សុវត្ថិភាពអ្នកកាសែតគួរត្រូវបានធានា!
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃអាទិត្យទី២វិច្ឆិកាចុងសប្តាហ៍នេះគឺជាទិវាអន្តរជាតិប្រឆាំងនិទណ្ឌភាពចំពោះបទល្មើសទៅលើអ្នកកាសែត។ ទិវានេះក៏ជាពេលវេលាដែលត្រូវពិនិត្យមើលឡើងវិញអំពីសេរីភាពសារព័ត៌មាននិងលក្ខខណ្ឌការងាររបស់អ្នកកាសែតនៅក្នុងពិភពលោកក៏ដូចជានៅកម្ពុជាដែរ។ ស្ថានភាពនយោបាយតានតឹងរយៈពេលកន្លងទៅនេះក៏ជាពេលវេលាដ៏លំបាកសម្រាប់អ្នកកាសែត។ ក្រៅពីនោះ អ្នកកាសែតខ្មែរក៏បានរងគ្រោះជាបន្តបន្ទាប់ដោយសារ«ជនសង្គមងងឹត»មួយចំនួនក្នុងបរិបទដែលវប្បធម៌និទណ្ឌភាពនៅមានអត្ថិភាពនៅឡើយ។
អ្នកកាសែតត្រូវបានគេបាញ់សម្លាប់ក្នុងពេលបំពេញការងារ អ្នកកាសែតទទួលរងពាក្យបណ្តឹង អ្នកកាសែតរងការវាយដំ ឬរងការចាប់ខ្លួន... នៅតែជាបច្ចុប្បន្នភាពក្តៅគគុកនៅឡើយទាំងក្នុងបរិបទពិភពលោកក៏ដូចជានៅកម្ពុជាដែរ។ ចុងក្រោយនេះ មាននិន្នាការថ្មីពីរទៀតបានលេចឡើងគួរឲ្យកត់សម្គាល់៖ ទី១ គឺអ្នកកាសែតរងការវាយដំមិនរើសមុខពីសំណាក់កងសន្តិសុខបង្ក្រាបបាតុកម្ម។ និងទី២ គឺការរើសអើងទៅលើអ្នកកាសែតពីដោយសារតែនិន្នាការនយោបាយ។ កាលពីមុននេះធ្លាប់តែ អ្នកកាសែតដែលគាំទ្របក្សប្រឆាំងទទួលការរើសអើងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឬពីសំណាក់អ្នកមានសមានចិត្តទៅលើគណបក្សកាន់អំណាច។ ប៉ុន្តែ ឥឡូវនេះ ក៏លេចចេញនិន្នាការថ្មីមួយទៀតគឺអ្នកកាសែតដែលមាននិន្នាការលម្អៀងទៅរដ្ឋាភិបាលក៏ទទួលរងការរើសអើងពីសំណាក់អ្នកគាំទ្រគណបក្សប្រឆាំងដែរ។
ជាការពិតណាស់ នៅកម្ពុជា វិស័យសារព័ត៌មានកំពុងរីកដុះដាលយ៉ាងខ្លាំងរយៈពេលចុងក្រោយនេះទាំងបរិមាណនិងគុណភាពបើទោះបីជាបញ្ហាឯករាជ្យភាព និងវិជ្ជាជីវៈនៅតែជាចំណោទដ៏ធំមួយក៏ដោយ។ ក្រៅពីសារព័ត៌មានប្រពៃណីដូចជាកាសែត វិទ្យុ និងទូរទស្សន៍នោះ សារព័ត៌មានបែបថ្មី ( គេហទំព័រ និងបណ្តាញសង្គមនានា)ក៏កំពុងរីកដុះដាលណាស់ដែរ។ នេះជាផ្លែផ្កានៃលទ្ធិប្រជាធិបតេយ្យរយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ។
នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានត្រូវបានគេចាត់ទុកថាជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការជំរុញយន្តការប្រជាធិបតេយ្យឲ្យដើរទៅមុខ។ ប៉ុន្តែ ដើម្បីឲ្យសារព័ត៌មានអាចបំពេញតួនាទីដ៏សំខាន់នេះបានទាល់តែអ្នកកាសែតអាចបំពេញមុខនាទីរបស់ខ្លួនដោយពេញលេញនិងចៀសផុតពីការព្យាបាទគ្រប់រូបភាព។
មានមូលហេតុសំខាន់មួយចំនួនដែលធ្វើឲ្យអ្នកកាសែតទទួលរងគ្រោះក្នុងអាជីពរបស់ខ្លួន៖
មូលហេតុទី១ គឺដោយសារតែស្ថានការណ៍នយោបាយប្រែប្រួល។ ជាទូទៅ នៅពេលដែលមានវិបត្តិនយោបាយតានតឹង ស្ថានការណ៍ប្រទេសជាតិតែងតែចុះដុនដាបទាំងសេដ្ឋកិច្ច ទាំងការគោរពសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន។ ស្ថានភាពនេះហើយដែលធ្វើឲ្យការងារអ្នកកាសែតជួបឧបសគ្គ។
មូលហេតុទី២ គឺដោយសារតែទម្លាប់ចាត់ទុកអ្នកកាសែតថាជាបន្លាក្នុងកែវភ្នែកដែលត្រូវតែកម្ចាត់ទោះជាដោយរូបភាពណាក៏ដោយ។ អ្នកដែលមិនចូលចិត្តអ្នកកាសែតមានដូចជាជនពុករលួយ ឈ្មួញរកស៊ីខុសច្បាប់ឬអ្នកប្រព្រឹត្តមិនល្អផ្សេងៗទៀត។ និយាយជារួមគឺជនសង្គមងងឹតដែលស្អប់ទីភ្លឺ។
មូលហេតុទី៣ ទម្លាប់របស់អ្នកនយោបាយដែលតែងយកសារព័ត៌មានធ្វើជាឧបករណ៍បម្រើនយោបាយរបស់ខ្លួនក៏ជាបញ្ហាមួយដែរ។ បញ្ហានៅត្រង់ថា នៅពេលដែលឆាកនយោបាយពោរពេញដោយគំនុំសងសឹកយ៉ាងខ្លាំងនៅឡើយនោះ អ្នកកាសែតដែលធ្វើការឲ្យស្ថាប័នដែលមាននិន្នាការនយោបាយ ក៏អាចទទួលរងគ្រោះជំនួសអ្នកនយោបាយដែរ។
មូលហេតុទី៤ បញ្ហាវិជ្ជាជីវៈក៏មិនអាចមើលរំលងបានដែរ។ មានអ្នកខ្លះពាក់ស្លាកអ្នកកាសែតតែបែរជាប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈដោយយកអាជីពរបស់ខ្លួនទៅស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ បញ្ហានេះក៏មានចំណែកជះឥទ្ធិពលមិនល្អដល់ការងាររបស់អ្នកកាសែតដែរ។
ដូច្នេះ ដើម្បីឲ្យអ្នកកាសែតអាចបំពេញការងាររបស់ខ្លួនបានពេញលេញ ទាល់តែមូលហេតុទាំងនេះត្រូវបានដោះស្រាយ។ ជាបឋម អាជ្ញាធររដ្ឋាភិបាលត្រូវតែធានាសុវត្ថិភាពរបស់អ្នកកាសែតឲ្យបាន។ ការធានាអាចធ្វើឡើងតាមរយៈការចេញបទបញ្ជាតឹងរ៉ឹងដល់សមត្ថកិច្ចគ្រប់ប្រភេទកុំឲ្យប៉ះពាល់ដល់អ្នកកាសែត។ បើមានការបំពានកើតឡើង ការស៊ើបអង្កេតនិងឈានទៅផ្តន្ទាទោសត្រូវតែមានជាដាច់ខាតដើម្បីកុំឲ្យមានវប្បធម៌និទណ្ឌភាព។ ចំណែកអ្នកប្រកបអាជីពសារព័ត៌មានក៏ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ។ សារព័ត៌មានដែលគេចាត់ទុកជា«អំណាចទី៤»គួរត្រូវបានប្រើប្រាស់ដើម្បីប្រយោជន៍សង្គមឲ្យសមនឹងកេរ្តិ៍ឈ្មោះរបស់វា។
ក្នុងសង្គមប្រជាធិបតេយ្យ មនុស្សមិនអាចរស់នៅដោយខ្វះព័ត៌មានបានទេ។ ដូច្នេះ មានតែអ្នកកាសែតនេះហើយដែលដើរតួសំខាន់ក្នុងការចែកចាយព័ត៌មានដល់សាធារណជន។ ប៉ុន្តែ ដើម្បីឲ្យអ្នកកាសែតអាចបំពេញតួនាទីរបស់ខ្លួនបានពេញលេញទាល់តែពួកគេចៀសផុតពីការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព និងទាល់តែវប្បធម៌និទណ្ឌភាពត្រូវបានគាស់រំលើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ