អនុប្រធានាធិបតីស.រ.អា.ផ្តើមទស្សនកិច្ចរយៈពេល៣ថ្ងៃនៅរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ លោក Joseph Biden នឹងធ្វើកិច្ចចរចា ជាមួយ លោកប្រធានាធិបតីរុស្ស៊ី Medvedev លោកនាយករដ្ឋមន្ត្រី Poutine ព្រមទាំងជួបជាមួយមជ្ឈដ្ឋានអ្នកជំនួញ មជ្ឈដ្ឋាននិស្សិតរុស្ស៊ី ក៏ដូចជាជួបជាមួយពួកអ្នកតំណាងនៃបក្សប្រឆាំងរុស្ស៊ី និងសង្គមស៊ីវិលជាដើម។
សេចក្តីរាយការណ៍របស់ កែវ ឆាយា ពីម៉ូស្គូ
គឺក្នុងបរិបទនៃការធ្វើដំណើរតាមទ្វីបអឺរ៉ុប ដែលល្ងាចថ្ងៃនេះ លោកអនុប្រធានាធិបតីអាមេរិកាំង Joseph Biden អញ្ជើញមកដល់រដ្ឋធានីរុស្ស៊ី ក្រោយពីបញ្ចប់ទស្សនកិច្ចនៅប្រទេសហ្វាំងឡង់។ លុះថ្ងៃពុធស្អែក ពេលព្រឹក លោកនឹងអញ្ជើញទៅដាក់កម្រងផ្កាលើ “ផ្នូរទាហានមិនស្គាល់ឈ្មោះ” នៅជាប់នឹងកំពែងវិមានក្រេមឡាំង។ បន្ទាប់មក លោកនឹងជួបជាមួយមជ្ឈដ្ឋានអ្នកជំនួញរុស្ស៊ី ក៏ដូចជា ជាមួយពួកសហគ្រិនអាមេរិកាំង ដែលប្រកបមុខជំនួញ នៅរុស្ស៊ី ហើយនឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិកាំង ខាងផលិតយន្តហោះធុន Boeing និងក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot។
នៅពេលរសៀល លោក Biden នឹងត្រូវទទួលជួបដោយលោកប្រធានាធិបតីរុស្ស៊ី Medvedev។ សាច់រឿងនៃជំនួបនេះ តាមសំដីអ្នកនាំពាក្យវិមានក្រេមឡាំង គឺសង្កត់ធ្ងន់លើបញ្ហាទាក់ទងនឹងការទទួលរុស្ស៊ី ឲ្យបានចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក (OMC) ក៏ដូចជាទៅលើស្ថានការណ៍នៅប្រទេសលីប៊ីដែរ។ ការនេះ ក៏បញ្ជាក់ដោយអ្នកនាំពាក្យរបស់សេតវិមានក្រុងវ៉ាស៊ីនតោន ដែលបន្ថែមថា នាកិច្ចចរចានោះ ក៏នឹងមានលើកយកទៅពិភាក្សា អំពីបំណងភាគីអាមេរិក ចង់ចុះជាមួយរុស្ស៊ីឲ្យបានក្នុងឆ្នាំ២០១១នេះ នូវកិច្ចព្រមព្រៀង ស្តីអំពីការបង្កើតឡើងរួមគ្នា ជា “ប្រព័ន្ធខែលមីស្ស៊ីលប្រឆាំងមីស្ស៊ីល”។
នៅថ្ងៃព្រហស្សតិ៍១០មីនា ពេលព្រឹក លោកអនុប្រធានាធិបតីអាមេរិកាំង Biden នឹងជួបប្រស្រ័យជាមួយលោកនាយករដ្ឋមន្ត្រីរុស្ស៊ី Poutine។ តាមសំដីអ្នកនាំពាក្យរបស់លោក Poutine ភាគីរុស្ស៊ីនឹងទាក់ទាញស្មារតីភាគីអាមេរិក ថាគប្បីបំផុសបំផុលឲ្យបានសកម្មឡើង សហប្រតិបត្តិការនឹងគ្នា លើវិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច ដែលនៅបង្កប់ទៅដោយសក្តានុពលធំធេង មិនទាន់ប្រើបានទាំងស្រុងនៅឡើយ។
បន្ទាប់មក លោក Biden នឹងអញ្ជើញទៅថ្លែងសុន្ទរកថាដ៏ធំ នៅពីមុខនិស្សិតសាកលវិទ្យាល័យក្រុងម៉ូស្គូ ស្តីអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិកាំង។ លុះពេលល្ងាច លោក Biden នឹងទទួលជួប នៅឯនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិកាំង ជាមួយពួកអ្នកតំណាងនៃបក្សប្រឆាំងនៅរុស្ស៊ី និងពួកអ្នកដឹកនាំសង្គមស៊ីវិលរុស្ស៊ី។
តបនឹងការចុះផ្សាយនៃកាសែតរុស្ស៊ីខ្លះ ដែលថា លោក Biden អញ្ជើញមកម៉ូស្គូលើកនេះ គឺដើម្បីគាំទ្រលោក Medvedev ដែលគ្រោងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីរុស្ស៊ីសម្រាប់អាណត្តិទី២ និងដើម្បីពិភាក្សាអំពីបញ្ហាស្វែងរក “កន្លែងធ្វើការថ្មី” សម្រាប់លោក Poutine បែបយ៉ាងក្នុងមុខតំណែងជាប្រធាននៃ “គណៈកម្មាធិការអូឡាំពិកអន្តរជាតិ” ជាដើម អ្នកនាំពាក្យរបស់សេតវិមានក្រុងវ៉ាស៊ីនតោន លោក Michael McFaul បានថ្លែងថា ស.រ.អា គ្មានបំណងលូកដៃចូលក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ី ក្នុងឆ្នាំ២០១២ឡើយ ហើយក៏មិនចាត់ទុកទស្សនកិច្ចលោកអនុប្រធានាធិបតីអាមេរិកាំង នៅម៉ូស្គូ ថាជាការគាំទ្របេក្ខជនរូបណាឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ