ជប៉ុនជំរុញឲ្យរដ្ឋាភិបាលចិនការពារសុវត្ថិភាពពលរដ្ឋជប៉ុននៅចិន
លោកយ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) បានទាមទារឲ្យរដ្ឋាភិបាលចិនចាត់វិធានការ ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សាទៅលើប្រជាពលរដ្ឋជប៉ុន ដែលកំពុងរស់នៅក្នុងប្រទេសចិន។ ការទាមទារនេះបានធ្វើឡើង នៅពេលដែលបាតុកម្មប្រឆាំងជប៉ុន ជុំវិញជម្លោះដណ្តើមប្រជុំកោះ បានរីករាលដាលកាន់តែខ្លាំង នៅថ្ងៃអាទិត្យនេះ។
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃអាទិត្យនេះ បាតុកម្មប្រឆាំងជប៉ុនកំពុងបន្តកើតមាន និងរីករាលដាលទៅកាន់ទីក្រុងធំៗជាច្រើន នៅទូទាំងប្រទេសចិន។ នៅតាមទីក្រុងខ្លះ បាតុករចិនបាននាំគ្នាវាយកម្ទេចហាងលក់ទំនិង ភោជនីយដ្ឋាន និងរោងចក្រ ដែលមានម្ចាស់ជាជនជាតិជប៉ុន ឬផលិតទំនិញជប៉ុន។ ឡានដែលមានម៉ាករបស់ជប៉ុនក៏ត្រូវបាតុករវាយកម្ទេចដែរ។ នៅតាមកន្លែងខ្លះ ប៉ូលិសចិនបានព្យាយាមបំបែកបាតុករ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងឡានបាញ់ទឹក។ ចំណែកនៅទីក្រុងប៉េកាំង ប៉ូលិសបង្រ្កាបបាតុកម្មចិន នៅតែបន្តប្រឈមមុខនឹងក្រុមបាតុករ ដែលព្យាយាមសម្រុកចូលទៅក្នុងស្ថានទូតជប៉ុន។
រដ្ឋាភិបាលជប៉ុនបានចេញសេចក្តីប្រកាសព្រមានរួចហើយ ដល់ពលរដ្ឋជប៉ុន ដែលកំពុងរស់នៅក្នុងប្រទេសចិន ឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ នៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូបានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុនក៏បានទាមទារផងដែរឲ្យរដ្ឋាភិបាលចិនចាត់វិធានការចាំបាច់ ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន និងការពារមុខជំនួញរបស់ជប៉ុន នៅចិន។
ជាទូទៅ គេសង្កេតឃើញថា នៅចិន អាជ្ញាធរកម្រនឹងអនុញ្ញាតឲ្យប្រជាជនធ្វើបាតុកម្មណាស់។ ហេតុដូច្នេះហើយបានជាអ្នកខ្លះគិតថា បាតុកម្មប្រឆាំងជប៉ុននៅទូទាំងប្រទេសចិន នៅពេលនេះ គឺដោយសារតែរដ្ឋាភិបាលចិនជាអ្នកឲ្យដៃ។ ក៏ប៉ុន្តែ មានអ្នកវិភាគខ្លះទៀតយល់ថា ចិនកំពុងតែព្យាយាមរកផ្លូវកណ្តាលមួយ រវាងម្ខាង ប្រើសំឡេងប្រជាជនអ្នកជាតិនិយមឲ្យប្រឆាំងជប៉ុន ក្នុងជម្លោះដណ្តើមកោះ ឯម្ខាងទៀត ទប់ស្កាត់កុំឲ្យចលនាប្រឆាំងនេះបង្កជាអំពើហិង្សាទ្រង់ទ្រាយធំ បង្កើតភាពអនាធិបតេយ្យ នៅក្នុងពេលដែលបក្សកុម្មុយនិស្តចិនកំពុងរៀបចំផ្លាស់ប្តូរថ្នាក់ដឹកនាំ។
គេកំពុងបារម្ភថា បាតុកម្មប្រឆាំងជប៉ុន អាចនឹងផ្ទុះឡើងកាន់តែខ្លាំងថែមទៀត នៅថ្ងៃអង្គារ ១៨ កញ្ញាខានស្អែកនេះ ដែលជាថ្ងៃចិនយកធ្វើជាខួបចងកំហឹងនឹងអាណានិគមជប៉ុនទៅលើចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ