កម្ពុជា

លោក​កឹម សុខា នឹង​វិលត្រឡប់​ពី​អាមេរិក​វិញ​នៅ​សប្តាហ៍​ក្រោយ

លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​​គណបក្ស​សង្រ្គោះ​ជាតិ
លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​​គណបក្ស​សង្រ្គោះ​ជាតិ © សុវណ្ណារ៉ា

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិគ្រោងនឹង​វិលត្រឡប់​ពីសហរដ្ឋអាមេរិក​មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី​៤​ខែ​មិថុនាខាងមុខនេះ។ ​​ការវិល​ត្រឡប់​មកវិញនេះគ្រោងនឹងធ្វើ​ឡើង​ចំពេល​ដែល​ជនរងគ្រោះគុកទួលស្លែង​​ទទូចសុំ​អោយ​លោក កឹម សុខា សុំទោស​ពីរឿង​ដែល​លោកថ្លែងថា «ទួលស្លែង​គឺជា​គុក​សិប្បនិមិត្ត”។ ប៉ុន្តែ​គណបក្ស​សង្រ្គោះជាតិ​ថ្លែង​ដាច់អហង្កា​រថា លោក កឹម សុខា នឹង​មិនសុំទោសជាដាច់ខាត​ពីព្រោះ​លោកមិនបាន​និយាយ​ដូច​ការចោទ​នេះទេ។

ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​មាន​ចលនា​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​យ៉ាង​ណា​​ក៏​ដោយក្តី ក៏​លោក កឹម សុខា គ្រោង​នឹង​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​មក​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ខាងមុខនេះ។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក យឹម សុវណ្ណ បាន​បន្ត​ទៀត​ថា លោក កឹម សុខា មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​បាតុកម្ម​របស់​ជនរងគ្រោះ​គុក​ទួល​ស្លែង​ប្រឆាំង​នឹង​លោក​ទេ ​ពីព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។

លោក ជុំ ម៉ី អតីត​អ្នកទោស​គុក​ទួលស្លែង​បាន​ថ្លែង​ជា​ច្រើន​លើក​ច្រើន​សា​ថា លោក​ទាមទារ​អោយ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ​នៅ​គុក​ទួល​ស្លែង​ ចំពោះ​អ្វី​ដែល​លោក​បាន​ហៅ​ថា «ទួលស្លែង​គឺ​ជា​គុក​សិប្បនិមិត្ត»។ ប្រសិន​បើ​មិន​មាន​ការ​សុំទោស​ជាសាធារណៈទេ លោក ជុំ ម៉ី នឹង​ដឹកនាំ​បាតុកម្ម​នៅ​ក្នុង​គុក​ទួល​ស្លែង ​បន្ទាប់​មក​លោក​នឹង​ដង្ហែ​ក្បួន​បាតុកម្ម​ទៅ​កាន់​ទីស្នាក់​គណបក្ស​សង្រ្គោះជាតិ​​នៅ​ថ្ងៃ​ខាងមុខ​នេះ។

ចំពោះ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​ត្រូវ​បាន​ច្រាន​ចោល​​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ និង​លោក កឹម សុខា ខ្លួន​ឯង។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះជាតិ​បាន​បញ្ជាក់​ថា លោក កឹម សុខា មិនអាច​សុំទោសបានទេ ​ពីព្រោះ​លោក​ក៏ជាជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ម្នាក់​​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ​។ ម្យ៉ាងវិញទៀត លោក កឹម សុខា មិន​បាន​និយាយ​ដូច​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ថា លោក កឹម សុខា និយាយ​ថា ​«ទួល​ស្លែង​គឺជា​គុក​សិប្បនិមិត្ត»​ នោះ​ទេ។ បើយោង​តាម​មន្ត្រី​​គណបក្ស​ប្រឆាំង សម្តីរបស់​លោក កឹម សុខា អាចត្រូវ​បាន​គេកែច្នៃ។ ប៉ុន្តែ​ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ភស្តុតាង​ជាក់ស្តែង​ គឺ​ជា​សំឡេង​របស់​លោក កឹម សុខា។

ទាក់ទង​ទៅ​នឹង​ការ​ជជែក​គ្នា ​ជុំ​វិញ​សំឡេង​ខ្សែអាត់រ​បស់​លោក កឹម សុខា លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យល់ថា នេះ​គឺ​ជា​សំឡេង​របស់​លោក កឹម សុខា មែន។ ប៉ុន្តែ​លោក​ទាមទារ​​អោយ​អ្នក​ជំនាញ​សិក្សា​ពី​គោល​បំណង និង​ខ្លឹមសារ​​ដែល​លោក កឹម សុខា ​ចង់​និយាយ​នៅ​ក្នុង​ខ្សែរ​អាត់​នោះ។ ការ​ដកស្រង់​ផ្នែក​ណា​មួយ​នៃ​ឃ្លា​​យក​មក​បក​ស្រាយ​អាច​នាំ​អោយ​ប្រាស​ចាក​អត្ថន័យ​ដើម ដូច្នេះ ការ​សិក្សា​ទៅ​លើ​គោល​បំណង និង​ខ្លឹមសារ​នៃ​សំឡេង​គឺ​ជា​រឿង​ចាំបាច់​។

អ្នក​ជំនាញ​សំឡេង​ផ្សេង​ទៀត​បាន​អត្ថា​ធិប្បាយ​ថា ដើម្បី​អោយ​សាធារណជន​ជ្រះ​ស្រឡះ​នូវ​មន្ទិល​សង្ស័យ​ផ្សេង​ៗ​ទាក់ទង​ទៅ​នឹង​ការ​កែប្រែ​សំឡេង​ជា​ដើម​នោះ ការ​បង្កើត​ក្រុម​ជំនាញ​ដើម្បី​សិក្សា​សំឡេង​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI