ក្រុមភេរវជនជ្រុលនិយមអ៊ីស្លាមស្ហេបាប់ បង្កភេរវកម្មជាថ្មី នៅកេនយ៉ា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅកេនយ៉ា ក្រុមភេរវជនស្ហេបាប់ បានបង្កអំពើភេរវកម្មប្រឆាំងរដ្ឋាភិបាលកេនយ៉ាសាជាថ្មី។ ក្រុមស្ហេបាប់បានបាញ់សម្លាប់មនុស្ស នៅយប់ថ្ងៃចន្ទម្សិលមិញ នៅតាមបណ្តោយឆ្នេរទេសចរមហាសមុទ្រឥណ្ឌា សម្លាប់មនុស្សយ៉ាងហោច១៥នាក់។ ក្រុមស្ហេបាប់ទើបតែបានប្រកាសថា បានសម្លាប់មនុស្ស៤៩នាក់ កាលពីថ្ងៃអាទិត្យ នៅជិតកោះទេសចរ ភាគខាងត្បូងប្រទេស។ ក្រុមស្ហេបាប់ប្រកាសដាក់កេនយ៉ាជាតំបន់សង្គ្រាម និងបានគំរាមអ្នកទេសចរអោយចាកចេញពីកេនយ៉ា។
យោងតាមប៉ូលិសកេនយ៉ា យប់ថ្ងៃចន្ទម្សិលមិញ ឈានចូលព្រឹកថ្ងៃអង្គារនេះ បុរសប្រដាប់អាវុធជាច្រើនរូប បានចូលទៅសម្លាប់មនុស្សច្រើននាក់ នៅក្នុងភូមិមួយក្បែរឆ្នេរសមុទ្រ។ ក្រុមប្រដាប់អាវុធមានភិនភាគប្រហាក់ប្រហែលនឹងក្រុមកុម្ម៉ង់ដូ ដែលបានចូលទៅបង្កភេរវកម្មកាលពីថ្ងៃអាទិត្យ សម្លាប់មនុស្ស៤៩នាក់ នៅតំបន់ម៉ាពេកេតូនី ជិតជិតកោះទេសចរ ឡាមូ ភាគខាងកើតប្រទេស។
ក្រុមភេរវជនអ៊ីស្លាមនិយមជ្រុលស្ហេបាប់ បានប្រកាសថា ខ្លួនបានបង្កអំពើភេរវកម្មទាំង២នេះ។ សម្រាប់ភេរវកម្មយប់ថ្ងៃចន្ទម្សិលមិញ ក្រុមស្ហេបាប់ប្រាប់ថា បានសម្លាប់មនុស្ស២០នាក់ ភាគច្រើនជាប៉ូលិសនិងកងការពារព្រៃឈើ។ រីឯអំពើភេរវកម្មកាលពីថ្ងៃអាទិត្យ ត្រូវបានសាក្សីជាច្រើនប្រាប់ថា ក្រុមភេរវជនបានវាយប្រហារសំដៅលើអ្នកកាន់សាសនាគ្រិស្តតែម្តង។
គួររំលឹកថា ក្រុមស្ហេជាក្រុមអ៊ីស្លាមជ្រុលនិយម មានជាប់ពាក់ព័ន្ធជាមួយក្រុមអាល់កៃដា។ ក្រុមស្ហេបាប់ មានដើមកំណើតនៅសូម៉ាលី ចន្លោះឆ្នាំ២០០៣ដល់ឆ្នាំ ២០០៥។ ក្រុមនេះ ត្រូវបានគេចាប់អារម្មណ៍ខ្លាំងកាលពីខែកញ្ញាឆ្នាំ២០១៣ ដោយសារកាលណោះ ក្រុមស្ហេបាប់ បានវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្ម វេសហ្កេត ក្នុងទីក្រុងណៃរ៉ូប៊ី សម្លាប់មនុស្សយ៉ាងហោច៦៧នាក់។ ការវាយប្រហារក្រុងណៃរ៉ូប៊ី កាលពីខែកញ្ញា ឆ្នាំមុន គឺដើម្បីព្រមានរដ្ឋាភិបាលកេនយ៉ា អោយដកទ័ពចេញពីប្រទេសសូម៉ាលី បញ្ឈប់ការវាយប្រហារបំបែកក្រុមស្ហេបាប់តទៅទៀត។ ក្រុមស្ហេបាប់លើកឡើងថា ធ្វើភេរវកម្មដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលកេនយ៉ាដែលបានបង្ក្រាបអ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេស។
ក្រោយភេរវកម្មទាំង២នៅថ្ងៃអាទិត្យនិងថ្ងៃចន្ទម្សិលមិញ ក្រុមស្ហេបាប់បានអំពាវនាវអោយអ្នកទេសចរចាកចេញពីកេនយ៉ា និងបានប្រកាសបង្កការវាយប្រហារថ្មីៗនៅពេលខាងមុខទៀត។ ក្រុមភេរវជនបានដាក់ប្រទេសកេនយ៉ា ជាតំបន់សង្គ្រាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ