អានតួអត្ថបទ
ជប៉ុន-ចិន

ហេតុអ្វី​​លុយ​យេន​របស់​ជប៉ុន​ឡើងថ្លៃ​ខ្ពស់​នៅពេល​នេះ?

ធនាគារ​កណ្តាល​ជប៉ុន​អាច​នឹង​ត្រូវ​បញ្ចេញ​លុយ​យេន​យ៉ាងច្រើន​ទៅក្នុង​ទីផ្សារ ដើម្បី​ទប់​កុំ​ឲ្យ​លុយ​យេន​ឡើង​ថ្លៃ​ខ្លាំងពេក
ធនាគារ​កណ្តាល​ជប៉ុន​អាច​នឹង​ត្រូវ​បញ្ចេញ​លុយ​យេន​យ៉ាងច្រើន​ទៅក្នុង​ទីផ្សារ ដើម្បី​ទប់​កុំ​ឲ្យ​លុយ​យេន​ឡើង​ថ្លៃ​ខ្លាំងពេក ©Reuters/Lee Jae-Won
ដោយ៖ សេង ឌីណា
១៥ នាទី

នៅថ្ងៃ​ព្រហស្បតិ៍​នេះ តម្លៃ​លុយ​យេន​របស់​ជប៉ុន​ បាន​កើនឡើង​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​មិនធ្លាប់មាន​ ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើក​ទី២មក។ តើ​ការ​ដែល​លុយ​យេន​ឡើងថ្លៃ​ខ្ពស់បែបនេះ មាន​ជាប់ពាក់ព័ន្ធ​អ្វី​ទៅនឹង​គ្រោះធម្មជាតិ​ជប៉ុន? ​តើ​​វា​អាច​​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់​សេដ្ឋកិច្ច​ជប៉ុន?

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

លុយយេន​ឡើង​ថ្លៃ ប្រហែល​ជា​មក​ពី​មាន​​អ្នកវិនិយោគ​ និង​ក្រុមហ៊ុន​​ជប៉ុន ជាពិសេស ក្រុមហ៊ុន​ធានារ៉ាប់ នាំគ្នា​ប្រមូល​ទុន​ពីបរទេស​ចូល​មក​ជប៉ុន​វិញ ដើម្បី​ចំណាយ​ទៅ​លើ​ការខូចខាត​ ដោយ​គ្រោះរញ្ជួយដី និង​ស៊ូណាមី​នេះ។

ជាធម្មតា កាលណា​ដើមទុន​សម្រុក​ចូល​មក​ក្នុង​ប្រទេស​ជប៉ុន​កាន់​តែ​ច្រើន វា​ធ្វើ​ឲ្យ​លុយ​យេន​ឡើងថ្លៃ ព្រោះថា ដើមទុន ដែល​គេ​ទុក​នៅបរទេស គឺ​ទុក​ជា​លុយ​បរទេស (ជា​ដុល្លារ ឬ​ក៏​ជា​អឺរ៉ូ ជាដើម)។ នៅពេល​ដែលគេ​ប្រមូល​ទុន​ទាំង​នេះ​មក​ក្នុង​ប្រទេស​ជប៉ុនវិញ គេ​ត្រូវ​យក​លុយ​បរទេស ដើម្បី​ដូរ​យក​លុយ​យេន។ ដូច្នេះ កាលណា​គេ​ប្រមូលទុន​​​ពីបរទេស​ចូល​មក​ជប៉ុន​កាន់តែ​ច្រើន តម្រូវ​ការ​លុយយេន​កើនឡើង​កាន់តែ​ខ្លាំង។ នៅពេល​ដែល​​តម្រូវការ​កើនឡើង ហើយ​បរិមាណ​លុយ​យេន នៅតែ​ដដែល តម្លៃ​លុយ​យេន ត្រូវ​តែ​កើនឡើង​ខ្ពស់។

កត្តា​សំខាន់​មួយ​ទៀត គឺ​កត្តា​ទីផ្សារ​ហិរញ្ញវត្ថុ។ តាមការពិត​ជាក់ស្តែង លំហូរ​ដើមទុន​ពីបរទេស​ មក​ជប៉ុន​ ប្រហែល​ជា​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​​​ទេ នៅពេលនេះ។ ក៏ប៉ុន្តែ អ្នក​លក់ដូរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ អាច​នាំគ្នា​​ព្យាករ​ទុក​ជាមុន​ថា បើ​មើលទៅ​លើ​ទំហំ​នៃ​ការ​ខូចខាត​នៅជប៉ុន​ពេលនេះ គេ​ប្រាកដ​ជា​​ត្រូវ​ប្រមូលទុន​ពីបរទេស​ ចូល​មកជប៉ុនវិញ។ តម្រូវការ​លុយ​យេន​នឹង​កើនឡើង។ លុយ​យេន​នឹង​ឡើងថ្លៃ។ ការ​ដែល​គ្រប់គ្នា​​គិត​ថា​លុយ​យេន​នឹង​ថ្លៃ​បែបនេះ​ ធ្វើ​ឲ្យ​លុយ​យេន​កាន់តែ​ឡើង​ថ្លៃ​​ខ្ពស់​ថែមទៀត។

តើ​លុយ​យេន​ឡើង​ថ្លៃ​ខ្ពស់​បែបនេះ អាច​បង្ក​ផលវិបាក​អ្វីខ្លះ​ដល់​សេដ្ឋកិច្ច​ជប៉ុន? នៅពេល​ដែល​​លុយ​យេន​ឡើងថ្លៃ ទំនិញ​ដែល​ផលិត​នៅ​ជប៉ុន​ក៏​ត្រូវ​​ឡើង​ថ្លៃ​ដែរ បើ​ធៀប​នឹង​ទំនិញ​ផលិត​នៅ​ប្រទេស​ផ្សេង។ ដូច្នេះ​ ការ​នាំទំនិញ​ជប៉ុន​ទៅបរទេស​នឹង​ត្រូវ​ជួប​នឹង​បញ្ហា។ ជាលទ្ធផល សេដ្ឋកិច្ច​ជប៉ុន ដែល​ពឹង​ផ្អែក​យ៉ាងខ្លាំង​លើ​ការ​នាំចេញ ក៏​នឹង​​ត្រូវ​មាន​បញ្ហា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ