អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

តើ​ជប៉ុន​នឹង​អាច​ក្លាយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​បាន​ដែរ​ឬ​ទេ?

សំឡេង ០៧:២៤
រូបភាព​តាមទូរទស្សន៍​ជប៉ុន ដែល​បង្ហាញ​ពី​ការ​ផ្ទុះ​អគារ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​លេខ៣
រូបភាព​តាមទូរទស្សន៍​ជប៉ុន ដែល​បង្ហាញ​ពី​ការ​ផ្ទុះ​អគារ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​លេខ៣ ©Reuters
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
៣៦ នាទី

ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បន្ត​សិក្សា​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ជប៉ុន​ត​ទៅ​​ទៀត។​ តើ​តទៅ​ថ្ងៃ​មុខ​ ជប៉ុន​នឹង​អាច​ក្លាយ​ទៅ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​បាន​ដែរ​ឬ​ទេ? សំណួរ​នេះ​បាន​នឹង​កំពុង​បន្ត​ចោទ​ឡើង​យ៉ាង​ផុសផុល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ។

ផ្សាយពាណិជ្ជកម្ម

តើ​ជប៉ុន​គួរ​ឬ​មិន​គួរ​បង្កើត​អាវុធ​នុយក្លេអ៊ែរ? 

សំណួរ​នេះ​បាន​និង​កំពុង​បន្ត​ចោទ​ឡើង​យ៉ាង​ផុសផុល​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ។ គឺ​ជា​ការ​តស៊ូ​មតិ​មួយ​ដែល​កើត​ឡើង ជួន​ចំ​ពេល​ដែល​សន្តិសុខ​របស់​ជប៉ុន​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង។ ការ​គំរាមកំហែង ជា​បឋម ពី​សំណាក់​កូរ៉េ​ខាង​ជើង​ដែល​កំពុង​បន្ត​ផលិត​ អាវុធ​នុយក្លេអ៊ែរ​។ ការ​គំរាម​កំហែង បន្ទាប់​មក​ទៀត ពី​សំណាក់​ចិន​ដែល​កំពុង​បន្ត​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន និង​ដែល​មាន​មហិច្ឆតា​វាទ​ទី​យក​ដី​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត និង​សមុទ្រ​ចិន​ខាង​ត្បូង។

គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​ពួក​អ្នក​នយោបាយ​អភិរក្ស​និយម​មួយ​ក្រុម ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ Shoichi Nagakawa បាន​ផ្តើម​ អះ​អាង​ចាប់​ពី​ឆ្នាំ​២០០៩​មក​ថា ជប៉ុន​ត្រូវ​តែ​គិតគូរ​ពី​លទ្ធភាព​នៃ​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ។ សំដី​និង​ជំហរ​របស់​ពួក​អភិរក្ស​និយម​ទាំង​នេះ​កំពុង​ធ្វើ​ឱ្យ​ការ​តស៊ូ​មតិ​ជុំវិញ​សំណុំ​រឿង​អាវុធ​នុយក្លេអ៊ែរ​មាន​សន្ទុះ​ផុស​ផុល​ឡើង​វិញ។

យ៉ាង​ណា​ក៏​ដោយ ជប៉ុន​មាន​គ្រប់​មធ្យោបាយ​និង​អាច​ប្រើ​ពេល​យ៉ាង​ខ្លី​បំផុត ដើម្បី​បង្កើត​អាវុធ​នុយក្លេអ៊ែរ។ ជាក់​ស្តែង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៥ Kenichi Ohmae យុទ្ធសាស្រ្ត​វិទូ​ជប៉ុន​ម្នាក់​ដ៏​ល្បី​ល្បាញ​បាន​អះអាង​ថា ជប៉ុន​មាន​ស្តុក​ទុក​នូវ​ជាតិ​Plutonium យ៉ាង​តិច​ណាស់​៥០​តោន ​ដែល​បើក​លទ្ធភាព​ឱ្យ​បង្កើត​គ្រាប់​បែក​បរមាណូ​បាន​យ៉ាង​តិច​២០០០​គ្រាប់។ ម្ល៉ោះ​ហើយ បច្ចេកទេស​មិន​មែន​ជា​បញ្ហា​ហើយ​ក៏​មិន​មែន​ជា​បញ្ហា​ថវិកា​ដែរ តែ​ឧបសគ្គ​ធំ​គឺ​នយោបាយ​ទៅ​​វិញ​ទេ។

ដូច​ដែល​ធ្លាប់​បាន​លើក​ឡើង​រួច​ហើយ​ថា អតីតកាល​យោធា​និយម​របស់​ជប៉ុន និង​អនុស្សាវរីយ៍​​ស្រស់ៗ​នៅ​ឡើយ​នៃ​ទីក្រុង​oshimaHir និង​Nagasaki ខ្ទេចខ្ទី​ក្រោម​គ្រាប់​បែក​បរមាណូ ធ្វើ​ឱ្យ​ពលរដ្ឋ​ជប៉ុន​រារែក​និង​បារម្ភ។ បន្ថែម​ពី​លើ​នេះ កុំ​ថា​ឡើយ​អាវុធ​នុយក្លេអ៊ែរ សូម្បី​តែ​ថាមពល​នុយក្លេអ៊ែរ​ក៏​ពលរដ្ឋ​ជប៉ុន​មិន​ចង់​បាន​ផង ជាពិសេស​តាំង​ពី​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ ដោយហេតុតែ​ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី​នៅ​Fukushima ឆ្នាំ​២០១១​រួច​មក។

ដោយ​ហេតុ​តែ​ខ្លាច​ប្រតិកម្ម​របស់​សាធារណ​មតិ​ជប៉ុន​ជុំវិញ​សំណុំ​រឿង​អាវុធ​នុយក្លេអ៊ែរ​នេះ រដ្ឋាភិបាល​ជប៉ុន​ជា​បន្ត​បន្ទាប់​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ជប៉ុន​នៅ​តែ​បន្ត​គោរព​គោលការណ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ អនុម័ត​នៅ​ក្នុង​ឆ្នាំ​១៩៦៧​ដដែល នោះ​គឺ​«មិន​បង្កើត​អាវុធ​នុយក្លេអ៊ែរ មិន​ប្រដាប់​ទៅ​ដោយ​អាវុធ​នុយក្លេអ៊ែរ និង​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ទឹក​ដីជប៉ុន»។ ប៉ុន្តែ​ទន្ទឹម​នេះ ទីក្រុង​Tokyo គូស​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា រដ្ឋធម្មនុញ្ញ​សន្តិនិយម មិន​បាន​ហាម​ជប៉ុន​មិន​ឱ្យ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ឡើយ។

តាម​ពិត​ទៅ ការ​តស៊ូ​មតិ​នៅ​ជប៉ុន​ជុំវិញ​អាវុធ​នុយក្លេអ៊ែរ​បាន​ផ្តើម​លេច​ឡើង តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ពោល​គឺ​មុន​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​មួយ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​ទៅ​ទៀត។

ជាក់​ស្តែង នៅ​ខែ​ឧសភា​ឆ្នាំ​២០០២ បច្ចុប្បន្ន​នាយករដ្ឋមន្រ្តី​Shinzo Abe ដែល​កាល​ណោះជា​លេខា​រង​នៃ​រដ្ឋាភិបាល​Koizumi បាន​ថ្លែង​ថា មាន​អាវុធ​នុយក្លេអ៊ែរ​មិន​ពិត​ជា​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​សន្តិ​និយម​ទេ។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ទៀត លេខា​នៃ​រដ្ឋាភិបាល​​Koizumi ​ផ្ទាល់​ គឺ​Yasuo Fukuda ​បាន​ប្រកាស​ច្បាស់​ជាង​Shinzo Abe ទៅ​ទៀត​ថា ជប៉ុន​ត្រូវ​តែ​រក្សា​សិទ្ធិ​ក្នុង​ការ​សើរើ​មើល​ឡើង​វិញ​លទ្ធភាព​នៃ​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ។

ក្រោយ​មក​ទៀត នៅ​ខែ​មីនា​ឆ្នាំ​២០០៣ នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​មាន​មហិច្ឆតា​កាន់​តែ​ច្បាស់​​ក្នុង​ការ​ក្លាយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ អនុ​ប្រធានាធិបតី​អាមេរិក​សម័យ​នោះ គឺ​Dick Cheney បាន​និយាយ​យ៉ាង​ចំហ​ថា «បើ​កូរ៉េ​ខាង​ជើង​មាន​គ្រាប់​បែក​បរមាណូ​នៅ​ទី​បំផុត ជប៉ុន​​ប្រហែល​ជា​ត្រូវ​សើ​រើ​មើល​ឡើង​វិញ​ជំហរ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អាវុធ​នុយក្លេអ៊ែរ​»។

មិន​តែ​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០០៣​ដដែល​នោះ ព័ត៌មាន​ក្រៅ​ផ្លូវការ​ថែម​ទាំង​បាន​ឱ្យ​ដឹង​ថា អ្នក​ជំនាញ​ជប៉ុន​មួយ​ក្រុម​ខាង​បញ្ហា​យុទ្ធសាស្រ្ត​បាន​ទទួល​បញ្ជា​ឱ្យ​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​បង្កើត​គ្រាប់​បែក​បរមាណូ​ទៀត​ផង។

ក្រោយ​មក​ទៀត នៅ​ឆ្នាំ​២០០៦ អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​តាម​ដាន​មើល​យ៉ាង​ផ្ជិត​ផ្ចង់​​ជា​​ទី​​បំផុត​ទង្វើ​របស់​រដ្ឋាភិបាល​ជប៉ុន។ ពីព្រោះ​កាល​ណោះ Shinzo Abe បាន​ក្លាយ​ជា​​​​នាយក​​រដ្ឋ​មន្ត្រី​ជា​លើក​ទី​មួយ​បង្អស់ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​ជា​លើក​ទី​មួយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ដូច​ការ​ប៉ាន់​ស្មាន​មែន Shinzo Abe បាន​សាក​ល្បង​ឱ្យ​អាទិភាព​ទៅ​លើ​ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​​សន្តិ​​និយម។ កាល​ណោះ នាយករដ្ឋមន្ត្រី​រូប​នេះ បាន​ថ្លែង​ជា​អាទិ៍​ថា «សម័យ​យើង​នេះ មិន​ដូច​សម័យ​មុន ម្ល៉ោះ​ហើយ​យើង​មិន​ច្បាស់​ជា​ត្រូវ​តែ​គោរព​សេចក្តី​សម្រេច​ចិត្ត​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​សម័យ​មុន​នោះ​ឡើយ»។ មិន​តែ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០០៦​ដដែល​នោះ Shinzo Abe បាន​តែង​តាំង​ឥស្សរជន​ជាតិ​និយម​មួយ​ចំនួន​ឱ្យ​កាន់​កាប់​មុខ​តំណែង​គន្លឹះៗនៅ​ក្នុង​រដ្ឋាភិបាល រួម​មាន Sochi Nakagawa និង​Taro Azo ជា​ដើម ដែល​សុទ្ធសឹង​ជា​អ្នក​ចង់​កែ​ប្រែ​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​នៅ​ទី​បំផុត ដោយហេតុតែ​ខ្លាច​ប្រតិកម្ម​របស់​សាធារណមតិ គ្មាន​សោះ​ឡើយ​សេចក្តី​សម្រេចចិត្ត​ឬ​ទង្វើ​អ្វី​មួយ​ដែល​ដៅ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​​លក្ខន្តិក​ជា​សារវន្ត​របស់​ប្រទេស។ ប៉ុន្តែ ដោយសារ​តែ​Shinzo Abe បាន​វិល​មក​ក្តាប់​អំណាច​វិញ​តាំង​ពី​ឆ្នាំ​២០១២​មក សំណុំ​រឿង​អាវុធ​នុយក្លេអ៊ែរ​របស់​ជប៉ុន នៅ​តែ​ជា​ប្រធានរឿង​នៃ​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល​ដដែល។

យ៉ាង​ណា​ក៏​ដោយ ក្នុង​រយៈកាល​ខ្លី រដ្ឋាភិបាល​ជប៉ុន​នឹង​ប្រហែល​ជា​នៅ​តែ​មិន​អាច​សម្រេច​ធ្វើ​ឱ្យ​ប្រទេស​ខ្លួន​ក្លាយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​បាន​ឡើយ ដោយហេតុតែ​ការ​ប្រឆាំង​ដាច់​ខាត​ពី​សំណាក់​ប្រជាពលរដ្ឋ ដូច​ដែល​បាន​លើក​ឡើង​រួច​ហើយ។  ប៉ុន្តែ ក្នុង​រយៈ​កាល​មធ្យម​ឬ​ក្នុង​រយៈកាល​វែង​២០​ឬ​៣០​ឆ្នាំ​ខាង​មុខ​នេះ អ្វីៗ​ក៏​នឹង​អាច​កើត​ឡើង​ដែរ រួម​ទាំង​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ។ ទាំង​នេះ បើ​សិន​ជា​សា្ថនភាព​ភូមិសាស្រ្តនយោបាយ​តំបន់​ឡើង​កំដៅ​ខ្លាំង បើ​សិន​ជា​កូរ៉េ​ខាង​ជើង​និង​ចិន​ហ៊ាន​ធ្វើ​ជ្រុល​រហូត​ដល់​ប៉ះ​ពាល់​សន្តិសុខ​ជា​សារវន្ត​របស់​ជប៉ុន ហើយ​បើ​សិន​ជា​ជប៉ុន​លែង​ទុក​ចិត្ត​ឆត្រ​នុយក្លេអ៊ែរ​អាមេរិក​ដែល​ការពារ​ប្រទេស​អាស៊ី​មួយ​នេះ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ