ជប៉ុន៖ អធិរាជថ្មីឡើងគ្រងរាជ្យ ចាប់បើកសករាជថ្មីជាផ្លូវការ
ចុះផ្សាយនៅថ្ងៃ៖
ព្រះចៅអធិរាជថ្មី ណារ៉ុហ៊ីតូ ឡើងសោយរាជ្យសម្បត្តិជាផ្លូវការបន្តពីព្រះបិតាដែលដាក់រាជ្យ។ ថ្ងៃទី១ឧសភា ពិធីរាជាភិសេកដ៏ធំសម្បើម បានប្រារព្ធធ្វើឡើងនៅរាជធានីតូក្យូ ដែលទទួលស្វាគមន៍ដោយប្រជានុរាស្ត្រ និងអ្នកមុខអ្នកការគ្រប់ជាន់ថ្នាក់។ ក្នុងព្រះជន្មាយុ ៥៩ព្រះវស្សា ព្រះចៅអធិរាជថ្មី សច្ចាថាទ្រង់នឹងគង់នៅក្បែរប្រជានុរាស្ត្រជប៉ុន ហើយបន្តគោរពតាមគន្លងដ៏គួរឲ្យគោរពនៃព្រះបិតារបស់ទ្រង់។
ចាប់ពីម៉ោងសូន្យ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី១ឧសភា គឺជាកំណត់, ប្រតិទិននៃរាជាណាចក្រជប៉ុន បានផ្ទាត់បើកទំព័រសករាជថ្មី។ សករាជថ្មីដែលរាជរដ្ឋាភិបាលជប៉ុនឲ្យឈ្មោះថា រ៉ៃវ៉ា បានសេចក្តីថា សករាជនៃភាពរីករាយសុខដុមរមនា។ តាំងពីព្រឹកព្រហាមម្ល៉េះ ពលរដ្ឋជប៉ុន រូតរះងើបពីព្រលឹម រង់ចាំមើលពន្លឺព្រះអាទិត្យនៃសករាជថ្មី។ អ្នកខ្លះ បានកំណត់យកថ្ងៃនេះ ជាថ្ងៃសម្រាប់រៀបមង្គលអាពាហ៍ពិពាហ៍ទៀតផង។
នៅរាជធានីតូក្យូ ព្រះចៅអធិរាជថ្មី ណារ៉ុហ៊ីតូ បានយាងដោយរថយន្តពណ៌ខ្មៅ ក្នុងសម្លៀកបំពាក់ប្រពៃណីជប៉ុន ត្រូវបានទទួលស្វាគមន៍ដោយប្រជានុរាស្ត្រយ៉ាងច្រើនកុះករតាមដងផ្លូវ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ តាមដងវិថី នារីជប៉ុន បានរង់ចាំចែកស្រា សាគេ ជប៉ុន រាប់ពាន់ពែងដើម្បីអបអរថ្ងៃសោរាជ្យរបស់ព្រះចៅអធិរាជថ្មី។
នៅក្នុងរាជពិធីផ្លូវការដ៏មានក្បួនខ្នាតរបស់ជប៉ុន ទ្រង់ ណារ៉ូហ៊ីតូ បានធ្វើសេចក្តីសច្ចាប្រណិធាន ថានឹងគោរពតាមរាជធម្មនុញ្ញជប៉ុន បំពេញករណីយកិច្ចជានិមត្តិរូបនៃរាជាណាចក្រ និងនិមត្តិរូបនៃការរួបរួមសាមគ្តីនៃពលរដ្ឋជប៉ុន ហើយព្រះអង្គនឹងយកព្រះទ័យទុកចំពោះប្រជារាស្ត្រ និងគង់នៅក្បែរប្រជានុរាស្ត្រគ្រប់កាលៈទេសៈជានិច្ចនិរន្តរ៍។ ក្រៅពីធ្វើសម្បថ ព្រះចៅអធិរាជថ្មីក៏បានរម្លឹកពីគុណូបការរបស់ព្រះបិតា អាគីហ៊ីតូ ដែលពុំមានព្រះវត្តនាមនៅក្នុងពិធីនេះទេ។ ចំពោះទ្រង់ ណារ៉ូហ៊ីតូ, បិតារបស់ទ្រង់ជាអធិរាជដ៏មានប្រជាប្រិយភាព និងគួរឲ្យទទួលបានការគោរពពីពលរដ្ឋជប៉ុន ដែលទ្រង់បានរួមរស់សុខទុក្ខ ដោយទឹកព្រះទ័យមេត្តាករុណាធម៌ អស់ពេល៣០វស្សាមកនេះ។
ពិធីគ្រងឡើងសោយរាជ្យសម្បត្តិ នៅថ្ងៃទី១ឧសភា មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏សម្បើមអស្ចារ្យរបស់ជប៉ុនប៉ុណ្ណោះទេ តែពលរដ្ឋជប៉ុនក៏បានឈប់សម្រាកពីការងាររយៈពេល១០ថ្ងៃផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ