លោក កឹម សុខា៖ ឆ្នាំថ្មី សង្គ្រោះជាតិមានយុទ្ធសាស្ត្រថ្មីតែគោលដៅចាស់
ក្រោយពីបានផ្អាកសកម្មភាពជួបសំណេះសំណាលជាមួយសកម្មជនមួយរយៈ បន្ទាប់ពីមានរឿងរ៉ាវមិនសមប្រកប កើតឡើងចំពោះបក្សប្រឆាំងជាបន្តបន្ទាប់ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានត្រលប់មកចូលរួមក្នុងវេទិកាសកម្មជនមូលដ្ឋាន ជាលើកដំបូងក្នុងឆ្នាំថ្មី ២០១៦នេះ កាលពីថ្ងៃអាទិត្យម្សិលមិញ នៅខេត្តព្រៃវែង។ ក្នុងសកម្មភាពពង្រឹងបក្សតាមមូលដ្ឋាននោះ លោកកឹម សុខា បានប្រាប់អ្នកគាំទ្រខ្លួនថា ឆ្នាំថ្មី គណបក្សសង្គ្រោះជាតិ បានត្រៀមយុទ្ធសាស្ត្រថ្មីចំនួន៧ចំនុច តែរក្សាគោលដៅចាស់ នៅដដែល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្លែងក្នុងវេទិកាសកម្មជនមូលដ្ឋាន ដើម្បីជួបថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន និងចលនាយុវជនគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង ប្រមាណ៥ពាន់នាក់ នៅថ្ងៃទី ១០មករា លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានរៀបរាប់ពីយុទ្ធសាស្ត្រវិមជ្ឈការ៧ចំនុច សម្រាប់ឆ្នាំថ្មី ក៏ដូចជាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោតសភា នៅឆ្នាំ ២០១៨។ ៧ចំនុចនោះ រួមមាន ការរៀបចំគោលនយោបាយ ពង្រឹងរចនាសម្ព័ន្ធតាំងពីថ្នាក់ក្រោមទៅ។ ពង្រឹងធនធានមនុស្សសម្រាប់ការឈរឈ្មោះ និងសង្កេតការណ៍។ ពង្រឹងទំនាក់ទំនងជាប្រចាំ តាំងពីថ្នាក់មូលដ្ឋានឡើងទៅ។ ពង្រឹងការផ្សព្វផ្សាយគ្រប់បណ្តាញឲ្យបានកាន់តែទូលំទូលាយ និងពង្រឹងការប្រជុំវាយតម្លៃសកម្មភាពជាទៀងទាត់។
លោកកឹម សុខា បានបន្តថា ទោះបីជាមានយុទ្ធសាស្ត្រថ្មី ប៉ុន្តែគោលដៅចាស់ គឺការផ្លាស់ប្តូររដ្ឋាភិបាល គឺនៅដដែល។ លើសពីនេះ លោកកឹម សុខា ក៏បានបញ្ជាក់ថា ឆ្នាំថ្មីនេះ លោកខ្លួនផ្ទាល់ នឹងមិនឈ្លោះ មិនឆ្លងឆ្លើយ ជាមួយនរណាម្នាក់នោះទេ។ ហើយលោក ក៏សំណូមពរឲ្យសកម្មជនថ្នាក់ដឹកនាំមូលដ្ឋាន ផ្តោតលើផែនការសកម្មភាព និងត្រូវចៀសវាងការឈ្លោះគ្នា ជាមួយបក្សផ្សេងផងដែរ។
គួរជម្រាបជូនថា ការចេញមុខជួបសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួននេះ អាចចាត់ទុកថា ជាសកម្មភាពលើកដំបូងក្នុងឆ្នាំ ២០១៦នេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានជួបភាពចម្រូងចម្រាសមួយចំនួន កាលពីឆ្នាំ ២០១៥ រួមមាន ការវាយដំ បង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ ២រូប របស់បក្ស គឺលោកញ៉យ ចំរើន និងលោកគង់ សភា។ ការដកតំណែងលោកកឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភា ហើយលោក សម រង្ស៊ី ប្រធានគណបក្ស ក៏ត្រូវបានដកអភ័យឯកសិទ្ធិពីរដ្ឋសភា និងកំពុងប្រឈមមុខ នឹងដីកាតុលាការ ជុំវិញរឿងបរិហាកេរ្តិ៍ បទចោទឃុបឃិតក្លែងឯកសារ និងរឿងរ៉ាវទាក់ទងនឹងព្រំដែន។
ការចេញមុខរបស់លោកកឹម សុខា ពេលនេះ ក៏ស្របពេលដែលគណបក្សប្រជាជនកម្ពុជា បានបើកធ្វើសន្និបាតពង្រឹងបក្សរយៈពេល ២ថ្ងៃ នៅទីក្រុងភ្នំពេញ។ តាមសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីវេទិកា នៅក្រុងព្រៃវែង ខេត្តព្រៃវែងនេះ លោកកឹម សុខា ក៏នឹងបន្តទៅខេត្តកំពង់ចាម នៅថ្ងៃទី ១៧មករា រួចទៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ មករា និងនៅខេត្តសៀមរាប នាថ្ងៃទី៣០ មករា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ