អានតួអត្ថបទ
កម្ពុជា

លោក​កឹម សុខា ហៅ​លោកនាយក​រដ្ឋមន្ត្រី​ចេញ​ចរចា

លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះជាតិដែល​ដឹក​នាំ​បាតុកម្ម​​នៅថ្ងៃទី២៩ ធ្នូ ២០១៣។
លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះជាតិដែល​ដឹក​នាំ​បាតុកម្ម​​នៅថ្ងៃទី២៩ ធ្នូ ២០១៣។ @rfi/channa
ដោយ៖ ស៊ុន មេសា
១៥ នាទី

នៅ​ថ្ងៃអាទិត្យ​ទី២៩ធ្នូ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដង្ហែ​ក្បួន​បាតុកម្ម​មនុស្ស​រាប់​ម៉ឺន​​នាក់​របស់ខ្លួន​ដើម្បី​ទាមទារ​ឱ្យមាន​ការ​បោះឆ្នោត​ឡើងវិញ និង​ទាមទារ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ចុះ​ចេញពី​តំណែង។ ក្នុងអំឡុងពេល​ដង្ហែ​ក្បួន​ លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈរលើ​ក្បាល​ឡាន​ដឹកនាំ​ក្បួន​បាតុកម្ម បានប្រកាស​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចេញមក​ចរចា និង​ស្តាប់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ហៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចេញមក​ចរចា និង​ស្តាប់​ឆន្ទៈ​របស់​ពលរដ្ឋ។ កំពុង​ឈរលើ​ក្បាល​ឡាន​ដឹកនាំ​បាតុកម្ម​ប្រវែង៣គីឡូម៉ែត្រ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ  បានប្រកាស​តាម​ម៉េ​ក្រូ​ ហៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចេញមក​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​នាពេល​បច្ចុប្បន្ន។

ជាការ​ប្រកាស​ហៅ​លោកនាយក​រដ្ឋមន្ត្រីចំៗតែម្តង នៅ​ចំពោះមុខ​ក្រុមបាតុករ។ ស្ថិតក្នុង​សម្លៀក​អាវ​ស និង​ឈរ​នៅ​ខាងស្តាំ​ដៃ​របស់លោក សម រង្ស៊ី លោក កឹម សុខា បាន​បញ្ជាក់ថា​បាតុកម្ម​នៅ​ថ្ងៃទី២៩ធ្នូ​នេះ គឺជា​មហា​បាតុកម្ម​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាង​ខុសប្លែក​ជាង​រាល់ដង។

សូម​រំលឹកថា ក្នុង​មហា​បាតុកម្ម​ប្រវែង​បី​គីឡូម៉ែត្រ​នេះ ក្រៅពី​ក្បួន​បាតុកម្ម​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា​នោះ ក៏មានដែរ​ក្បួន​ឡាន​ដង្ហែ​ក្បួន​របស់លោក ម៉ម សុ​ណង់​ដូ ប្រធាន​វិទ្យុ​សម្បុកឃ្មុំ និង​ជា​ប្រធាន​សមាគម​​អ្នកប្រជាធិបតេយ្យ ដែល​បាន​ហែហម​តាម​ពីក្រោយ។

ក្នុងកំឡុងពេល​ក្បួន​បាតុកម្ម​ធ្វើដំណើរ​​តាមផ្លូវ​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ ដូចជា​មហាវិថី​មុនី​វង្ស និង​ផ្លូវ​ម៉ៅ​សេទុង​ជាដើម​នោះ ក្រុម​អ្នកចូលរួម​បាតុកម្ម​ដែល​ចូលរួម​ភាគច្រើន​ជា​យុវជន កម្មករ​​ និង​ពលរដ្ឋ​អ្នកស្រុក​ស្រែចំការ​ផង​នោះ បាន​ស្រែក​មិន​សំ​ចៃ​មាត់​ឡើយ ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ឡើងវិញ និង​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង។ ក្រៅពីនោះ ក្រុមបាតុករ បានលើកឡើង​ពី​បញ្ហា​សង្គម​នាពេល​បច្ចុប្បន្ន ហើយ​ទម្លាក់កំហុស​នៃ​ការទទួលខុសត្រូវ​ទាំងស្រុង​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ បញ្ហា​ទាំងនោះ​រួមមាន បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម បញ្ហាដីធ្លី និង​ធនធានធម្មជាតិ​ជាដើម។  

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី២៩ធ្នូ​ដែលជា​ថ្ងៃ​មហា​បាតុកម្ម​ដង្ហែ​តាម​ដងផ្លូវ​របស់​បក្ស​សង្គ្រោះ​ជាតិ​នោះ ស្ថាប័នរដ្ឋ​ចំនួន៨នៅ​ថ្ងៃអាទិត្យ​នេះ ក៏បាន​ប្រឈម​នឹង​បាតុកម្ម​ផងដែរ។ ស្ថាប័ន​ទាំងនោះ​រួមមាន ទី១ ទីស្តីការគណៈរដ្ឋមន្ត្រី ទី២ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទី៣ ក្រសួង​អប់រំ យុវជន និង​កីឡា ទី៤ ក្រសួង​ធម្មការ និង​សាសនា ទី៥ ក្រសួង​កិច្ចការនារី ទី៦ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ទី៧ សាលា​រាជធានី​ភ្នំពេញ និង​ទី៨ ធនាគារជាតិ​នៃ​កម្ពុជា៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ