មេធាវីការពារ ខៀវ សំផន វាយប្រហារខ្លាំងៗទៅលើសហព្រះរាជអាជ្ញា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងសវនាការបិទបញ្ចប់ការដេញដោលសំណុំរឿង ០០២វគ្គទី១ នាថ្ងៃសុក្រនេះ ក្រុមមេធាវីការពារឲ្យជនជាប់ចោទ ខៀវ សំផន បានបើកការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗទៅលើសហព្រះរាជអាជ្ញា ដែលបានសុំឲ្យតុលាការកាត់ទោសកូនក្តីរបស់ខ្លួន ដាក់ពន្ធនាគារមួយជីវិត។ ពួកគេបានចោទសហព្រះរាជអាជ្ញាថា បានប្រថុយប្រថានធ្វើយ៉ាងណាឲ្យតែជនជាប់ចោទជាប់ពន្ធនាគារដោយមិនគោរពវិធានជាមូលដ្ឋាននៃយុត្តិធម៌។
សវនាការសាលាក្តីខ្មែរក្រហមថ្ងៃនេះបានក្លាយជាទីលាននៃសង្គ្រាមពាក្យសម្តីដ៏ក្តៅគគុកមួយនៅពេលដែលមេធាវីការពារក្តីឲ្យលោកខៀវ សំផន បើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសហព្រះរាជអាជ្ញា។
សហមេធាវីអន្តរជាតិជនជាតិបារាំង លោក អាថឺ វែរកិន ( Athur Vecken) បានចំណាយពេលយ៉ាងច្រើនដើម្បីវាយប្រហារធ្ងន់ៗទៅលើសហព្រះរាជអាជ្ញាដែលបានសុំឲ្យតុលាការដាក់ទោសកូនក្តីរបស់ខ្លួនអស់មួយជីវិត។ មេធាវីបរទេសរូបនេះចំអកឲ្យសហព្រះរាជអាជ្ញាថា មិនមែនជាអ្នកអាជីព តែជាអ្នកទេសចរច្រើនជាង។
បើតាមមេធាវីជនជាតិបារាំងរូបនេះ សហព្រះរាជអាជ្ញាកំពុងប្រថុយប្រថាននិងប្រើយុទ្ធសាស្ត្រ កូម៉ង់ដូ ធ្វើយ៉ាងណាឲ្យតែបានដាក់ទោសទៅលើលោក ខៀវ សំផន ដោយពួកគេចាត់ទុកថា ជនជាប់ចោទមានទោសរួចទៅហើយ។ ផ្ទុយទៅវិញ លោកបានរិះគន់សហព្រះរាជអាជ្ញាថា មិនបានផ្អែកលើវិជ្ជាជីវៈ អង្គហេតុ និងអង្គច្បាប់ត្រឹមត្រូវទេ។
មេធាវីរូបនេះបានចោទសហព្រះរាជអាជ្ញាថាបានព្យាយាមសុំឲ្យចៅក្រមធ្វើរដ្ឋប្រហារវិធានយុត្តិធម៌របស់តុលាការ។ ការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗរបស់សហមេធាវីអន្តរជាតិការពារក្តីឲ្យលោក ខៀវ សំផន បានបង្ខំឲ្យលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមអន្តរាគមន៍ជាច្រើនលើកដោយព្រមានមេធាវីរូបនេះឲ្យគោរពក្រមសីលធម៌ និងចៀសវាងការវាយប្រហារទៅលើអ្នកដទៃ។
យ៉ាងណាក៏ដោយ លោកមេធាវី អាថឺ វែរកិន នៅតែបន្តការវាយប្រហារនិងរិះគន់ចៅក្រមតុលាការវិញថា បានបិទសិទ្ធិអ្នកការពារក្តីឲ្យជនជាប់ចោទ។ លោកបានបញ្ជាក់ជាចុងក្រោយថា តុលាការមិនមែនដើម្បីផ្សះផ្សារជាតិទេ តែដើម្បីផ្តល់យុត្តិធម៌ប្រកបដោយភស្តុតាងរឹងមាំ។ មេធាវីការពារក្តីឲ្យខៀវ សំផន មួយរូបទៀតគឺលោកស្រី អង់តា ហ្គីស្សេ ( Anta Guissé) ក៏បានស្នើសុំឲ្យតុលាការបំបាត់ចោលគំនិតបូរេវិនិច្ឆ័យដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដ។
មេធាវីជនជាតិខ្មែរ លោក គង់ សំអុន ក៏មិននៅស្ងៀមដែរ។ លោកបានងើបឡើងហើយអះអាងថា វត្តមានរបស់លោកក្នុងអង្គសវនាការពេលនេះគឺដើម្បីការពារសុភាពបុរសម្នាក់ដែលត្រូវគេលាបពណ៌ជាបិសាច។ លោក គង់ សំអុន បានពិពណ៌នាលោក ខៀវ សំផន ប្រមុខរដ្ឋនៃរបបខ្មែរក្រហមថាជាមនុស្សសុភាពរាបសារ ស្អាតស្អំ និងមានទឹកចិត្តមនុស្សធម៌ថែមទៀត។
សូមបញ្ជាក់ថា ក្រុមមេធាវីការពារក្តីឲ្យលោក ខៀវ សំផន មានរយៈពេលពីរថ្ងៃដើម្បីធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់សំណុំរឿង ០០២ វគ្គទី១ នេះដោយលើកភស្តុតាងនានាមកបញ្ជាក់ដើម្បីធ្វើយ៉ាងណាឲ្យកូនក្តីរបស់ខ្លួនរួចផុតពីការចោទប្រកាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ