ស៊ី​អាច​គ្រប់គ្រង​បាន​ទាំង​ស្រុង​ច្រក​ចេញ​ចូល​មួយ​នេះ​ពី​សមុទ្រ​Okhotsk ទៅ​កាន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ជប៉ុន​វិញ សម្លឹង​ឃើញ​ប្រយោជន៍​សេដ្ឋកិច្ច​នៃ​ទីប្រជុំ​កោះ​Kouriles​ដែល​ជា​តំបន់​សម្បូណ៌​ត្រី​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ពិភព​លោក។

នៅ​ឆ្នាំ​១៨៥៥ ដើម្បី​ដោះ​ស្រាយ​ជម្លោះ ជប៉ុន​និង​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ បែងចែក​ទីប្រជុំ​កោះ​Kouriles ជា​ពីរ។ ជប៉ុន​ទទួល​បាន​កោះ​ចំនួន​៤ ដែល​ឋិត​នៅ​ជិត​ប្រទេស​ខ្លួន​ជាង​ប្រទេស​រ៉ុស្ស៊ី​គឺ​កោះ​Eto-rofu, កោះ​Kuna-shiri, កោះ​Shiko-tan, និង​កោះ Habo-mai។ រុស្ស៊ី​វិញ ទទួល​បាន​បណ្តា​កោះ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស​សល់។

នៅ​ដើម​សតវត្សរ៍​ទី​២០ ជប៉ុន​បាន​ក្លាយ​ជា​ប្រទេស​ឧស្សាហកម្ម​មួយ​ជឿន​លឿន​ស្មើ​ដៃ​គ្នា​នឹង​បណ្តា​ប្រទេស​អឺរ៉ុប​ដែរ ជាហេតុ​ធ្វើ​ឱ្យ​ប្រទេស​អាស៊ី​មួយ​នេះ​ផ្តើម​មាន​មហិច្ឆតា​ពង្រីក​ទឹក​ដី។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​១៩០៥ កងទ័ព​ជប៉ុន​បាន​វាយ​ប្រហារ​ទៅ​លើ​តំបន់​Mandchourie ដែល​ជា​ទឹក​ដី​ចិន​តែ​ឋិត​នៅ​ក្រោម​អាណានិគម​រុស្ស៊ី។ ម្ល៉ោះ​ហើយ​សង្គ្រាម​ក៏​បាន​ផ្ទុះ​ឡើង​ហើយ​ជោគជ័យ​នៅ​ទី​បំផុត​បាន​ទៅ​ជប៉ុន ជាហេតុ​ធ្វើ​ឱ្យ​រុស្ស៊ី​បាក់​មុខ​ខ្លាំង​ មាន​ឈ្មោះ​ជា​មហា​អំណាច​ស្បែក​ស​ទីមួយ​បង្អស់​ដែល​បាន​ច្បាំង​ចាញ់​ប្រទេស​អាស៊ី​ស្បែក​លឿង​មួយ។ តាំង​ពី​ពេល​នោះ​មក ជប៉ុន​និង​រុស្ស៊ី​មើល​មុខ​គ្នា​លែង​ចំ។

ក៏​ប៉ុន្តែ ក្រោយ​មក​ទៀត ដោយហេតុតែ​រុស្ស៊ី​ជួប​ប្រទៈ​នឹង​បញ្ហា​ផ្ទៃ​ក្នុង​ធ្ងន់​ធ្ងរ រួម​មាន​ជា​អាទិ៍បដិវត្តន៍​កុម្មុយនិស្ត ជម្លោះ​ទឹក​ដី​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ទុក​ចោល​មួយ​រយៈ។

ទំនាក់ទំនង​រវាង​រុស្ស៊ី​ដែល​បាន​ក្លាយ​ជា​សហភាព​សូវៀត​និង​ជប៉ុន​ដែល​បាន​ក្លាយ​ជា​ប្រទេស​មេ​នាំ​អាទិ៍​បង្ក​សង្គ្រាម​លោក​លើក​ទី​២ បាន​ស្គាល់​ភាព​តានតឹង​ខ្លាំង ពីព្រោះ​ជប៉ុន​ក្លាយ​ជា បក្ស​សម្ព័ន្ធ​របស់​អាល្លឺម៉ង់​និង​អ៊ីតាលី ហើយ​ធ្វើ​សង្គ្រាម​វាទទី​ពង្រីក​ទឹក​ដី​
ដណ្តើម​យក​ភូមិភាគ​អាស៊ី​បូព៌ា​ទាំង​ស្រុង​មក​កាន់​កាប់។

នៅ​ឆ្នាំ​១៩៤៥ សហភាព​សូវៀត ដែល​បាន​ឈ្នះ​សង្គ្រាម​ស្រាប់​តែ​ក្រសោប​យក​ទី​ប្រជុំកោះ​Kouriles​ទាំង​មូល​មក​កាន់​កាប់។ តាំង​ពី​ពេល​នោះ​មក ទីប្រជុំ​កោះ​Kouriles ក្លាយ​ជា​រឿងរ៉ាវ​ធំរវាង​ម៉ូស្គូ(Moscou) និង​តូក្យូ(Tokyo) រឿងរ៉ាវ​ដែល​មាន​ត​មក​ទល់​សព្វ​ថ្ងៃ។

នៅ​ខែ​តុលា​ឆ្នាំ​១៩៥៦ សហភាព​សូវៀត​ប្រកាស​យល់​ព្រម​ប្រគល់​កោះ​២​ក្នុង​ចំណោម​កោះ​ទាំង​៤​ដែល​ចោទ​ជា​បញ្ហា​ទៅ​ឱ្យ​ជប៉ុន​វិញ។ ក៏​ប៉ុន្តែ​ជប៉ុន​មិន​ព្រម មិន​ចង់​បាន​ទេ​២ ចង់​បាន​ ទាំង​៤​មក​វិញ។ បន្ទាប់​មក​ទៀត បរិបទ​នៃ​សង្គ្រាម​ត្រជាក់​បាន​បង្កក​ទុក​ចោល​អស់​ជា​ច្រើន​ទសវត្សរ៍ ជម្លោះ​ទី​ប្រជុំ​កោះ​Kouriles។

សំណុំ​រឿង​នេះ​វិល​ម​កជា​បញ្ហា​ក្តៅ​គគុក​វិញ​ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​មក ពោល​គឺ​តាំង​ពី​សហភាព​សូវៀត​បាន​រលាយ​បាត់​ទៅ។ វា​ជា​ជម្លោះ​មួយ​រ៉ាំរ៉ៃ​ដែល​រារាំង​មិន​ឱ្យ​ជប៉ុន​និង​រុស្ស៊ី​អាច​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​បាន៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ