កម្ពុជា

លោក កឹម សុខា​៖​ការ​ប្រមូល​​ស្នាម​​មេដៃ​​មិន​​បង្ក​​អសណ្តាប់ធ្នាប់​​ឡើយ​​

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​ Siv Channa/RFI

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ លោក​ កឹម​ សុខា ​បាន​ថ្លែង​ថា សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ដើម្បី​ជំទាស់​លទ្ធផល​បោះឆ្នោត​​នោះ មិន​បាន​បង្ក​អសន្តិសុខ និងអសណ្តាប់​ធ្នាប់​ឡើយ។ លោក កឹម សុខា​ថ្លែង​យ៉ាង​នេះ បន្ទាប់​ពី​សាលារាជធានីភ្នំពេញ​សរសេរ​លិខិត​មួ​យទៅ​តំណាង​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ស្នើ​អោយ​គណបក្ស​នេះ​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​ទី​ស្នាក់ការ​គណបក្ស​ថ្នាក់ ​ខណ្ឌ សង្កាត់ ឬ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​វិញ ដើម្បី​ចៀសវាង​បាតុភាព​អសកម្ម​នានា​។

ផ្សាយពាណិជ្ជកម្ម

អភិបាល​​រង​រាជធានី​ភ្នំពេញ​ លោក ឃួង ស្រេង ​បាន​សរសេរ​លិខិត​ទៅ​កាន់​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ដើម្បីស្នើ​​អោយ​គណបក្ស​នេះ​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​នៅ​តាម​ទីស្នាក់ការ​គណបក្ស​ខ្លួន​ថ្នាក់​ខណ្ឌ​ សង្កាត់​ ឬ​ទីស្នាក់ការ​កណ្តាល​វិញ។

គោល​បំណង​របស់​សាលារាជធានី​​ គឺ​ដើម្បី​ចៀសវាង​បាតុភាព​អសកម្ម​នានា។ នៅ​ក្នុង​លិខិតចុះ​ថ្ងៃទី​៨​តុលា លោក​អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​រៀបរាប់​​ប្រាប់​តំណាង​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​ថា​ សកម្ម​ជន​គណបក្ស​នេះ​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​អ្នក​គាំទ្រ​នៅ​តាម​ទីផ្សារ​ ទី​សាធារណៈ​ និង​នៅ​តាម​គេហដ្ឋាន​ពលរដ្ឋ​ទៀតផង។ ហើយថា សកម្មភាព​ទាំង​នេះ បាន​បង្ក​អោយ​មាន​ការ​ប៉ះពាល់​ដល់​ការប្រកប​អាជីវកម្ម និង​សតិ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ បាត់​បង់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ពិសេស​ថា គណបក្ស​នេះ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

ហេតុ​ដូច្នេះហើយ លោកអភិបាលរង​សាលារាជធានីស្នើ​ អោយ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ក្រុង​ភ្នំពេញ ចាត់ចែង​អោយ​សកម្មជន​គណបក្ស ប្រមូល​យក​ស្នាម​មេដៃ​អ្នក​គាំទ្រ​នៅ​តាម​ទី​ស្នាក់​ការ​ខណ្ឌ សង្កាត់ ឬ​ទី​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​វិញ ដើម្បី​ចៀសវាង​បាតុភាព​អសកម្ម​នានាទាំងនោះ។

ប្រតិកម្ម​ទៅ​នឹង​សំណើ​របស់​អាជ្ញាធរ​រាជធានីភ្នំពេញ លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ថា សកម្មភាព​របស់​គណបក្ស​លោក​ទាក់ទង​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​នេះ មិន​បាន​បង្ក​អសណ្តាប់ធ្នាប់​ណាមួយ​ឡើយ ហើយ​លោក​ថា នេះ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​នោះទេ។

ចំពោះ​លោក​កឹម សុខា រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​រារាំង​សកម្មភាព​របស់​គណបក្ស​សង្គ្រោះជាតិរបស់​លោក ​តាម​រយៈ​ការ​មិន​អនុញ្ញាត​អោយ​ដង្ហែ​​ក្បួន​បាតុកម្ម​ជាដើម។

គណបក្ស​សង្គ្រោះជាតិ តាម​រយៈសេចក្តី​សម្រេច​នៃ​សមាជ​មហាជន​ កាល​ពី​ថ្ងៃទី​៦​តុលា​កន្លង​ទៅ បាន​សម្រេច​អោយ​សកម្មជន​របស់​ខ្លួន​ប្រមូល​ស្នាម​មេដៃ​អោយ​បាន​យ៉ាង​តិច​៣​លាន​នាក់ ដើម្បី​បង្ហាញ​អំពី​ការ​ជំទាស់​លទ្ធផល​បោះឆ្នោត​​នីតិកាល​ទី​៥​នេះ។ លោក​កឹម សុខា​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ការ​ប្រមូល​ស្នាម​មេដៃ​កំពុង​តែ​ប្រព្រឹត្តិទៅ​ ពិសេស​នៅ​ក្នុង​បណ្តា​ខេត្ត​ធំៗ​ទាំង​១៥ ​ដែល​មាន​អាសនៈ​រដ្ឋសភា​ច្រើន។ ប៉ុន្តែ​លោក​ថា ការ​ប្រមូល​ស្នាម​មេដៃ​នេះ​ត្រូវ​ធ្វើ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។

ចលនា​ប្រមូល​ស្នាម​ដៃ​របស់​គណបក្ស​សង្គ្រោះជាតិ​ កំពុង​ត្រូវ​គ្រប់គ្រង​ដោយ​លោក​ កឹម សុខា​នៅ​ក្នុង​ប្រទេស​ ខណៈ​លោក​សម រង្ស៊ី​​ ជា​ប្រធាន​គណបក្ស​បាន​ចេញ​ដំណើរ​ទៅកៀងគរ​ការ​គាំទ្រ​ពី​បរទេស​ នៅ​សហភាពអឺរ៉ុប អាមេរិក និង​អង្គការ​សហប្រជាជាតិ​ផង មិនអោយទទួល​ស្គាល់​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥នេះ​​ ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI