អានតួអត្ថបទ
អាមេរិក-អាស៊ី​អាគ្នេយ៍-​អង្គការរដ្ឋ​អ៊ីស្លាម

ប្រមុខ​ការទូត​អាមេរិក​ ជំរុញ​អាស៊ី​អាគ្នេយ៍​ឲ្យ​ប្រឹងប្រែង​ថែម​ទៀត​ ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម

លោកចន ឃែរី ប្រមុខ​ការ​ទូត​អាមេរិក​។
លោកចន ឃែរី ប្រមុខ​ការ​ទូត​អាមេរិក​។ Reuters/Brendan Smialowski/Pool
ដោយ៖ អ៊ឹម រចនា
1 នាទី

ប្រមុខ​ការទូត​អាមេរិក​ លោក​ចន ឃែរី​ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ចូលរួម​ពិធី​ស្បថ​ឡើង​កាន់​តំណែង​ របស់​ប្រធានាធិបតី​ថ្មី​ឥណ្ឌូនេស៊ី ​គឺ​លោក​ចូ​កូ វី​ដូដូ Joko Widodo។ ​វត្តមាន​ប្រមុខ​ការទូត​អាមេរិក​ នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ពេល​នេះ ​មាន​បំណង​សំខាន់​មួយ​ទៀត​ដែរ​ គឺ​ដើម្បី​ជំរុញ​ប្រជាជាតិ​ទាំង​១០​នេះ​ ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​ នៅ​ស៊ីរី និង​អ៊ីរ៉ាក់។

ផ្សាយពាណិជ្ជកម្ម

 

លោក​ច​ន ឃែ​រី ស្ថិតនៅ​ក្នុងចំណោម​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប ដែល​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ចា​កាតា ដើម្បី​ចូលរួម​ពិធី​ស្បថ​ឡើងកាន់តំណែង​រប​ស់លោក ចូ​កូ វី​ដូ​ដូ។ លោក​វី​ដូ​ដូ ជា​អតីត​អ្នក​នាំចេញ​គ្រឿង​សង្ហា​រឹម គ្មាន​ប្រវត្តិ​នៅក្នុង​វិស័យ​យោធា​និង​នយោបាយ ដែល​បាន​ជាប់ឆ្នោត​យ៉ាង​ប្រផិតប្រផើយ ក្លាយទៅជា​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ធំជាងគេ​ទី៣របស់​ពិភពលោក នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែកក្កដា​កន្លងទៅ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល១ថ្ងៃ ប្រមុខ​ការទូត​អាមេរិក នឹងចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ជា​ស៊េរី ជាមួយ​លោក​វី​ដូ​ដូ និង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អាស៊ាន​ផ្សេងទៀត ដូចជា នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី លោក​ណា​ជីព រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ដ្រី​សឹង្ហ​បុរី លោក​លី សៀន ឡង ព្រះមហាក្សត្រ​នៃ​ប្រទេស​ប្រ៊ុយណេ និង​ប្រមុខ​ការទូត​ហ្វីលីពីន លោក​អាល់​ប៊ឺ​ត រ៉ូ​ស្សារី​យ៉ូ ជាដើម។

យោងតាម​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​នៅ​អាស៊ី​អាគ្នេយ៍​នេះ លោក​ចន ឃែរី នឹង​ផ្តោត​ជាអាទិភាព​លើ​ការ​ជំរុញ​បណ្តា​ប្រទេស​ទាំងនេះ​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ប្រឆាំង​​នឹង​ការ​គម្រាមកំហែង​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត។ អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត ដែល​សហគមន៍​អន្ដរជាតិ​ព្រួយបារម្ភ​ថា អាច​ក្លាយទៅជា​កន្លែង​ប្រមូលផ្ដុំ​គ្នា​របស់​ពួក​ជ្រុល​និយម​នានា​នៅក្នុង​តំបន់។ សហគមន៍​អន្ដរជាតិ​ព្រួយបារម្ភ​ជាពិសេស​អំពី​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​មាន​ប្រជាជន​កាន់សាសនា​មូស្លីម​ច្រើនជាងគេបង្អស់​នៅលើ​ពិភពលោក និង​ដែលមាន​ពលរដ្ឋ​មិនតិច​រយ​នាក់​ទេ ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋ​អ៊ីស្លាម​កាលី​ហ្វា នៅ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី។

ក្រៅពី​បញ្ហា​រដ្ឋ​អ៊ីស្លាម សំណុំរឿង​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការ​រាតត្បាត​នៃ​មេរោគ​អេ​បូ​ឡា ក៏​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ