ទឹកដែលមានជាតិវិទ្យុសកម្មលេចធ្លាយជាថ្មីទៀតនៅ Fukushima
ចុះផ្សាយនៅថ្ងៃ៖
ការលេចធ្លាយជាតិវិទ្យុសកម្មបានកើតមានទៀតហើយនៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima របស់ប្រទេសជប៉ុន។ ក្រុមហ៊ុន Tepcoដែលជាអ្នគ្រប់គ្រងមជ្ឈមណ្ឌលនេះបានប្រកាសឲ្យដឹងកាលពីល្ងាចថ្ងៃពុធម្សិលមិញអំពីការលេចធ្លាយនេះ។ ដំណឹងនេះបានធ្វើឲ្យព័ត៌មានស្តីពីគ្រោះថ្នាក់នុយក្លេអ៊ែរដ៏គួរឲ្យព្រឺខ្លាចនៅតែបន្តភាគមិនទាន់ចប់។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីជប៉ុនអះអាងថា ស្ថានការណ៍អាចគ្របើគ្រងបាន។
ទោះបីជារយៈពេលជាង២ឆ្នាំបានកន្លងផុតទៅហើយក៏ដោយ ក៏ព័ត៌មានដ៏គួរឲ្យព្រឺខ្លាចស្តីពីការលេចធ្លាយសារធាតុវិទ្យុសកម្មនៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima របស់ជប៉ុននៅតែជារឿងថ្មីនៅឡើយ។ សារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់នេះបានលេចធ្លាយទៀតហើយចេញពីអាស្តុកទឹកដែលមានចំណុះ ៤៥០ ម៉ែត្រត្រីគុណ។ ក្រុមហ៊ុន Tokyo Electric Power ហៅកាត់ថា Tepco ដែលជាអ្នកគ្រតប់គ្រងមជ្ឈមណ្ឌលនុយក្លេអ៊ែរនេះបានប្រកាសឲ្យដឹងតាមរយៈសន្និសីទកាសែតមួយកាលពីថ្ងៃពុធ។
តំណាងក្រុមហ៊ុន Tepco បានសម្តែងការសោកស្តាយចំពោះបញ្ហានេះ ហើយបានទទួលស្គាល់ថា ការលេចធ្លាយសារធាតុវិទ្យុសកម្មនេះអាចនឹងជះឥទ្ធិពលដល់ទីតាំងជុំវិញនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រុមអ្នកបច្ចេកទេសកំពុងតែញាប់ដៃញាប់ជើងដើម្បីគ្រប់គ្រងស្ថានការណ៍។
កាលពីខែសីហាកន្លងទៅ ក៏មានការលេចធ្លាយទឹកដែលមានសារធាតុវិទ្យុសកម្មប្រមាណជា ៣០០ ម៉ែត្រត្រីគុណចេញពីអាងស្តុកទឹកុំមួយដែលមានចំណុះ ១០០០ ម៉ែត្រត្រីគុណ និងដែលមានសារធាតុវិទ្យុសកម្មកម្រិតខ្ពស់។ បញ្ហានេះបានបង្ខំឲ្យក្រុមហ៊ុន Tepco ចាត់វិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យអាងស្តុកទឹកចំនួន ៣០០ ផ្សេងទៀតដែលមានបញ្ហាដូចគ្នានេះ។ បញ្ហាជាបន្តបន្ទាប់នេះបានបង្ខំឲ្យនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លូកដៃអន្តរាគមន៍ដើម្បីធានាឲ្យបញ្ហានេះមិនអាចកើតឡើងសារជាថ្មី។
សូមបញ្ជាក់ថា មជ្ឈមណ្ឌល់នុយក្លេអ៊ែរ Fukushima Daiichi បានទទួលរងគ្រោះដោយសាររលកយក្សស៊ូណាមិកាលពីថ្ងៃទី ១១មីនា ឆ្នាំ ២០១។ នេះជាព្រឹត្តិការណ៍បានធ្វើឲ្យជនជាតិជប៉ុនជាច្រើនតវ៉ាឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងតូក្យូដែលពឹងពាក់យ៉ាងខ្លាំងទៅលើថាមពលនុយក្លេអ៊ែរមិនអាចដកថយក្រោយបានទេ។
បច្ចុប្បន្ន មជ្ឈមណ្ឌលនេះកំពុងស្តុកទុកទឹកដែលមានសារធាតុវិទ្យុសកម្មរាប់ពាន់កន្លែង។ ក្រុមហ៊ុន Tepco បានប្រឹងប្រែងដោះស្រាយបញ្ហានេះតាំងពីជាង២ឆ្នាំមកហើយ។ ប្រពន្ធ័បន្សុទ្ធទឹកត្រូវបានដំឡើង ប៉ុន្តែ អ្វីៗមិនបានប្រព្រឹត្តទៅដោយស្រួលដូចការចង់បាននោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ