ប្រមុខការទូតអាមេរិក ចន ឃែររី ទស្សនកិច្ចក្រុងប៉េកាំង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃសុក្រនេះ ប្រមុខការទូតអាមេរិក ចន ឃែររី បានបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងប្រទេសចិន បន្ទាប់ពីបានជួបជាមួយមេដឹកនាំកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នៅក្រុងប៉េកាំង លោកចន ឃែររី ព្យាយាមអោយរដ្ឋាភិបាលចិនអះអាងបំភ្លឺអោយច្បាស់លាស់ ពីបញ្ហាទាក់ទងនឹងជម្លោះបូរណភាពដែនទឹកជាមួយជប៉ុន និងហ្វីលីពីន។
នៅថ្ងៃសុក្រនេះ ប្រធានាធិបតីចិន ស៊ី ជីនពីង និងរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានរាក់ទាក់ទទួលស្វាគមន៍ប្រមុខការទូតអាមេរិក ចន ឃែររី នៅទីក្រុងប៉េកាំង។ លោកឃែររី បំពេញទស្សនកិច្ចនៅចិន បន្តពីកូរ៉េខាងត្បូង ដើម្បីសុំអោយចិនបញ្ជាក់អះអាងអោយច្បាស់ឡើងវិញ នូវបញ្ហាទាក់ទងជម្លោះបូរណភាពដែនទឹក ជាមួយជប៉ុន និងហ្វីលីពីន។
គួររំលឹកថា ចិនទាមទារបូរណភាពដែនទឹកស្ទើរតែគ្រប់កន្លែងទាំងអស់ នៅសមុទ្រចិនខាងត្បូង ក្នុងនោះក៏មានតំបន់ជាច្រើន ដែលស្ថិតនៅឆ្ងាយពីឆ្នេរចិនផងដែរ។ យោងតាមអ្នកសង្កេតការនានា នៅទីនោះ ទាហានជើងទឹកចិន តែងដាក់សម្ពាធនៅជុំវិញបណ្តាកោះ ដែលហ្វីលីពីនបានទាមទារបូរណភាព។
ប្រមុខការទូតអាមេរិក ចន ឃែររី បានសុំអោយចិនបំភ្លឺបញ្ហានេះអោយច្បាស់ និងសុំអោយរដ្ឋាភិបាលចិនប្រុងប្រយ័ត្នផងដែរ ប្រសិនបើចង់ដាក់អោយមានតំបន់ការពារដែនអាកាសចិនថ្មីមួយទៀតនោះ ដើម្បីចៀសវាងភាពតានតឹងលើសពីនេះ។ កាលពីខែវិច្ឆិកា ឆ្នាំមុន ចិនបានប្រកាសបង្កើតតំបន់ការពារដែនអាកាស មានទីតាំងស្ថិតនៅមួយភាគសមុទ្រចិនខាងកើត។ តំបន់ការពារដែនអាកាសចិន មានបញ្ចូលកោះជម្លោះរវាងចិននិងជប៉ុនផងដែរ។ ប៉ុន្តែ ក្នុងទស្សនកិច្ចនៅក្រុងប៉េកាំងថ្ងៃសុក្រនេះ លោកចន ឃែររី មិនបានពិភាក្សាជាមួយមេដឹកនាំចិន ពីទំនាក់ទំនងរវាងចិននិងជប៉ុនទេ។ ចំពោះជម្លោះកោះសេនកាគូរវាងចិននិងជប៉ុន លោក ឃែររីបានរំលឹកឡើងវិញថា អាមេរិកនឹងធ្វើអន្តរាគមន៍ប្រសិនបើមានប្រទេសទីបីចូលវាយលុកទីនោះ។
លោក ឃែររី លើកឡើងថា ការជជែកគ្នារវាងលោក និងប្រធានាធិបតីស៊ី ជីនពីង មានលក្ខណៈស្ថាបនា និងវិជ្ជមានច្រើន។ ក្នុងការពិភាក្សាស្តីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង លោកឃែររី សង្ឃឹមថា ចិនដែលជាសម្ព័ន្ធមិត្តជិតដិតជាមួយក្រុងព្យុងយ៉ាង អាចបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងអោយបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបាន។ ដោយឡែក ប្រមុខការទូតអាមេរិកបានព្រមានថា អាមេរិកយល់ព្រមចរចាជាមួយកូរ៉េខាងជើង គឺពេលដែលកិច្ចចរចាជាកិច្ចចរចា សម្រេចចេញលទ្ធផលពិតប្រាកដតែប៉ុណ្ណោះ។
បន្ទាប់ពីចិន លោកឃែររី នឹងបន្តដំណើរទៅឥណ្ឌូណេស៊ី ហើយនឹងបញ្ចប់ទស្សនកិច្ចនៅប្រទេសអារ៉ាប់រួម ថ្ងៃ១៨កុម្ភៈសប្តាហ៍ក្រោយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ