ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អនុប្រធានាធិបតី​អាមេរិក​ទៅ​អ៊ុយក្រែន​ ខណៈ​ដែល​ក្រុមបះបោរ​សុំ​អន្តរាគមន៍​ពី​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

​លោក​អនុប្រធានាធិបតី​​អាមេរិក​ ជោ បៃដិន (Joe Biden) ត្រូវ​អញ្ជើញ​ទៅដល់​ក្រុង​គៀវ ថ្ងៃ​នេះ។ ទស្សនកិច្ច ដែល​ពាំនាំ​ជាមួយ​នូវ​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​អាជ្ញាធរ​អ៊ុយក្រែន។ លើក​ទឹក​ចិត្ត​ឱ្យបន្ធូរ​បន្ថយ​សម្ពាធ​ ប៉ុន្តែ​​ភាព​តាន​តឹង​ថ្មី​មួយ​កំរិត​ទៀត បន្ទាប់​ពី​ហេតុការណ៍​បាញ់​រះ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ នៅ​ក្រុង​ស្លាវីយ៉ង់​ ភាគ​ខាង​កើត​អ៊ុយក្រែន។ ​ក្រុម​អ្នក​សិទ្ធិ​នឹង​រុស្ស៊ី ត្រូវ​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ ដែល​គេ​ចោទ​ថា​ជា​ក្រុម​ជាតិ​និយម​អ៊ុយក្រែន។ ជា​ប្រតិកម្ម​តប ក្រុង​ស្លាវីយ៉ង់ដែលស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ផ្តាច់​ខ្លួន​ស្និទ្ធ​នឹង​រុស្ស៊ី​ បាន​ប្រកាស​​​ស្នើ​សុំ​អន្តរាគមន៍​​យោធា​ ឬ​ជំនួយ​អាវុធ​ពី​ក្រុង​ម៉ូស្គូ។ រុស្ស៊ី និង​អ៊ុយក្រែន​បំបោង​សំឡេង​ធ្វើ​សង្គ្រាម​ពាក្យ​សំដី​ដាក់​គ្នា​ទៅ​វិញទៅ​មក​ តាំង​ពី​ថ្ងៃ​ម្សិលមិញ​មក។

ជន​ប្រដាប់អាវុធ​នៅ​ស្លាវីយ៉ង់
ជន​ប្រដាប់អាវុធ​នៅ​ស្លាវីយ៉ង់ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ ប្រមុខ​ដឹកនាំ​ក្រុម​បះបោរ​ផ្តាច់​ខ្លួន​តំបន់ ​ដែល​បាន​តាំង​ខ្លួន​ជា​ចៅហ្វាយ​ក្រុង ស្លាវីយ៉ង់ បាន​ប្រកាស​ស្នើ​សុំ​ដោយ​ត្រង់ៗ និង​ចំ​ ជំនួយ​ពី​រុស្ស៊ី កាន់តែ​ឆាប់​តាម​កាន់​ល្អ ឱ្យ​រុស្ស៊ី​សិក្សា​អំពី​លទ្ធភាព​ចូលធ្វើ​អន្តរាគមន៍​យោធា​ ​ ដើម្បី​រក្សា​សន្តិភាព​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​។ ​ តាម​ផ្លូវការ​ មាន​សំណាងតិច​ណាស់​ដែលរុស្ស៊ី​ព្រមឆ្លើយ​តប​ទៅនឹង​សំណើរបស់​ក្រុម​បះបោរ​នៅ​ភាគ​ខា​ង​កើត ! ប៉ុន្តែ​ ក្នុង​ពេល​ភ្លាមៗនេះ រុស្ស៊ី បាន​បញ្ចេញ​ប្រតិកម្ម ដោយ​សម្តែង​ការ​ខឹង​សម្បារ​ខ្លាំង បរិហារ​ការ​វាយ​ប្រហារ​នេះ ថា​ជា​ស្នាដៃ របស់​ពួក​ជ្រុលនិយម​អ៊ុយក្រែន។

 
នៅ​ព្រឹក​មិញ​នេះ​ទៀត លោក​ ប្រមុខ​ការទូត​រុស្ស៊ី បាន​ចោទ​ចំៗ ហេតុការណ៍​បាញ់​ប្រហារ​សម្លាប់​ជន​ស៊ីវិល​​ថា​ជា​ឧក្រិដ្ឋកម្ម ដែ​ល​រដ្ឋាភិបាល បណ្តោះ​អាសន្ន​អ៊ុយក្រែន​គ្មាន​សមត្ថភាព​ មិន​អាច​គ្រប់គ្រង​​ លើ​ពួក​ជ្រុលនិយម​បាន។ សមត្ថភាព​រដ្ឋាភិបាលក្រុង​គៀវ​ដែល​រុស្ស៊ី គ្មាន​ទំនុក​ចិត្ត និង​មិន​ទទួល​ស្គាល់​តាំង​ពី​ដំបូង​មក។ ឥឡូវ​ដូច​ការ​គិត​របស់​រុស្ស៊ី​មែន។ រុស្ស៊ី​តាំង​ពី​ដើម​មក​តែង​តែ​អះអាង​ជា​និច្ច​ថា​មិនចង់​ប្រើ​កម្លាំង​យោធា​ ចូល​ឈ្លានពាន ឬ​លូក​លាន់​ ធ្វើ​សង្គ្រាម​អ្វី​ នៅ​ភាគ​ខាង​កើត​​អ៊ុយក្រែន​ឡើយ។ ប៉ុន្តែ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ព្រមានទាមទារ​​​ឱ្យ​មាន​ការ​ ធានា​ គោរព​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ប្រជាជន​រុស្ស៊ី អ្នក​និយាយ​ភាសារុស្ស៊ី នៅ​អ៊ុយក្រែន បើ​មិន​ចង់​ឃើញ​ការ​ប្រើ​កម្លាំង​ទ័ព។

ការ​បាញ់​រះ ដែល​មាន​តុល្យការ​ចម្រូង​ចម្រាស

​ហេតុការណ៍​បាញ់​រះ​ នៅស្លាវីយ៉ង់​នេះ មាន​ចំណុច​ស្រពិច​ស្រពិល​ បង្កប់​ទៅ​ដោយ​​ព័ត៌មាន​ចម្រូង​ចម្រាស​ណាស់។ បើ​ស្តាប់​ខាង​ក្រុម​បះបោរ​ផ្តាច់​ខ្លួន​មាន​ស្លាប់​ដល់​ទៅ​៥​នាក់ តែ​បើ​ខាង​រដ្ឋាភិបាល​វិញ ថា​មាន​តែ​បី​នាក់​ទេ។ ចំណែក​ក្រុម​ភ្នាក់​ងារ​​សារព័ត៌មាន​បារាំង​ផ្នែក​ថត​រូប ឃើញ​មាន​សាក​សព​​សកម្មជន​គាំទ្រ​រុស្ស៊ី​ពីរ​នាក់ ដំកល់​លើ​ឡាន​។

សកម្មជន​គាំទ្រ​រុស្ស៊ី ដែល​ជា​អ្នក​គ្រប់គ្រង​តំបន់​ស្លាវីយ៉ង់ បាន​ជំរុញ​អ្នក​កាសែត​ឱ្យ​ទៅ​មើល​កន្លែង​ទុក​សព​និង​មន្ទីរ​ពេទ្យ ប៉ុន្តែមិនអាច​ផ្តល់​ភស្តុតាង​អ្វី​ច្រើន​ជាង​ក្រៅ​ពី​ខ្មោច​ឡាន​ឆេះ និង​សំបក​គ្រាប់​កាំភ្លើង ហើយ​បាន​ត្រឹម​តែ​បង្ហាញ​បណ្ណអត្តសញ្ញាណ​ ណែម​ខាតក្រហម-​ខ្មៅ របស់​ប្រមុខ​ចលនា​ជាតិ​និយម​ជ្រុល​អ៊ុយក្រែន និង​ ក្រដាស​ស្នាម​​អត្តសញ្ញាណ ព្រមទាំង​អាវុធ​ ផលិត​នៅ​បរទេស​ របស់​ក្រុម​ដែល​គេ​យល់​ថា​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​​បាញ់​រះ។ ពាក្យ​ចចាម​អារាម បំប៉ោង​បំភ្លៃ និងការឃោសនា​ផ្តល់​​ព័ត៌មាន​​ កំពុង​តែ​រីករាយដាល ស្ទើរ​ក្លាយ​ជា​សង្គ្រាម​ព័ត៌មាន ​បាន​ត្រឹមធ្វើ​ឱ្យ​ស្ថានភាព​កាន់​តែ​តាន​តឹង​ឡើង​ថែម​ទៀត​​ប៉ុណ្ណោះ។

ហេតុការណ៍​នៅ​ស្លាវីយ៉ង់ លេស​ដ៏​ប្រសើរ​​​សម្រាប់​រុស្ស៊ី ​​​ធ្វើ​អន្តរាគមន៍​​​នៅអ៊ុយក្រែន​ ?

ប៉ុន្តែ​មិន​ថា​ហេតុការណ៍​នេះ មាន​ប្រភព​យ៉ាងណា មក​ពី​ណា ឬ​ដោយ​ស្នាដៃ​នរណា​ គឺ​សុទ្ធ​តែ​ជា​ប្រយោជន៍​របស់​រុស្ស៊ី​ទាំង​អស់ ក្នុង​ការ​យក​មក​ប្រើ​ជា​លេស​សម្រាប់​ធ្វើ​អន្តរាគមន៍​ដោយ​ចំហ​ ក្នុង​វិបត្តិ​អ៊ុយក្រែន ដោយ​ឈរ​លើ​គោល​ការណ៍​ ការ​ពារ​ផល​ប្រយោជន៍ និង​អាយុជីវិត​បណ្តាជន​​មាន​ដើម​កំណើត​រុស្ស៊ី និង​និយាយ​ភាសា​រុស្ស៊ី។ យ៉ាង​ណា​មិញ​​ហេតុការណ៍​នៅ​ស្លាវីយ៉ង់ ដែល​រាលដាល​ដល់​ការ​បាត់​បង់​ជីវិត​មនុស្ស វា​រិត​តែ​ងាយ​ក្លាយ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​រុស្ស៊ី​ យក​ម​ក​ធ្វើ​ជា​សំអាង​ មក​ប្រើ​ជា​លេស​ ដើម្បី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ណាស់។
រុស្ស៊ី​ដែល​មាន​កង​ទ័ព​មក​ប្រមូល​ផ្តុំ​គ្នា​ជា​ស្រេច​នៅ​តាម​ព្រំដែន​អ៊ុយក្រែន និង​ដែល​សភា​បាន​ផ្តល់​សិទ្ធិ​រួច​ហើយដល់ប្រធានាធិបតី​ រង់ចាំ​តែ​ពាក្យ​​បញ្ជា​ឱ្យ​ទ័ព​ឱ្យ​ចេញ​ធ្វើ​ប្រតិបត្តិការ​ ឬ​អន្តរាគមន៍​ ជា​ការ​ស្រេច។ 


អនុប្រធានាធិបតី អាមេរិក ទៅដល់​​អ៊ុយក្រែន​ ក្នុង​បរិបទ​ហិង្សា​នៅ​ភាគ​ខាង​កើត

គោលដៅ​នៃ​ទស្សនកិច្ច ​របស់​លោក ជោ បៃដិន តំណាង​ជាន់​ខ្ពស់​អាមេរិក​នៅ​ក្រុង​គៀវ នេះ គឺ​ដើម្បី​បង្ហាញ​អំពី​ការ​គាំទ្រ​ឥត​ងាក​រេ របស់​អាមេរិក​ចំពោះ​រដ្ឋអំណាច​អ៊ុយក្រែន​បច្ចុប្បន្ន ដែល​កំពុង​ប្រឈម​នឹង​ការ​ចលនា​បះបោរ​ចង់​ផ្តាច់​ទឹក​ដី​នៅ​ភាគខាង​កើត​ប្រទេស​។ ក្រៅ​អំពីតម្លៃ​ជា​​និមិត្តរូប​ ទស្សនកិច្ច​របស់​លោក​អនុប្រធានាធិបតី​ ក៏​ជា​ឱកាស​មួយ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ និង​រង់ចាំ​របស់​ក្រុង​គៀវ។ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ព្រមព្រៀង​ជួយ​ជ្រោមជ្រែង​អ៊ុយក្រែន​ដែល​ស្ថិត​នៅ​មាត់​ច្រក​នៃ​ការ​ក្ស័យធន​ ក្នុង​ផ្នែក​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ផ្នែក​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដើម្បី​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ​នៅ ថ្ងៃទី ២៥​ឧសភា​ខាង​មុខ។ ប៉ុន្តែ​អ៊ុយក្រែន​មិន​សង្ឃឹម​​ទទួល​បាន​ជំនួយ​សម្ភារៈ​យោធា​អាវុធ​យុទ្ធភណ្ឌ​ឡើយ។

ប៉ុន្តែ​ដំណើរ​អញ្ជើញ​មក​ដល់​ក្រុង​គៀវ​របស់​លោក ជោ បៃដិន ទំនង​ជា​ ធ្វើ​ឱ្យម៉ូស្គូ កាន់​តែ​ក្តៅ​ក្រហាយ​ខ្លាំង​។ ព្រោះ​រុស្ស៊ី និង​អាមេរិក តែង​ចោទ​ប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ថា​​លូក​លាន់​កិច្ចការ​ផ្ទៃក្នុង​អ៊ុយក្រែន និង​គ្មាន​ចេតនា​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ចតុភាគី ចុះ​ហត្ថលេខា​នៅ​ក្រុង​ហ្សឺណែវ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទេ។ នៅ​ព្រឹក​មិញ​លោក​ពូទីន​បាន​ចុះ​ហត្ថលេខា​ដាក់​​ឱ្យ​មាន​សុពលភាព ច្បាប់​សុំ​សញ្ជាតិ​រុស្ស៊ី​ដល់​បណ្តា​ជន​​រស់​នៅ​ក្នុង​ប្រទេស​ជា​អតីត​សហភាព​សូវៀត។ ច្បាប់​ដែល​ត្រូវ​បាន​តាក់តែង​និង​ពន្លឿន​ឱ្យ​ឆាប់​ចេញ​តាំង​ពី​ផ្ទុះ​វិបត្តិ​ចាប់​គ្រីមេ​ជា​រណប​មក។

សម្រាប់​អាមេរិក រុស្ស៊ី​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង បញ្ឆេះ​ឱ្យមាន​វិបត្តិ​ហិង្សា​នៅ​អ៊ុយក្រែន និង​បង្ខំ​ឱ្យ​ម៉ូស្គូ​ដាក់​គំនាប​លើ​ក្រុម​បះបោរ​នៅ​ភាគ​ខាង​កើត​ទម្លាក់​អាវុធ គោរព​តាម​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ កាលពី​ថ្ងៃព្រហស្បតិ៍​ ! ឯ​រុស្ស៊ី​វិញ​បាន​បដិសេធ​ មិន​ព្រម​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​គោរព​កិច្ចព្រមព្រៀង​ម្នាក់​ឯងឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI